ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការស្រុកសង្កែ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៦ វិច្ឆកា នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ បន្ទាប់ពីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មកាលពីសប្ដាហ៍មុន ដែលផ្ដើមចេញពីរឿង «ស្នេហាត្រីកោណ» ។

តាមរយៈរបាយការណ៍បឋមរបស់អធិការនគរបាលស្រុកសង្កែ លោក យុត តុងហូ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ យឿម ម៉ែន អាយុ២១ឆ្នាំ (ជនដៃដល់និងជាតួរអង្គក្នុងរឿងស្នេហាត្រីកោណ) ២-ឈ្មោះ សឿប ស៊ីតង អាយុ២៣ឆ្នាំ (រួមគំនិត) និង៣-ឈ្មោះ វី ខេត់ ហៅ វ៉ា អាយុ២០ឆ្នាំ (រួមកំនិត) ពួកគេរស់នៅក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ។

លោក យុត តុងហូ បាននិយាយថា ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានមន្ត្រីជំនាញរបស់លោក ដែលមានកិច្ចសហការពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំផ្ទាល់ដោយលោក
ឈឿង គឹមសុង ស្នងការរងទទូលដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បានធ្វើការស្រាវជ្រាវអស់រយៈពេលពេញមួយសប្ដាហ៍ទើបកំណត់មុខសញ្ញាក្រុមជនដៃដល់នេះបាន និងឈានដល់ការឃាត់ខ្លួនពួកគេជាបន្តបន្ទាប់ ថែមទាំងដកហូតបានកាំបិតខ្វែវចំនួន០១ដើមជាវត្ថុតាង ។

កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី០៩ វិច្ឆិកា សប្ដាហ៍មុននេះ មានជនមិនស្គាល់មុខមួយក្រុម បានជិះម៉ូតូតាមស្ទាក់កាប់ទៅលើយុវជនម្នាក់ឈ្មោះ ធឿម ចំរើន អាយុ២១ឆ្នាំ រស់នៅស្រុកមោងប្ញស្សី ពេលកំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ បណ្ដាលឲ្យរងរបួសធ្ងន់ តែអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ធ្ងរពេកត្រង់ក្បាល។

ក្រោយថ្ងៃកើតហេតុ សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេចំពោះរឿងនេះ ដោយគ្រាន់តែដាក់ការសង្ស័យជាបឋមថា អាចជាអំពើ«ប្លន់» ព្រោះជនរងគ្រោះបាត់ទូរស័ព្ទ០១គ្រឿង និង ខ្លះសង្ស័យជាសង្គ្រាមក្រុមក្មេងទំនើង។ ប៉ុន្តែក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបានទើបបែកធ្លាយជាអំពើឃាតកម្ម ដែលផ្ដើមចេញពីរឿង«ស្នេហាត្រីកោណ»សោះ។

ស្នងការរងដែលដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ លោក ឈឿង គឹមសុង បានប្រាប់កោះសន្តិភាពថា បើតាមការស្រង់ចម្លើយជនដៃដល់ និងជាតួរអង្គក្នុងសំណុំរឿងនេះផង រឿងនេះបានផ្ដើមចេញពីរឿង «ជនរងគ្រោះលួចទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនដៃដល់ តាមរយៈលេងឆាតជាមួយគ្នា» ។
លោកស្នងការរងបានបញ្ជាក់ថា នៅយប់កើតហេតុ ជនសង្ស័យឈ្មោះ យឿម ម៉ែន បានលួចមើលទូរស័ព្ទប្រពន្ធ ស្រាប់តែឃើញមាន«ឆាតឆ្លងឆ្លើយ ណាត់ជួបជាមួយជនរងគ្រោះ» ហើយឆក់ឱកាសប្រពន្ធដេកលក់ ជននេះក៏សរសេរអក្ស «ឆាត» បន្លំជាប្រពន្ធ ណាត់ឲ្យជនរងគ្រោះមកជួបទាំងយប់ លុះជនរងគ្រោះជិះម៉ូតូចេញពីស្រុកមោងប្ញស្សី មកជួបក៏ត្រូវក្រុមជនដៃដល់ស្ទាក់កាប់សម្លាប់តែម្ដង ។

នៅក្នុងសំណុំរឿងនេះ បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យឿម ម៉ែន នៅចំពោះមុខសមត្ថកិច្ចបាននិយាយថា ខ្លួនបានតាមដានដឹងថា ជនរងគ្រោះបានស្គាល់គ្នាជាមួយប្រពន្ធខ្លួន ហើយថែមទាំងបានលួចទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីមុនថ្ងៃបុណ្យ«អុំទូក» កាលពីខែមុន។ ពួកគេតែង«ឆាត»ឆ្លងឆ្លើយគ្នាជាញឹកញាប់ ដែលសរសេរជាភាសារអង់គ្លេស។

ខ្លួនបានតាមដានសកម្មភាពពួកគេជាប់រហូតមក ទើបនៅយប់កើតហេតុ ពេលប្រពន្ធខ្លួនដេកលក់ ខ្លួនក៏លួចយកទូរស័ព្ទប្រពន្ធបន្លំលួច«ឆាត» ណាត់ឲ្យជនរងគ្រោះមកជួបទាំងយប់ រួចចាត់ការតែម្ដង។ បើតាមចម្លើយជនសង្ស័យរូបនេះបានអះអាងថា ក្រោយដឹងថា ជនរងគ្រោះកំពុងជិះម៉ូតូមកជួប ខ្លួនក៏បានហៅពួកម៉ាកពីរនាក់ខាងលើនេះឲ្យជួយឌុប ដើម្បីតាមឃ្លាំមើលជនរងគ្រោះជិះម៉ូតូតាមថ្នល់។

ជននេះបាននិយាយថា ពេលនោះជនរងគ្រោះហាក់មានការសង្ស័យ នៅពេលជិះម៉ូតូជិតមកដល់កន្លែងណាត់ជួបហើយ ជនរងគ្រោះ «ខលវីដេអូតាមឆាត» ពុំមានអ្នកចុចទទួល។ ជនសង្ស័យបានបញ្ជាក់ថា នៅពេលអត់មានអ្នកចុចទទួលជនរងគ្រោះបានព្យាយាមជិះម៉ូតូត្រឡប់ទៅវិញ តែខ្លួនបានឃើញទាន់ក៏នាំគ្នាជិះតាមស្ទាក់កាប់ត្រូវក្បាលមួយកាំបិត ដេកដួលលើថ្នល់ ហើយពួកខ្លួនក៏ជិះហូសទៅ។ ជននេះបានអះអាងថា «ខ្ញុំជាអ្នកកាន់កាំបិតកាប់ជនរងគ្រោះផ្ទាល់ដៃ ព្រោះខឹងនឹងជនរងគ្រោះលួចទាក់ទងប្រពន្ធខ្ញុំ រីឯពីរនាក់ទៀតជាអ្នករួមដំណើរ»។

ទោះយ៉ាងណា បើតាមលោក ឈឿង គឹមសុង បានបញ្ជាក់ដែរថា បើតាមការស្រាវជ្រាវនៅកន្លែងកើតហេតុនាយប់នោះ នៅពេលដែលជនរងគ្រោះ កំពុងដេកដួលសន្លប់លើថ្នល់ មានជនទីបីបានជិះម៉ូតូទៅដល់ បានឆក់ឪកាសចុះយកទូរស័ព្ទជនរងគ្រោះមួយគ្រោះង រួចជិះហូសទៅបាត់ ដែលនាំមានការសង្ស័យពីដំបូងថា ជាអំពើ«ប្លន់» ។ ប៉ុន្តែនៅពេលចាប់បានក្រុមជនដៃដល់ ទើបបែកធ្លាយរឿងពិតតាមរយៈចម្លើយសារភាពរបស់ជនរដៃដល់ គឺ ជាអំពើ«ឃាតកម្ម» ដែលផ្ដើមចេញពីរឿង«ស្នេហាត្រីកោណ»។ ពេលនេះមន្ត្រីជំនាញ បាននិងកំពុងសួរនាំ ចាត់ការតាមនីតិវិធីហើយ៕

ចែករំលែកព័តមាននេះ