រាជធានីភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុង ការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី សំដៅឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ។
មានប្រសាសន៍ក្នុងវេទិការជាតិ ស្តីពី ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ «ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ» នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា រដ្ឋសភាបានអនុម័តច្បាប់ ដែលមានលក្ខណៈ ទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្ត្រី ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភា បានកំពុងជំរុញយ៉ាងខ្លាំង នូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ Girl 2 leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។
ដោយឡែក ក្នុងអាណត្តិទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្ត នូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្ត្រី ដោយសម្តេចបានសង្កត់ធ្ងន់ថា ៖ «ពិភពលោក នឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន» ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះ បានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។
ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្ត្រី ក្នុងវិស័យនយោបាយ និងសាធារណៈ ។
យោងតាមរបាយការណ៍វឌ្ឍនភាព ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៣ បានបង្ហាញថា ស្ត្រីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ មានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ ៣៥,៥%ប៉ុណ្ណោះ នៅទូទាំងសកលលោក ។
ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី៧នេះ តំណាងស្ត្រីនៅក្នុងតំណែងថ្នាក់ដឹកនាំ កំពូលដែលសមាជិកព្រឹទ្ធសភាជាស្ត្រី មានអត្រាកើនឡើងប្រមាណពី ១៤,៧៥% ដល់១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្ត្រីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦%វិញ ។
ចំណែកអត្រាស្ត្រី នៅក្នុងស្ថាប័ននីតិប្រតិបត្តិ នៅហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ១៥%។ ចំនួនស្ត្រីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការចូលរួមរបស់ស្ត្រី នៅថ្នាក់មេឃុំ/ចៅសង្កាត់និង សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០នាក់ (ប្រមាណ ៨%) ដល់ ១៧៦នាក់ (ប្រមាណជា១១%) ក្នុងអាណត្តិទី៥ ពីឆ្នាំ២០២២-២០២៧ ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០ ក្នុងពិភពលោក ដែលសម្រេចគោលដៅអភិវឌ្ឍសហស្សរ៍លើសុខភាពមាតា ដែលក្នុងនោះអត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៧២ក្នុងឆ្នាំ២០០៥ ដល់១៥៤ នៅក្នុងចំណោម១សែនកំណើតរស់នៅឆ្នាំ២០២២។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ កម្ពុជាមានលំដាប់លេខ៤១ ក្នុងចំនោម១៤៦ប្រទេស ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយស្ត្រី នៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់ ។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជារួមស្ត្រីកម្ពុជា ផ្តល់តម្លៃ និងទទួល ស្គាល់នៅសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែរក្សាសុវត្ថិភាព និងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហានស្ត្រី ក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។
ក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការវិវឌ្ឍនេះសបញ្ជាក់ឲ្យឃើញថា នៅកម្ពុជាទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី សំដៅឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងចក្ខុវិស័យ ឆ្នាំ២០៣០និង ២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ចជាពិសេសលើស្ត្រី និងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងសង្គ្រាម កើតឡើងនៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជាដើម ។
ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា ការពង្រឹងអភិបាលកិច្ច ដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។ ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា។ ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់បំផុត ក្នុងការ អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាពយេនឌ័រ នៅគ្រប់កម្រិត តាមរយៈការតាក់តែងគោលនយោបាយ និងច្បាប់ ដែលឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្ត្រី ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាព នៃជីវិតជាដើម ៕
ចែករំលែកព័តមាននេះ