ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ា​រ៉ា​តុង​ម្នាក់ រង​បម្រាម​១២​ខែ ក្រោយ​លួច​ជិះឡាន​អំឡុង​ពេល​ការ​ប្រកួត

8 ខែ មុន

អង់គ្លេស ៖ ស្ថាប័ន​គ្រប់គ្រង​កីឡាអត្តពលកម្ម​ចក្រភព​អង់គ្លេស UK Athletics ហៅ​កាត់​ថា UKA

អង់គ្លេស ៖ ស្ថាប័ន​គ្រប់គ្រង​កីឡាអត្តពលកម្ម​ចក្រភព​អង់គ្លេស UK Athletics ហៅ​កាត់​ថា UKA បាន​ប្រកាស​ថា អ្នក​រត់​អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង​ម្នាក់ (Ultramarathon) ត្រូវ​បាន​ហាមឃាត់​ពី​ការ​ប្រកួត​រយៈពេល​១២​ខែ បន្ទាប់​ពី​លួច​ប្រើប្រាស់​រថយន្ត អំឡុង​ពេល​ប្រកួត​រយៈ​ចម្ងាយ​៨០​គីឡូម៉ែត្រ​។ នេះ​បើ​យោង​តាម​ប្រភព​ពី CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​។

លោកស្រី Joasia Zakrzewski គ្រូពេទ្យ​វេជ្ជសាស្ត្រ ជនជាតិ​ស្កុ​តឡែ​ន អាយុ​៤៧​ឆ្នាំ បាន​ចូលរួម​ការ​រត់​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ចម្ងាយ​ឆ្ងាយ ឬ អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង GB Ultras ដោយ​រត់​ចេញពី​ទីក្រុង​មេន​ឆេ​ស្ទ័​រ (Manchester) ទៅ​ទីក្រុង​លី​វើ​ភូ​ល (Liverpool) កាលពី​ថ្ងៃ​ទី​៧ ខែមេសា កន្លង​ទៅ ដោយ​បាន​លួច​ជិះឡាន​មិត្ត​ភ័ក្តិ​របស់​នាង និង​បាន​បញ្ចប់​ទី​នៅ​ចំណាត់ថ្នាក់​លេខ​៣​ថែម​ទៀត​ផង​។

នៅ​ក្នុង​លិខិត​មួយ​ដែល​បាន​ដាក់​ជូន​ក្រុមប្រឹក្សាវិន័យ​ឯករាជ្យ​របស់ UKA អត្ត​ព​លិ​ក​ជនជាតិ​ស្កុ​តឡែ​នរូ​ប​នេះ បាន​លើក​ឡើង​ថា «​ខ្ញុំ​ទទួលយក​សកម្មភាព​របស់ខ្ញុំ​នៅ​ថ្ងៃ​ប្រកួត ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត ហើយ​បន្ទាប់​មក​បាន​បញ្ចប់​ការ​រត់ ដោយ​ឆ្លងកាត់​បន្ទាត់​បញ្ចប់​ទី ហើយ​ទទួល​បាន​មេដាយ និង​ពានរង្វាន់​ដែល​មិន​សមរម្យ​។ ហើយ​ខ្ញុំ​មិន​បាន​សារភាព​ភ្លាម​ៗ ដូចដែល​ខ្ញុំ​គួរ​ធ្វើ​នោះ​ទេ​»​។

គណៈ​ក​ម្មា​ការ​បាន​សម្រេច​ថា Joasia Zakrzewski នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ចក្រភព​អង់គ្លេស ឬ​តំណាង​ចក្រភព​អង់គ្លេស​រយៈពេល​១២​ខែ​។ Zakrzewski ក៏​ត្រូវ​បាន​ហាមប្រាម​ពី​ការ​បង្វឹក ការងារ​ពាក់ព័ន្ធ និង​ការ​គ្រប់គ្រង​ក្នុង​រយៈពេល​ដូច​គ្នា​ផង​ដែរ​។

គណៈ​ក​ម្មា​ការ​បាន​លើក​ឡើង​ថា «Zakrzewski គឺជា​អត្ត​ព​លិ​ក​មានបទពិសោធន៍ ប្រកួតប្រជែង​ដោយ​ជោគជ័យ​នៅ​កម្រិត​ខ្ពស់​។ នាង​ក៏​បាន​ដើរតួ​ជា​អ្នកចាត់ការ​ក្រុម​សម្រាប់​ក្រុម​អន្តរជាតិ​។ ដូចនេះ ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​គោរព​ច្បាប់ ហើយ​នេះ​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​នាង​បាន​បំពាន​ច្បាប់ ហើយ​មិន​បាន​កែតម្រូវ​ភ្លាម​ៗ នៅ​ពេល​បញ្ចប់​ការ​រត់ ឬ​ក្រោយមក​ទៀត​»​។

គួរ​រំលឹក​ថា បន្ទាប់​ពី​បញ្ចប់​ទី ការ​តាមដាន​ទិន្នន័យ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ថេរវេលា​របស់ Zakrzewski​។ ក្រោយមក​នាង​បាន​សារភាព​ប្រាប់ BBC ថា នាង​បាន​វង្វេង​នៅ​ពាក់​កណ្តាលផ្លូវ​នៃ​ការ​ប្រកួត ហើយ​ជើង​នាង​បាន​ឈឺ បន្ទាប់​ពី​នោះ​នាង​ក៏​សម្រេចចិត្ត​ឡើង​ជិះឡាន​មិត្ត​ម្នាក់ នៅ​ក្នុង​គោលបំណង​ទៅ​កាន់​កន្លែង​ត្រួតពិនិត្យ​នៃ​ការ​ប្រកួត ខណៈ​នៅ​កន្លែង​ត្រួតពិនិត្យ នាង​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​រត់​បន្ត ហើយ​នាង​ក៏​យល់ព្រម​រត់​រហូត​ដល់ទី​តែ​ម្តង​។ Zakrzewski បាន​ប្រាប់ BBC នៅ​ក្នុង​របាយការណ៍​របស់​ក្រុមប្រឹក្សាវិន័យ​ថា នាង​មិន​ដែល​មាន​បំណង​លេងល្បិច និង​បដិសេធ​ការ​ប្រព្រឹត្ត​ដោយ​គ្មាន​សុចរិត​ភាព​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ