ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ដេកស្លាប់ក្នុងអាងទឹករយៈពេល៣ថ្ងៃ ទើបគេដឹង ហើយមន្ត្រីជំនាញកងរាជអាវុធហត្ថក្រុងកំពុងធ្វើការស្រាវជ្រាវអំពីករណីនេះ។ តាមការបំភ្លឺពីកូនស្រីឈ្មោះយឹម ណៃគីម អាយុ១៦ឆ្នាំ បានរៀបរាប់ថា ម្តាយរបស់នាងដែលស្លាប់នេះឈ្មោះយឹម សុឃីម អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានមុខរបរជាមេឆ្នោត។ ម្តាយរបស់នាងជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯងក្នុងផ្ទះកើតហេតុនេះ ចំណែករូបនាងរស់នៅជាមួយជីតាក្នុងក្រុងប៉ោយប៉ែតនេះដែរ។ នាងរៀបរាប់ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ឧសភា រូបនាងបានទូរស័ព្ទទៅម្តាយពីលទ្ធផលឆ្នោត ចំណែកម្តាយឆ្លើយតបវិញថា មិនទាន់ដឹងទេ ព្រោះមិនទាន់បូកសរុបរួច។ បន្ទាប់មកនៅថ្ងៃទី១៩ ឧសភា រូបនាងបានទូរស័ព្ទទៅម្តងទៀត តែទូរស័ព្ទមិនចូល។
នាងយឹម ណៃគីម រៀបរាប់ទៀតថា លុះនៅយប់ថ្ងៃដដៃល រូបនាងបានព្យាយាមទូរស័ព្ទមករកទៀតក៏នៅតែមិនចូល ហើយបានទាក់ទងមកទូរស័ព្ទលើតុចូលតែគ្មានអ្នកលើក។ ដោយមានការសង្ស័យ វេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ឧសភា នេះ រូបនាងនិងជីតាក៏នាំគ្នាមកមើលឃើញផ្ទះបិទទ្វារ ហើយចាក់សោពីក្នុងតែមិនបានចុចសោបិទទេ ក៏នាំគ្នាគាស់ទ្វារចូលទៅ ឃើញម្តាយនាងដេកស្លាប់ផ្កាប់មុខក្នុងអាងទឹកក្នុងផ្ទះល្វែងជាន់ក្រោម ក្នុងបន្ទប់ទឹកស្លាប់ហើមអណ្តែតពេញអាងទឹក ទើបរាយការណ៍ឱ្យសមត្ថកិច្ចមកជួយស្រាវជ្រាវរកមូលហេតុនៃការស្លាប់នេះ។
ក្នុងការចុះត្រួតពិនិត្យសពស្ត្រីខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុង និងប៉ូលិសក្រុងប៉ោយប៉ែតបានសន្និដ្ឋានជាជំហានដំបូងថា ស្ត្រីរូបនេះស្លាប់អស់រយៈពេល៣ថ្ងៃមកហើយ។ ចំពោះការស្លាប់នេះគឺស្ត្រីរងគ្រោះធ្វើអត្តឃាតដោយការលេបថ្នាំ ពីព្រោះនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកមួយចំនួនដែលបន្សល់ទុកនៅទីនោះ។ ការអះអាងជំហានដំបូងនេះថាជាការធ្វើអត្តឃាតមិនទាន់បានដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ៕
ចែករំលែកព័តមាននេះ