ក្រុមវាយតម្លៃរបស់ឥណ្ឌូណេស៊ីគ្រោងនឹងមកកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខនេះ ។ នេះបើយោងតាមលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២១ ឧសភា ២០១១ បន្ទាប់ពីលោក និងគណៈប្រតិភូបានវិលត្រឡប់ពីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៥ ដែលប្រារព្ធធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីតាំងពីថ្ងៃទី១៨ ឧសភា នោះរួចមក ។
ទាក់ទងនឹងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិថៃ លោកប្រាវីដ វង្សសុវ៉ាន់ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននោះ លោកទៀ បាញ់ បានបញ្ជាក់ឱ្យដឹងថា លោកប្រាវីត វង្សសុវ៉ាន់ បានស្នើឱ្យឥណ្ឌូណេស៊ី បញ្ជូនក្រុមវាយតម្លៃមកកាន់តំបន់ព្រំដែនប្រទេសទាំង២ ដើម្បីឈានទៅដល់កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ ។
សូមបញ្ជាក់ថា បើតាមគេហទំព័រហ្សាការតា ប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃទី១៩ ឧសភា ២០១១ បានឱ្យដឹងថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ រយៈពេលជាតិ១ម៉ោងកាលពីល្ងាចថ្ងៃទី១៨ ឧសភា កន្លងមកនេះ បានបង្ហាញថា ពុំបានទទួលលទ្ធផលអ្វីជាដុំកំភួននោះទេ ដោយគ្រាន់តែរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានសន្យារកវិធីដោះស្រាយយ៉ាងណា ដើម្បីធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពឡើងវិញតែប៉ុណ្ណោះ ។
ប៉ុន្តែបើតាមអគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌូណេស៊ី លោកអេរីស ហេរី យ៉ាន់តូ បានថ្លែងប្រាប់អ្នកកាសែតហ្សាការតាប៉ុស្តិ៍នៅក្រោយជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃនោះដែរថា ជំនួបនេះមានការវិវត្តន៍ដ៏សំខាន់ ប៉ុន្តែថា ភាគីទាំងពីរមិនបាននិយាយពីការដកកងទ័ពចេញពីប្រាសាទព្រះវិហារនោះទេ ៕
ចែករំលែកព័តមាននេះ