រាជធានីភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះលក់និងបញ្ចូលហ្គាសស្ទើរទាំងស្រុង ក្រោយម្ចាស់ផ្ទះចាក់សោចេញទៅក្រៅបាត់ ។ អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខ១៨ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អគ្គិភ័យបានលេបត្របាក់ផ្ទះលក់ហ្គាស និងបញ្ចូលរបស់ម្ចាស់ផ្ទះឈ្មោះ ជា ប៉ូឡាយ ភេទប្រុស មានប្រពន្ធឈ្មោះ អ៊ឹម សុខណា មុខរបរលក់ហ្គាស និងបញ្ចូលហ្គាសនៅចំណុចផ្ទះកើតហេតុ ។ បើតាមប្រភពព័ត៌មានបានពីប្រជាពលរដ្ឋបញ្ជាក់ថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់ផ្ទះចាក់សោ រួចក៏ចេញទៅក្រៅបាត់ ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែឮសម្លេងផ្ទុះធុងហ្គាសកើតមានផ្សែងខ្មៅហ៊ុយចេញពីក្នុងផ្ទះ រួមទាំងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។
ខណៈនោះប្រជាពលរដ្ឋបានព្យាយាមយកទឹកមកជួយបាញ់ដែរ តែដោយសារខាងក្នុងមានហ្គាសផងទើបមិនអាចគ្រប់គ្រងបាន ទើបប្រជាពលរដ្ឋសម្រេចរាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋានអោយជួយទាក់ទងបន្តទៅមន្ត្រីជំនាញពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍បាញ់ពន្លត់ ។
ក្រោយទទួលបានដំណឹងថា មានអគ្គិភ័យ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាអោយចេញរថយន្តពន្លត់ ជាច្រើនគ្រឿងជួយមកបាញ់ពន្លត់ ចៀសវាងមានការរាលដាលកាន់តែខ្លាំងឡើង ។ គ្រោះអគ្គិភ័យខាងលើ បានលេបត្របាក់ផ្ទះល្វែងស្ទើរទាំងស្រុង ខូចខាតសម្ភារមួយចំនួនធំ តែពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
ក្នុងប្រតិបត្តិការណ៍ខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបពន្លត់ជាស្ថាពរ ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕ ដោយ៖ រដ្ឋា
ចែករំលែកព័តមាននេះ