រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមលើកកម្ពស់វិស័យកម្ម នៅតាមមូលដ្ឋានឲ្យកាន់តែខ្លាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់យុវជន ដែលប្រឡងជាប់ជំនាញកសិកម្ម នៅតាមឃុំ-សង្កាត់ រួចរាល់ហើយ ត្រូវប្រើបេះដូងមកធ្វើការ ដោយខិតខំប្រឹងប្រែងយកជំនាញរបស់ខ្លួនទៅជួយដល់កសិករ ។
ថ្លែងក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានបេក្ខជនប្រមាណជិត ១ម៉ឺននាក់ បានដាក់ពាក្យប្រឡងជាមន្ត្រីជំនាញកសិកម្ម នៅតាមឃុំ-សង្កាត់ ខណៈគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកត្រឹមតែចំនួន ២៥០នាក់ប៉ុណ្ណោះ ។
សម្ដេចធិបតី បានលើកឡើងថា សម្តេចក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកទូលាយសម្រាប់ការប្រឡងនេះ សំដៅធានាឱ្យបានតម្លាភាព យុត្តិធម៌ សុក្រឹត្យភាព និងប្រកប ដោយគុណភាព ដោយផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈពិតប្រាកដលើកិច្ចការនេះ ។
លើសនេះ សម្ដេចធិបតី បានអំពាវនាវដល់និស្សិត ដែលបានដាក់ពាក្យប្រឡងជាប់ ហើយក្នុងការជ្រើរើសមន្ដ្រីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ ចំនួន ២៥០នាក់ នោះ សូមបំពេញភារកិច្ចដោយយកបេះដូងមកធ្វើការងារ ដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរ សម្ដេចបានគូសបញ្ជាក់ថា ៖ «ខ្ញុំ សូមអំពាវនាវដល់បងប្អូន ដែលដាក់ពាក្យទាំងអស់ នៅពេលប្រឡងជាប់ហើយ ទទួលបានហើយ សូមបំពេញភារកិច្ច ដោយបេះដូងមូល ដើម្បីជួយកសិករ។ យើងយកក្របខណ្ឌ មិនមែនយក ដើម្បីបានប្រាក់ខែ ដើម្បីបានក្របខណ្ឌនោះទេ យើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយដល់កសិកររបស់យើង និងកសិកម្មរបស់យើង» ។
ឆ្លៀតឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រដល់ផលិត ផលផលិតក្នុងស្រុក ពិសេសផលិតផលកសិកម្ម ។
សម្តេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស បើផលិតហើយអត់មានទីផ្សារលក់ យើងពិបាក អញ្ចឹងសម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង» ៕



















ចែករំលែកព័តមាននេះ