ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សាអូឌីត ពង្រីក​ទីផ្សារ​ការងារ​បន្ថែម​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មកនេះ បាន​ស្នើ​ឱ្យ​ព្រះរាជាណាចក្រ​អា​រា​ប៊ី​សា​អូឌីត ពង្រីក​វិសាលភាព​ទីផ្សារ​ការងារ​ជាមួយ​កម្ពុជា ។ នេះ គឺជា​ការ​លើក​ឡើង​ក្នុង​ជំនួប​ផ្លូវការ​ជា មួយ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​អា​រា​ប៊ី​សា​អូឌីត នៅ​ទីស្តីការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ក្នុង​ជំនួប​ប្រកបដោយ​ភាព​រីករាយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​ពង្រីក​ទីផ្សារ ការងារ​ពី​វិស័យ​អតិពលកម្ម​ទៅ​វិស័យ​ដែល​ប្រើប្រាស់​កម្លាំង​ជំនាញ នឹង​មាន​ភាព​ទាក់ទាញ សម្រាប់​ពលរដ្ឋ​កម្ពុជា​ជាង ។

ជា​ការ​ឆ្លើយ​តប ឯកអគ្គរាជទូត​អា​រា​ប៊ី​សា​អូឌីត បាន​ទទួលយក​សំណើរ​របស់​ឯកឧត្តម រដ្ឋមន្ត្រី ហើយ​ថា នឹង​បញ្ជូន​សំណើរ​នេះ​ទៅ​កាន់​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ពិចារណា និងសម្រេច ។

សូម​បញ្ជាក់​ថា ក្រៅពី​បញ្ហា​សំខាន់​ខាងលើ ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ពី​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ដែល​កាន់តែ​ស្អិត​ល្មួត និង​រីក​ចម្រើន​បន្ត​ទៀត បន្ទាប់​ពី​ព្រះរាជាណាចក្រ ទាំង​ពីរ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការ​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​កាលពី ឆ្នាំ ២០១៦ ។

ក្នុង​ជំនួប​ពិភាក្សា​ប្រកបដោយ​ភាព​រីករាយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល​អា​រា​ប៊ី​សា​អូឌីត ដែល​បាន​មើលថែ​រក្សា​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ នៅ​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​ដែរ ។

​ទោះជា​យ៉ាងណា​ក៏​ដោយ មុន​នឹង​បញ្ចប់​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនងប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការងារ​ឱ្យ​កាន់តែ​ស្អិត​ល្មួត​បន្ថែម​ទៀត តាម​រយៈ​ទំនាក់ទំនង​រវាង ប្រជាជន និង​ប្រជាជន ៕ អត្ថបទសហការ