ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ និង​អាជ្ញាធរ ​៖ កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នឹង​ធ្វើ​ឱ្យ​ជីវភាពគ្រួសារ​ក្រីក្រមាន​ភាព​ប្រសើរ​ឡើង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ និង​អាណាព្យាបាល​នៃ​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​ហានិភ័យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​សម្តែង​ការពេញចិត្តជា​ខ្លាំង​ចំពោះ «​កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»…

រាជធានីភ្នំពេញ ៖ យុវជន​ និង​អាណាព្យាបាល​នៃ​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​ហានិភ័យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​សម្តែង​ការពេញចិត្តជា​ខ្លាំង​ចំពោះ «​កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ដែល​ត្រូវ​បានប្រមុខ​រាជរដ្ឋាភិបាល ប្រកាសអនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​មក ដោយ​ពួកគាត់​ជឿជាក់​ថា ក្រោយ​ការរៀន​ចប់​វគ្គ​បណ្តុះបណ្តាល​ដោយ​មិន​គិតថ្លៃ​នេះ​ហើយ យុវជន គ្រួសារ​ក្រីក្រ​នឹង​មាន​ជំនាញ​ពិតប្រាកដ​មួយ និង​អាច​រកចំណូល​សមរម្យ​សម្រាប់ផ្គត់ផ្គង់​គ្រួសារទៀតផង ​។

មានមុខរ​បរជា​អ្នក​រត់​ម៉ូតូ​កង់​បី និង​ជា​ប្រជាពលរដ្ឋ​កាន់​បណ្ណ​សមធម៌ រស់នៅ​ក្នុង​សង្កាត់​គីឡូ ម៉ែត្រ​លេខ ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ លោក អូន ផា​ន់​ណា បាន​និយាយ​ថា ក្នុង​មុខរបរ​ជា​អ្នក​រត់​កង់​បី និងកំពុង​មាន​ជំងឺផ្ទាល់ខ្លួនផងនោះ គាត់​មិន​មាន​លទ្ធភាព​ផ្គត់ផ្គង់​កូនស្រី​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ទេ ព្រោះលោកត្រូវ​ផ្គត់ផ្គង់កូន​តូច​ៗ ២ ​នាក់​ទៀត​ដែល​កំពុង​រៀន​ដែរ​នោះ ​។ លោក​ចង់ឱ្យ​កូនស្រីដែល​កំពុងរៀន​ថ្នាក់​ទី ១២ ចាប់​យកជំនាញផ្នែក​សម្អាង និង​សាឡ​ន ដែល​រៀន​ឆាប់​ចប់ និង​ឆាប់​រកចំណូលបានសម្រាប់ខ្លួនឯង និងគ្រួសារ ​។ លោក​មានចិត្ត​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា រាជរដ្ឋាភិបាល​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វគ្គ​ខ្លីសម្រាប់គ្រួសារក្រីក្រ អាច​ចូល​រៀន​ដោយ​មិន​គិតថ្លៃ និង​ថែម​ទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ​២៨ ​ម៉ឺន​រៀលទៀត​ ។ លោក​ថា កម្មវិធីបណ្តុះបណ្តាល​នេះជា​ឱកាសល្អ​សម្រាប់​យុវជន​អាច​យក​ពេលវេលា​របស់​ខ្លួន​ទៅ​រៀនជំនាញមួយពិតប្រាកដ​សម្រាប់​ជីវិត ប្រសើរ​ជាង​ពួក​គេ​ទៅ​សេព​គ្រឿងញៀន រឺ​ប្រព្រឹត្ត​អំពើ​មិនល្អ​ក្នុង​សង្គម ​។

ដូច​គ្នា​នេះ អ្នកស្រី ឃ​ន ចាន់​ថន ជា​ប្រជាពលរដ្ឋ​កាន់​បណ្ណ​សមធម៌រស់នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ខណ្ឌ​ឬ​ស្សី​កែវ និយាយ​ដោយ​ភាព​រំភើប​ក្តុកក្តួល​នៅ​ពេល​ទទួល​ដំណឹង​ថា រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ដល់​យុវជន គ្រួសារក្រីក្រ​អាច​ចូល​រៀន​ជំនាញ​ពិតប្រាកដ​ដោយ​មិន​គិតថ្លៃ ព្រោះ​កន្លង​មក​អ្នកស្រី​ពិតជា​ចង់ឱ្យ​កូនស្រី និងកូនប្រុស​ទៅរៀនជំនាញ​មួយ​ច្បាស់លាស់​សម្រាប់​កូន ប៉ុន្តែ​គ្រួសារ​អ្នកស្រី​មិន​មាន​លទ្ធភាព​ទេ​ ។ អ្នកស្រី មាន សង្ឃឹមថា នៅ​ពេល​កូនប្រុស​ដែល​ចង់​រៀន​ជំនាញ​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​កូនស្រី​ចង់​រៀនផ្នែក សាឡ​ន បានរៀន​ចប់ពួក​គេ​នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​សង្គម និង​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ខ្លួនឯង និងអាច​ផ្គត់ផ្គង់​គ្រួ​សារបាន ​។

ចំណែក យុវជន ស្រី គី​ម​ហេង ជា​ប្រជាពលរដ្ឋ​កាន់​បណ្ណ​សមធម៌ រស់នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ ២ ខណ្ឌចំការមន ដែល​ទើប​ប្រឡង​បាក់​ឌុ​ប​ហើយ​នោះ ក៏​ចង់​ចូល​រៀន​ជំនាញ​ខ្លី​ជួសជុល​គ្រឿង​អេ​ឡិច​ត្រូ​និក និង​ទូរស័ព្ទ​វិញ ព្រោះជំនាញនេះ​កំពុង​តម្រូវការ​ក្នុង​ទីផ្សារ និង​អាច​រក​ចំណូល​បាន​លឿន​សម្រាប់​ជួយ​សម្រាល​បន្ទុកគ្រួសារ​ ។ យុវជន​រូប​នេះ សង្ឃឹមថា ​ពេល​មាន​ជំនាញ​មួយ​ពិតប្រាកដ​នឹង​អាច​ជួយ​ខ្លួនឯង​ផង ជួយ​គ្រួសារ​ផង និង​ជាធនធានមនុស្ស​ល្អ​ក្នុង​សង្គម​ផង ប្រសើរ​ជាង​ចំណាយពេល​ទៅ​ធ្វើ​រឿង​អត់​ប្រយោជន៍ ​។ យុវជន​រូប​នេះ អំពាវនាវដល់​យុវជន​នៃ​គ្រួសារ​ក្រីក្រ​ផ្សេង​ទៀត​ដែល​មិន​ទាន់​មានមុខ​របរ និង​ជំនាញ​ពិតប្រាកដ​នៅឡើយ​ទេគួរចំណាយពេល​ខ្លី​ចូល​រៀន​វគ្គ​ជំនាញ​មួយ​ច្បាស់លាស់តាម​រយៈកម្មវិធី​បណ្តុះបណ្តាលជំនាញ​ដោយ​មិនគិតថ្លៃនេះ​ ។

ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក ទុ​យ ឡេ​ង ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ទួល​ទំពូង ​២ បាន​សម្តែង​ការ​ពេញចិត្ត ជា​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​យុវជន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រោះនៅពេល​ដែល​សមាជិកគ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​មាន​ជំនាញ​មួយ​ច្បាស់លាស់ និង​មានការ​ងារ រឺ​មុខរបរ​ពិតប្រាកដ​នោះ គឺ​មាន​ន័យ​ថា​ពួក​គេ​នឹង​អាច​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​មូលដ្ឋាន រួម​និង​អាចកាត់បន្ថយ​បញ្ហា​ក្មេង​ទំនើង​ក្នុង​មូលដ្ឋាន​ជាដើម ​។ លោក បញ្ជាក់​ថា​ អាជ្ញាធរ​សង្កាត់​នឹង​ចូលរួម​ផ្សព្វផ្សាយ​អំពីកម្មវិធីបណ្តុះបណ្តាល​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជា​ពិសេស​គ្រួសារ​ដែល​មាន​បណ្ណ​សមធម៌ និង​គ្រួសារ​ងាយ​រងហានិភ័យតែ​ម្តង​ ។

ដោយឡែក លោក ម៉ៅ វ​ណ្ណា ចៅសង្កាត់​គីឡូម៉ែត្រ​លេខ ​៦ សម្តែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​អរគុណ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សំខាន់​ៗ​ជា​ច្រើនសម្រាប់យុវជន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​អាច​ចូល​រៀន​ដោយ​មិន​គិតថ្លៃ និង​ថែម​ទាំងទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ទៀត ​។ លោកស្នើ​ដល់​អាណាព្យាបាល​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ សូម​លើកទឹកចិត្តឱ្យ​កូនចៅ​ចូល​រៀន​ចាប់​យក​ជំនាញ​សម្រាប់​អនាគត​របស់​ពួក​គេ ព្រោះ​យុវជន​ម្នាក់​ត្រូវ​តែ​មាន​ជំនាញមួយពិតប្រាកដ​ក្នុង​ជីវិត ​។

សូម​បញ្ជាក់​ថា អ្នកមាន​បំណង​ចុះ​ឈ្មោះ​ចូល​រៀន និង​ស្វែងរក​ព័ត៌មាន​នៃ​វគ្គ​សិក្សា អាច​ចូល​តាម​រយៈ ទី ​(១). ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​មាន​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ (TVET 1.5M) រឺ​តាម​រយៈ​គេហទំព័រ ៖ www.tvet.gov.kh ​។ (http://www.tvet.gov.kh/) និង​ទី​ (២). តាម​បណ្តា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ