ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​បុរសកើតកូន មនុស្ស​ម្នា​​ទាំង​ប្រុស ទាំងស្រី​នាំគ្នា​​ទៅចោម​រោម​​មើល​នៅមន្ទីរពេទ្យ​រុស្ស៊ី

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​សូម្បី​តែ​និយាយ​ប្រាប់​នរណា​ក៏​គេ​មិន​ជឿ​ដែរ​ នោះ​គឺ​រឿង​រ៉ាវ​ដែល​កើត​មាន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ហៅ​ពេទ្យ​រុស្ស៊ី​ដោយ​ផ្អើល​ថា មាន​មនុស្ស​ប្រុស​កើត​កូន​ គឺ​​វេជ្ជ​បណ្ឌិត​ប្រចាំ​មន្ទីរ​ពេទ្យ​បាន​វះ​កាត់​យក​កូន​ចេញ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ផ្អើល​ឆោ​ឡោ​​ដល់​មនុស្ស​ម្នា​រាប់​រយ​នាក់​នាំ​

រាជ​ធានី​ភ្នំពេញ​ ៖ រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​សូម្បី​តែ​និយាយ​ប្រាប់​នរណា​ក៏​គេ​មិន​ជឿ​ដែរ​ នោះ​គឺ​រឿង​រ៉ាវ​ដែល​កើត​មាន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ហៅ​ពេទ្យ​រុស្ស៊ី​ដោយ​ផ្អើល​ថា មាន​មនុស្ស​ប្រុស​កើត​កូន​ គឺ​​វេជ្ជ​បណ្ឌិត​ប្រចាំ​មន្ទីរ​ពេទ្យ​បាន​វះ​កាត់​យក​កូន​ចេញ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ផ្អើល​ឆោ​ឡោ​​ដល់​មនុស្ស​ម្នា​រាប់​រយ​នាក់​នាំ​គ្នា​ទៅ​ចោម​រោម​មើល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២០ ឧសភា។ បុរស​ដែល​ល្បី​ថា មាន​កូន និង​ចូល​ក្នុង​បន្ទប់​វះ​កាត់​នោះ​ឈ្មោះ​យ៉េន ចាន់​នី អាយុ​៣៩​ឆ្នាំ ជា​ជាង​ក្រឡឹង​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ជយោ​ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម​។

​បុរស​ជា​ប្អូន​ឈ្មោះ​យ៉េន តុង​នី អាយុ​៣៣​ឆ្នាំ ​រៀប​រាប់​ឱ្យ​ដឹង​ថា​បង​ប្រុស​​របស់​គេ​​ឈ្មោះ​​យ៉េន ចាន់​នី មាន​ដុំ​ពោះ​តាំង​ពី​កំណើត​មក​ម្ល៉េះ​ ប៉ុន្តែ​មិន​មាន​ការ​រំខាន​អ្វី​ក៏​ចេះ​​តែ​រស់​នៅ​ជា​ធម្មតា​។ បង​ប្រុសរបស់​គេ​​បាន​រៀប​ការ​ និង​មាន​ប្រពន្ធ​ឈ្មោះ​សុខ ឌី អាយុ​២៧​ឆ្នាំ និង​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​យ៉េន វិចិត្រ​ អាយុ​៤​ឆ្នាំ​។

ស្ត្រី​ជា​​ម្តាយ​មីង​ឱ្យ​ដឹង​ថា រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​មក​នេះ ​យ៉េន ចាន់​នី តែង​​តែ​និយាយ​ថា «ចុក​ឆ្ងល់​ក្នុង​ពោះ»​ ប៉ុន្តែ​​មិន​ធ្ងន់​ធ្ងរ​ក៏​ចេះ​តែ​ធ្វើ​ការ​ងារ​ធម្មតា ដោយ​ទៅ​ធ្វើ​ជាង​ក្រឡឹង​នៅ​ផ្សារ​ក្រឡាញ់ ខេត្ត​សៀម​រាប។ នៅ​ខែ​តុលា ឆ្នាំ​២០១០ ដុំ​ពោះ​បាន​ធ្វើ​ឱ្យ​ចុក​ចាប់​ខ្លាំង​ក៏​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​សៀម​រាប​ ហើយ​​គ្រូ​ពេទ្យ​ប្រាប់​ថា ជាប់​សរ​សៃ​ឆ្អឹង​ខ្នង​។ បន្ទាប់​មក​ទៅ​មើល​គ្រូខ្មែរ​ទៀត​ក៏​នៅ​តែមិន​បាន​ធូរ​ស្រាល​​ដដែល​។ ពេល​ក្មួយ​គាត់​​ទៅ​ពិនិត្យ​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ចាម​​ជួប​ជាមួយ​គ្រូ​ពេទ្យ​ជា​ជន​ជាតិ​បារាំង​ពីរ​រូប។ បន្ទាប់​ពី​​ទៅ​ថត​អេកូ​ហើយ​គ្រូ​ពេទ្យ​បារាំង​២​នាក់​នោះ​ប្រាប់​ថា «ទៅ​ផ្ទះ​វិញ​ដើម្បី​រៀប​ចំ​សំរាល​កូន​»។ ការ​អះ​អាង​របស់​ម្តាយ​មីង​បែប​នេះ​មិន​ដឹង​ថា គ្រូ​ពេទ្យ​បារាំង​និយាយ​ក្នុង​ន័យ​បែប​ណា​ទេ​។

ស្ត្រី​​ដដែល​បន្ត​ថា ដោយ​សារ​មិន​អស់​ចិត្ត​​និង​មិន​គួរ​ឱ្យ​​ជឿ​ទៀត​នោះ ទើប​នៅ​ថ្ងៃ​ទី​១០ ឧសភា ក្មួយ​ប្រុស​គាត់​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​។ រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​​២០ ឧសភា គ្រូ​ពេទ្យ​បាន​វះ​កាត់​ស្រាប់​តែ​ឃើញ​មាន​កូន​ក្នុង​ពោះ​របស់​ក្មួយ​គាត់​​មែន តែ​មិន​មែន​ជា​កូន​ពេញ​លក្ខណៈ​ទេ គ្រាន់​តែ​ជា​បំណែក​ខ្លះ​ប៉ុណ្ណោះ និង​ជា​ដុំ​គីស​ដ៏​ធំ​មួយ​។

លោក​វេជ្ជ​បណ្ឌិត​ដែល​បាន​វះ​កាត់​មាន​ប្រសាសន៍​ថា កន្លង​មក​ការ​វះ​ដុំ​ពោះ​​ធ្លាប់​ជួប​ប្រទះ​ដែរ តែ​ភាគ​ច្រើន​ដុំ​ពោះ​ជា​គីស​តូចៗ​មិន​ធំ​ដូច​បុរស​នេះ​ទេ ។ ដុំ​ប្រភេទ​នេះ​ហៅ​ថា «គីស​ខាំ​ម៉ូ​អ៊ីត»​ មិន​មាន​រូប​រាង​ជា​កូន​មនុស្ស​ពិត​ប្រាកដ​ទេ គ្រាន់​តែមាន​បំណែក​ខ្លះ ​ពេល​វះ​កាត់​​ឃើញ​មាន​កំភួន​ដៃ ម្រាម​៤​ដុះ​ក្រចក​ មាន​សក់​ តែ​អត់​លលាដ៍​ក្បាល និង​កំទេច​ឆឹ្អង​ដូច​ធ្មេញ​។

ដុំ​សាច់​នោះ​​បន្ទាប់​ពីវះ​កាត់រួច​គ្រូ​ពេទ្យ​បាន​យក​ចេញ​មក​ក្រៅ​ដាក់​នៅ​ក្នុង​កែវ​ជ័រ ដើម្បី​ឱ្យ​អ្នក​ដែលទៅ​ចោម​រោម​មើល​ឃើញ​ផ្ទាល់​​ភ្នែក​ ព្រោះ​មិន​ចង់​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ផ្សេង​ទៀតឬ​ចង់​បញ្ជាក់​ថា ​គ្មាន​មនុស្ស​ប្រុស​ណា​មាន​កូន​​ឡើយ។ ពេល​នេះ​បុរស​ឈ្មោះ​យ៉េន ចាន់​នី​​កំពុង​ព្យាបាល​នៅ​ក្នុង​បន្ទប់​វះ​កាត់​នៅ​ឡើយ ៕