រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតកៅស៊ូ យឺត ឬកៅស៊ូចង្កេះខោ យីហោជាវតា ស្ថិតនៅតាមផ្លូវលេខ៥៩៨ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ត្រូវអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ឧសភា ២០១១ ដែលការឆាបឆេះនេះអស់រយៈពេលប្រមាណជាង២ម៉ោងទើបរលត់ បន្ទាប់បីកងពន្លត់អគ្គិភ័យបានបាញ់ទឹកយ៉ាងសកម្ម ។
ទាក់ទិនការកើតមានអគ្គិភ័យនេះតាមសមត្ថកិច្ចឱ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ។ ទោះបីជាយ៉ាងណា ភ្លើងពុំឆេះរាលដាលដល់លំនៅឋានអ្នកដទៃឡើយ ដោយសិប្បកម្មនោះស្ថិតនៅក្នុងដីឡូត៍ធំមួយដាច់តែឯង ។ អគារសិប្បកម្ម១ខ្នងនេះមានទំហំប្រមាណ១២ម៉ែត្រគុណនឹង២០ម៉ែត្រ រួមទាំងសម្ភារកៅស៊ូយឺតត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើងអគ្គិសនីបានដាច់ ហើយសន្តិសុខយាមបានដើរត្រួតពិនិត្យសិប្បកម្ម ស្រាប់តែឃើញទុស្សេខ្សែភ្លើងបង្កឱ្យឆាបឆេះតែម្តង។ ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿង បានចូលទៅបាញ់ទឹកពន្លត់អស់ទឹកចំនួន២២ឡាន រហូតដល់ម៉ោង៥និង៤០នាទីភ្លឺថ្ងៃដដែលទើបរលត់ ។ គួរបញ្ជាក់ថា សិប្បកម្មកៅស៊ូជាវតា មានថៅកែជាជនជាតិចិនតៃវ៉ាន់ ឈ្មោះលីង ហ្វូមីញ ភេទប្រុស អាយុ៤៣ឆ្នាំ ៕
ចែករំលែកព័តមាននេះ