ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត Charles Yang៖ សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវ​សន្តិភាព​ពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ…

ភ្នំពេញ៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួន ដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។

លោកបណ្ឌិត Charles Yang បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ​សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការ​គួរសម និងបានប្រគល់លិខិតអបអរសាទររបស់លោកស្រីបណ្ឌិត Hak Ja Han Moon ស្ថាបនិកអង្គការ UPF ជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Charles Yang ក៏បានធ្វើការកោតសរសើរចំពោះលទ្ធផលនៃដំណើរការ​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា ដោយបានប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងាររបស់អង្គការ UPF ដែលបានបំពេញកន្លងមក ពាក់ព័ន្ធនឹងការសម្របសម្រួល និងរក្សាសន្តិភាពសកល និងបានស្នើសុំការគាំទ្រពីសំណាក់ សម្តេចធិបតី ចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការ UPF ផងដែរ ។

លើសពីនេះ ក្រោយពីបានទស្សនាវិមានឈ្នះឈ្នះ លោកបណ្ឌិត ក៏បានសម្តែងនូវកោតសរសើរ​ប្រកប​ដោយក្តីស្ញប់ស្ញែង ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព​ពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយដែលគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនដែលកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងស្វាគមន៍ចំពោះលោកបណ្ឌិត Charles Yang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត ដោយនេះ គឺជាឱកាសក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និងអង្គការ UPF។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណអង្គការ UPF ដែលបានបញ្ជូនគណៈប្រតិភូចំនួន ១១៥ នាក់ មកពី ៣០ ប្រទេស មកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ក៏ដូចជាបានផ្ញើលិខិតអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងចំពោះចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​របស់​សម្តេចធិបតី​។

ក្នុងជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការ UPF ដែលអាចចាត់ទុកថា ជាស្ពាននៅក្នុងការសម្របសម្រួលបញ្ហាជម្លោះរវាងរដ្ឋ និងរដ្ឋ ដើម្បីឈានទៅរកដំណោះស្រាយ​ដោយសន្តិវិធី និងបានបញ្ជាក់អំពីការចូលរួមចំណែកគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ “ធម្មនុញ្ញសន្តិភាពសកល” របស់អង្គការ UPF ផងដែរ ខណៈដែលកម្ពុជា និងអង្គការ UPF មានគោលដៅរួមតែមួយ គឺការកសាងនូវសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គម​។

ជាចុងក្រោយ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអង្គការ UPF ដែលបានជួយឧបត្ថម្ភ​សម្ភារ​បរិក្ខារពេទ្យ​ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានបង្ហាញនូវក្តីសង្ឃឹមថា អង្គការ UPF នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវសកម្មភាព​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត នៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ