ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ រាជរដ្ឋាភិបាល តែងតែ​គិត​ពី​តុល្យភាព​រវាង​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល តែងតែ​គិត​ពី​តុល្យភាព​រវាង​អ្នក​ប្រើប្រាស់ និង​អ្នក​ផលិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល តែងតែ​គិត​ពី​តុល្យភាព​រវាង​អ្នក​ប្រើប្រាស់ និង​អ្នក​ផលិត ចំពោះ​ការ​ផលិតកម្ម​កសិកម្ម នៅ​ក្នុង​ប្រទេស ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​គោលនយោបាយ អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ថា នៅ​ពេល​តម្លៃ​ស្រូវ​មាន​តម្លៃ ហើយ​ផ្គួប​ផ្សំ នៃ​តម្លៃ​វត្ថុ​ធាតុ ដើម​ធ្លាក់​ចុះ​ដូច​ជា ជី ថ្នាំ​កសិកម្ម មួយ​ចំនួន​នោះ អ៊ីចឹង គឺ​ធ្វើ​ឲ្យ​កសិករ​រក​ចំណូល​បាន ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖ «​អ៊ីចឹង រាជរដ្ឋាភិបាល​តែងតែ​គិត​ពី​តុល្យភាព​រវាង​អ្នក​ប្រើប្រាស់ និង​អ្នក​ផលិត​។ បើ​អ្នក​ផលិត​តម្លៃ​ខ្ពស់​ល្អ​ហើយ ប៉ុន្តែ​នៅ​ពេល​លក់​អ្នក​ប្រើប្រាស់ ថា​ថ្លៃ​ក៏​មិនកើត អ៊ីចឹង​ត្រូវ​គិត​ពី​អតិផរណា ចឹ​ង​យើង​ត្រូវ​គិត​ពី​គម្លាត​ថា ផល​ទី​១ ចូល​ទៅ​កសិករ​ឲ្យ​បាន​ច្រើន​។ និង​ទី​២ រក្សា​លំនឹង​តម្លៃ​នៅ​ក្នុង​ទីផ្សារ សម្រាប់​ផលិតផល​» ។

សម្តេច​ធិ​បតី បាន​បន្ត​ថា វា​មិន​សំខាន់​លើក​តម្លៃ​លក់​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ថា តើ​កសិករ​នៅ​លក់​គ្រប់ ឬទេ ។

សម្តេច​ធិ​បតី បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ ក្នុង​ការ​ដាក់​ចេញ នូវ​គោលនយោបាយ​អនុគ្រោះ គឺ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​តម្លៃ ដើម្បី​មានការ​ប្រកួតប្រជែង​ហើយ រក្សា​តម្លៃ ។

សម្តេច​បញ្ជាក់​ថា ៖ «​បើសិន​តម្លៃ​លក់ កាន់តែ​ច្រើន ចំណូល​កាន់តែ​ច្រើន ហើយ​តម្លៃ​ទាប​ក្នុង​ការ​ផលិត​រួម​នឹង​ការ​ខិតខំ​ក្នុង​ការ​កាត់​បន្ថយ តម្លៃ​ដឹក​ជញ្ជូន​របស់​យើង ខ្ញុំ​គិត​ថា អាច​ធ្វើ​ឲ្យ​តម្លៃ​កសិផល​របស់​យើង កាន់តែ​ប្រកួតប្រជែង នឹង​ផល​ទទួល​បាន​លើ​កសិករ​» ។

ជាមួយ​គ្នា​នោះ​ដែរ ទាក់ទង​នឹង​តម្លៃ​កសិកម្ម​នេះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​តែងតែ​គិតដល់​ប្រជា​កសិករ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​កសិក ទទួល​បាន​ផល​ទាំងអស់​។ ក្នុង​នោះ គោលដៅ​អាទិភាព គឺ​ធ្វើ​យ៉ាងណា ចែក​ផល​លាប​ទៅ​ដល់​ប្រជាពលរដ្ឋ ក្នុង​វិស័យ​កសិកម្ម គឺ​ដល់​ប្រជា​កសិករ តែ​ម្តង ។

សម្តេច​ធិ​បតី ក៏​បាន​បន្ថែម​ថា ប្រជា​កសិករ​សុទ្ធ តែ​ចង់បាន​តម្លៃ​អង្ក​ខ្ពស់​(​ថ្លៃ​) ចំណែក​អ្នក​ហូប​វិញ ថា​កុំ​ឲ្យ​ថ្លៃ​ពេក អ៊ីចឹង​តុល្យភាព​នេះ​បាន​ខិតខំ​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​ធានា​ឲ្យ​មាន​តុល្យភាព​គ្នា ។

សម្តេច​ធិ​បតី បន្ថែម​ទៀត​ថា ចំពោះ​អតិផរណា នៃ​តម្លៃ​ទំនិញ គឺជា​រឿង​សំខាន់​ណាស់ ដោយ​តម្លៃ​បាន​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ត្រូវ​តែ​ធ្វើការ​រាយការណ៍ ទៅ​សម្តេច​ជា​រៀងរាល់ថ្ងៃ ថា​ឡើយ ឬ​ចុះ​យ៉ាងដូចម្តេច​ ?

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង បើសិន​ប្រាក់ខែ​កម្មករ មន្ត្រីរាជការ​ឡើង តែបើ​ទំនិញ​ឡើងថ្លៃ​ទៀត គឺ​ដដែល ដូច្នេះ​សុខចិត្ត​កុំ​ឡើង​ល្អ​ជាង ដោយ​ទុក​ឲ្យ​នៅ​ដដែល ៕

អត្ថបទសរសេរ ដោយ