រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រាដែលប្រទេសជាច្រើនកំពុងជួបវិបត្តិស្បៀង នៅពេលជំងឺកូវីដ-១៩ រាតត្បាត និងវិបត្តិសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ជាដើមនោះ បែរជាប្រទេសកម្ពុជា ធានាបាននូវសន្តិសុខស្បៀង ។
ថ្លែងក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា ៖ «អំឡុងពេល ពិភពលោកកំពុងប្រឈមនឹងវិបត្តិ ស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាន នូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានផលកសិកម្ម និងបាននាំចេញជាង ៦លានតោន ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣» ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បានគូសបញ្ជាក់ថា ផ្ទុយទៅវិញ ខណៈប្រទេសជាច្រើន កំពុងជួបវិបត្តិនេះ (សន្ដិសុខស្បៀង) កម្ពុជាយើងធានាបាន នូវសន្ដិសុខស្បៀង មិនត្រឹមតែធានាសន្ដិសុខស្បៀងក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែយើងបាននាំចេញ នៃការផលិតកសិ កម្មនាំចេញ ៦,២លានតោន ក្នុងរយៈពេល ១០ខែ កន្លងមក ទាំងនេះសបញ្ជាក់ឱ្យឃើញពីការដឹកនាំ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ដថា ការបញ្ចប់សង្គ្រាម និងការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការជំរុញគោលនយោបាយលើកទឹកចិត្តផ្សេងៗ ការមិនយកពន្ធដី ការមិនយកពន្ធសម្ភារផ្សេងៗ ក្នុងវិស័យកសិកម្ម និងការជួយអនុគ្រោះ លើកទឹកចិត្តជាច្រើនរបស់រាជរដ្ឋាភិបាល បានដាក់ចេញ គឺបានផល ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវនាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។ តម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១,០០០ ទៅ ១,៣០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១,០០០រៀលតែប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បានគូសបញ្ជាក់ទៀតថា ៖ «ហើយឆ្នាំនេះផងដែរ ខ្ញុំក៏សូមអបអរសាទរដល់ប្រជាកសិកររបស់យើង ដោយសារស្រូវឆ្នាំនេះតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ តាមរបាយការណ៍ដូចមួយគីឡូពី ១,០០០ ទៅ ១,៣០០រៀល បើយើងប្រៀបធៀបពីមុនដូច ៨០០ ទៅ ១,០០០រៀល ហើយគូបផ្សំនឹងការធ្លាក់ចុះ ថយចុះនៃតម្លៃវត្ថុធាតុដើមមួយចំនួន ដូចជាជី ដូចជាថ្នាំកសិកម្មមួយចំនួន» ។
ជាមួយគ្នានោះដែរសម្ដេចធិបតី បានថ្លែងគាំទ្រគោលការណ៍ដែលរដ្ឋមន្ត្រីក្រសួង កិសកម្មលើកឡើង ដើម្បីជំរុញវិស័យកសិកម្ម មានដូចជា ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សម្ដេចធិបតី បានមានប្រសាសន៍ថា ជាការពិតណាស់ទីផ្សារខាងក្រៅ យើងខិតខំចរចានៅក្នុងការបើក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជាកម្មសេរីផ្សេងៗ ខណៈនៅក្នុងពិភពលោកមានច្រើនប្រទេសណាស់ ដែលប្រកួតប្រជែងជាមួយកម្ពុជាលើវិស័យកសិកម្ម ។
សម្តេចធិបតី បានបញ្ជាក់ថា ៖ «មិនមែននៅស្ងៀមៗប្រទេសទាំងអស់ទិញផលិតផលពីប្រទេសកម្ពុជានោះទេ ចឹងវាធានានៅគោលនយោបាយរបស់យើងនៅក្នុងការទំនាក់ទំនង និងគុណភាពកសិកម្មរបស់យើងនៅក្នុងការប្រកួតប្រជែង» ។
បើតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការដាំដុះស្រូវសម្រេចបានជាង ៣,៦លានហិចតា និងទទួលបានទិន្នផល ៦,២លានតោន ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានទិន្នផលជាង ៦,៣លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្ម នៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦,២លានតោន គិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស។ ការនាំចេញអង្ករសម្រេចបានជាង ៥២ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៥៨លានដុល្លារ រួមទាំងការនាំចេញទៅប្រទេស ឥណ្ឌូនេស៊ីដែលជាគោលដៅថ្មី និងជាលទ្ធផលដ៏ត្រចះ ត្រចង់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ