រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់សង្ស័យថា ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯង បណ្ដាលឱ្យរងរបួសធ្ងន់ ប៉ុន្តែខណៈពេលសមត្ថកិច្ចចុះទៅសួរនាំ បែរជាបុរសរូបនេះប្រាប់ថា ត្រូវគេវា.យទៅវិញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ យ៉ន ស៊ិនហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអូរដឹម ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតភូមិពងទឹក ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2FP-9727 បើកបរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង។ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅផ្នែកខាងស្តាំចិញ្ចើមផ្លូវ ហើយដួលម៉ូតូបោ.កទៅនឹងឃឿនចិញ្ចើមផ្លូវតែម្ដង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងក្អួតប្រឡាក់សម្លៀកបំពាក់ផងដែរ។

ប្រភពដដែលបន្តថា ខណៈពេលជនរងគ្រោះដួលម៉ូតូនៅកណ្តាលផ្លូវនោះ គឺម៉ូតូជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋលើកដាក់អែបខាង ដើម្បីការពារខ្លាចរថយន្តបុ.កបន្ថែម។ ហើយពេលភ្លាមៗនោះដែរ ក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះមកដល់ចំណុចកើតហេតុ បន្ទាប់មកសមត្ថកិច្ចក៏បានសួរនាំជនរងគ្រោះ ដោយជនរងគ្រោះនិយាយប្រាប់ថា «គាត់ ខណៈពេលជិះម៉ូតូនោះត្រូវគេវា.យ»។ លុះពេលសមត្ថកិច្ចសួរបញ្ជាក់បន្ថែមទៀត ជនរងគ្រោះក៏និយាយប្រាប់ថា «គាត់អត់ច្បាស់ដែរ» រួចក៏សន្លប់ស្តូ.កស្តឹ.ងតែម្តង។

បន្ទាប់ពីសមត្ថកិច្ចនគរបាលមកដល់ឃើញជនរងគ្រោះរងរបួសធ្ងន់ផងនោះ កម្លាំងនគរបាលប៉ុស្តិ៍ក៏បានទាក់ទងទៅរថយន្តសង្គ្រោះ ដើម្បីយកជនរងគ្រោះទៅព្យាបាល ស្រាប់តែឃើញរថយន្ដសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានជួយសង្គ្រោះបឋម និងដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈទៅ។ ចំណែកម៉ូតូជនរងគ្រោះវិញ ត្រូវបាននគរបាលប៉ុស្តិ៍ទាក់ទងទៅផ្នែកជំនាញ ហើយយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីប្រគល់អោយក្រុមគ្រួសារជនរងគ្រោះវិញ៕
ចែករំលែកព័តមាននេះ