ក្រុងប៉ោយប៉ែត ៖ បដិមាធ្វើអំពីស្ពាន់ជាទេវរូបអង្គុយប្រក់នាគបានត្រូវកម្លាំងប៉ូលិសការពារព្រំដែនគោកនៅច្រកតំបន់បឹងត្រកួនឆែកឆេរឃើញក្នុងរថយន្តកាមរីមួយគ្រឿងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៩ ឧសភា នៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បដិមានេះមានកម្ពស់១,២ម៉ែត្រ ទទឹង៥៦សង្ទីម៉ែត្រ ទម្ងន់៦៥,៥គីឡូក្រាម។
បើតាមលោកប្រាក់ សាំ មេប៉ុស្តិ៍ច្រកតំបន់បឹងត្រកួននៃនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ប្រាប់ថា ម្ចាស់រថយន្តដែលដឹកបដិមានេះឈ្មោះហ៊ុយ ហាប់ ភេទប្រុស អាយុ៤៦ឆ្នាំ ចំណែកឯម្ចាស់បដិមាឈ្មោះលី ហេង ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយការឆែកឆេរឈ្មោះលី ហេងបានប្រាប់ថា បដិមានេះមានច្បាប់នាំចេញត្រឹមត្រូវ បន្ទាប់មកលោកក៏ប្រគល់ឱ្យមន្ត្រីគយ និងរដ្ឋាករស្នាក់ការច្រកតំបន់បឹងត្រកួនរក្សាទុកមួយរយៈ រង់ចាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធមកធ្វើការត្រួតពិនិត្យ។
លោកនួន សុផល មន្ត្រីគយ និងរដ្ឋាករប្រចាំស្នាក់ការច្រកតំបន់បឹងត្រកួនបានថ្លែងថា បដិមានេះមានឯកសារនាំចេញហើយក្នុងឯកសារបញ្ជាក់ថា ជាសិល្បៈសម័យថ្មី ប៉ុន្តែដោយសារការនាំចេញកាត់ខេត្តគ្មានលិខិតអនុញ្ញាត ឬឯកសារពីមន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ទើបត្រូវរក្សាទុកឱ្យម្ចាស់ទៅរត់ការច្បាប់ឱ្យបានត្រឹមត្រូវសិន។ លោកនួន សុផល បន្តថា បដិមានេះមិនអាចនាំបន្តបានទេ ប្រសិនបើគ្មានការឯកភាពពីថ្នាក់លើនោះ។
នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២០ ឧសភា បើតាមលោកគឹម សុភាព មន្ត្រីសិល្បៈសូនរូបនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានប្រាប់តាមទូរស័ព្ទថា លោករួមជាមួយមន្ត្រីការិយាល័យបេតិកភណ្ឌខេត្តបានចុះដល់ចំណុចដែលចាប់បដិមានោះហើយ។ លោកប្រាប់ថា យោងលើឯកសារនាំចេញ គឺមិនបានឆ្លងកាត់ស្ថាប័នពាក់ព័ន្ធនាំចេញទេ ហើយច្បាប់នាំចេញមានការឯកភាពសម្រាប់តែក្នុងខេត្តសៀមរាប ដូច្នេះត្រូវរក្សាទុកនៅសារមន្ទីរខេត្តសិន ៕
ចែករំលែកព័តមាននេះ