ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ បានអនុញ្ញាតឱ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចំនួន ១០រូប ដឹកនាំដោយលោក ជ័យ ចាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យការតែងនិពន្ធរឿងអប់រំខ្លីៗ ក្នុងបណ្តាញសង្គម រឺក្នុង Tik Tok។
លោក ព្រីង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងាររបស់សមាគមអ្នកនិពន្ធខ្មែរ នាពេលកន្លងទៅ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើអ្វីដែលរាជរដ្ឋាភិបាល សម្រេចបាន។
លោកប្រធានសមាគម បានជម្រាបជូនសម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំរបស់សមាគម ក្រោមប្រធានបទ «ពានរង្វាន់ ៧មករា សន្តិភាព» ដែលគ្រោងធ្វើនៅពេលខាងមុខ។
លោកប្រធាន ក៏បានជម្រាបជូនសម្តេចតេជោ ពីគោលបំណងនៃការរៀបចំឲ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគត លើស្នាដៃតែងនិពន្ធ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសម្រេចនូវស្នាដៃមួយចំនួន នាពេលកន្លងមក។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរ ប៉ុន្តែសម្តេចស្នើឲ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។
សម្តេចតេជោ ក៏បានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យមើលលើការតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម រឺក្នុងតីកតុក ដែលមានផ្នែកខ្លះ ខុសពីសច្ចភាពរបស់សង្គម ខុសការពិត ធ្វើឲ្យប៉ះពាល់ដល់សង្គម។
សម្តេចតេជោ មានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួន ទៅបញ្ចេញ។
ក្នុងជំនួបនេះ សម្តេចតេជោ បានប្រកាស គាំទ្រឲ្យមានការប្រឡងតែងនិពន្ធ «ពានរង្វាន់ ៧មករា សន្តិភាព» និងគាំទ្រ ឲ្យមានការជួបជុំនៃ្នកនិពន្ធបណ្តាប្រទេសទន្លេមេគង្គ ព្រមទាំងគាំទ្រឲ្យមានទិវានៃអ្នកនិពន្ធ នាពេលខាងមុខ៕
















ចែករំលែកព័តមាននេះ