ខេត្តបាត់ដំបង ៖ ពេទ្យឆ្មបមួយរូបនៃមណ្ឌលសុខភាពសង្កាត់ទួលតាឯក បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ឧសភា ខណៈពេទ្យឆ្មបរូបនោះកំពុងបំពេញការងារនៅក្នុងមណ្ឌលសុខភាពរបស់គាត់ក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្រោយពីមានការប្តឹងចោទប្រកាន់ថា ពេទ្យឆ្មបនេះបានធ្វើឱ្យស្ត្រីវ័យ២១ឆ្នាំម្នាក់ស្លាប់ទាំងកូនក្នុងផ្ទៃក្នុងគ្រាដែលគាត់ព្យាយាមរំលូតកូនរបស់នាងមិនបានសំរេច។ ពេទ្យឆ្មបដែលត្រូវចាប់ខ្លួននេះឈ្មោះមិន សាអែម អាយុជាង៣០ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ រីឯស្ត្រីដែលស្លាប់ឈ្មោះគង់ ចរិយា អាយុ២១ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។
លោកអ៊ន ជ្រីសៅរ៍មណ្ឌល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានថ្លែងថា ពេទ្យឆ្មបឈ្មោះមិន សាអែម ត្រូវបានចាប់ខ្លួនក្រោយពីអាណាព្យាបាលស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងចោទប្រកាន់។ ស្ត្រីរងគ្រោះបានទៅកាន់ផ្ទះពេទ្យឆ្មបឈ្មោះមិន សាអែម ដើម្បីរំលូតកូនក្នុងផ្ទៃ ប៉ុន្តែទំនងពេទ្យឆ្មបរូបនេះព្យាយាមអស់លទ្ធភាពហើយនៅតែមិនអាចរំលូតកូនពីផ្ទៃនាងបានធ្វើឱ្យសុខភាពនាងកាន់តែខ្សោយទៅៗ ទើបបញ្ជូនទៅកាន់គ្លីនិកឯកជន។ លោកមណ្ឌលបានបញ្ជាក់ថា នាងគង់ ចរិយាបានស្លាប់នៅឯមន្ទីរពេទ្យខេត្តកាលពីរសៀលថ្ងៃទី១៩ ឧសភា ក្រោយពីឆ្លងកាត់គ្លីនិកឯកជនចំនួន២ គឺគ្លីនិកយីគក់ និងគ្លីនិកផ្សារណាត់។
បើតាមប្រភពព័ត៌មានថា ពេទ្យឆ្មបឈ្មោះមិន សាអែម បានព្យាយាមរំលូតកូនពីផ្ទៃនាងចរិយា តែមិនបានសម្រេច ព្រោះនាងមានទម្ងន់ជិត៦ខែទៅហើយ លុះសុខភាពនាងចុះខ្សោយខ្លាំង និងមានឈាមហូរមិនឈប់ទើបបញ្ជូនបន្តទៅកាន់គ្លីនិកឯកជនយីគក់នៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ឧសភា។ ប្រភពដដែលបានបញ្ជាក់ថា គ្លីនិកយីគក់ទំនងគ្មានសមត្ថភាពទើបបញ្ជូនបន្តទៅកាន់គ្លីនិកផ្សារណាត់ ហើយគ្លីនិកនេះបញ្ជូនបន្តទៀតទៅកាន់មន្ទីរពេទ្យខេត្តនៅថ្ងៃដដែល លុះនៅល្ងាចថ្ងៃទី១៩ ឧសភា នាងគង់ ចរិយាក៏បានស្លាប់។
លោកវេជ្ជបណ្ឌិតយី គក់ ប្រធានគ្លីនិកយីគក់បានបញ្ជាក់ថា ពេទ្យឆ្មបឈ្មោះមិន សាអែម បានបញ្ជូនអ្នកជំងឺមកដល់គ្លីនិករបស់លោក គឺក្នុងស្ថានភាពធ្ងន់ធ្ងរទៅហើយ ដែលមានព្យួរសេរ៉ូមផង។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា នាងចរិយាមានឈាមហូរមិនឈប់ ហើយកូនក្នុងផ្ទៃនាងបានស្លាប់ទៅហើយ។ ដោយមិនអាចសង្គ្រោះបានទើបលោកសម្រេចបញ្ជូនបន្តភ្លាមៗទៅកាន់គ្លីនិកផ្សារណាត់តាមសំណើរបស់ជីដូននាង។
ដោយឡែកលោកវេជ្ជបណ្ឌិតហួត សុគុណ ប្រធានគ្លីនិកផ្សារណាត់វិញក៏បានបញ្ជាក់ដែរថា អ្នកជំងឺស្ថិតក្នុងស្ថានភាពស្លេកស្លាំង ធ្លាក់ឈាមមិនឈប់ ឯកូនក្នុងផ្ទៃនាងបានស្លាប់។ លោកនិយាយថា លោកបានដាក់សេរ៉ូម និងបញ្ចូលឈាមឱ្យនាងដើម្បីជួយសង្គ្រោះ តែសុខភាពនាងកាន់តែធ្ងន់ធ្ងរទៅៗ ទើបលោកសម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តនៅរសៀលថ្ងៃទី១៨ ឧសភា ក្រោយពីលោកព្យាយាមជួយសង្គ្រោះអស់រយៈពេលប្រហែល៣ម៉ោង។
ទាក់ទិននឹងពេទ្យឆ្មបឈ្មោះមិន សាអែម ដែលត្រូវចាប់ខ្លួន លោកអ៊ន ជ្រីសៅរ៍មណ្ឌល បានបញ្ជាក់ថា ពេទ្យឆ្មបនេះបានបដិសេធថា គាត់មិនបានចាក់ថ្នាំរំលូតកូនឱ្យនាងគង់ ចរិយាទេ។ ប៉ុន្តែលោកមណ្ឌលប្រាប់ថា មានសាក្សីចំនួន២នាក់ដែលដឹងរឿងនេះច្បាស់ ហើយយើងកំពុងសាកសួរសាក្សីទាំងនោះ។ លោកនិយាយថា បណ្តាគ្លីនិកនានាដែលបានព្យាបាលនាងក៏ពាក់ព័ន្ធដែរដោយការធ្វេសប្រហែសព្រោះតែនាងគ្មានប្រាក់បង់ភ្លាមៗ ៕
ចែករំលែកព័តមាននេះ