ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន ប្រកាស​ចាត់វិធានការ បុគ្គល​(​ជាង​៨០០​នាក់​) ដែល​ពាក់ព័ន្ធ​ករណី​ទារ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន នៅ​ខេត្តតាកែវ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​ប្រកាស​ចាត់វិធានការ​ចំពោះ​បុគ្គល ដែល​អះអាង​ថា ជា​អ្នក​សារព័ត៌មាន ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទារ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន (TOP DIAMOND CASINO)…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​ប្រកាស​ចាត់វិធានការ​ចំពោះ​បុគ្គល ដែល​អះអាង​ថា ជា​អ្នក​សារព័ត៌មាន ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទារ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន (TOP DIAMOND CASINO) នៅ​ខេត្តតាកែវ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា កន្លង​មក​ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត ចុះ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ តម្រូវ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន (TOP DIAMOND CASINO) នៅ​ខេត្តតាកែវ សហការ​ផ្តល់ នូវ​របាយការណ៍​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន​នេះ បាន​ផ្ដល់​លុយកាក់ និង​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​សារព័ត៌មាន និង​បាន​តម្រូវ​ឲ្យ​បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ រាយការណ៍​មក​ក្រសួង​ព័ត៌មាន ។

ក្រសួង​ព័ត៌មាន បាន​ទទួល​លិខិត​ឆ្លើយ​បំភ្លឺ និង​សុំ​អភ័យទោស​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន លើ​ករណី ដែល​ក្រុមហ៊ុន​នេះ បាន​ចេញ​លិខិត​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន ។

តាម​រយៈ​លិខិត​ឆ្លើយ​បំភ្លឺ និង​សុំ​អភ័យទោស​នេះ ក្រុមហ៊ុន​បាន​សន្យា​បន្ត​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​បញ្ហា ដែល​បាន​កើតឡើង​កន្លង​មក ព្រមទាំង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន លើ​អ្នក​សារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ពង្រឹងគុណភាព​ព័ត៌មាន និង​សណ្ដាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយនឹង​ការ​ឆ្លើយ​បំភ្លឺ និង​សុំ​អភ័យទោស ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន បាន​ផ្តល់​បញ្ជី​ឈ្មោះ បុគ្គល​ចំនួន ៨២៨​រូប ដែល​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន បាន​បញ្ជាក់​ថា ជា​អ្នក​សារព័ត៌មាន ដែល​បាន​មក​សុំ​លុយកាក់​ពី​ក្រុមហ៊ុន ជូន​ក្រសួង​ព័ត៌មាន ។ ចំនួន​នេះ ប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​អ្នក​សារព័ត៌មាន ដែល​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន ចេញផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​មក​ថា ៖ “​មាន​អ្នក​សារព័ត៌មាន​មក​ពី​អង្គភាព​ប្រមាណ​៧០០ ទៅ​៩០០​អង្គភាព មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សុំ​លុយកាក់ នឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​ហូរហែ​” ។

ក្រសួង​ព័ត៌មាន​សូម​បញ្ជាក់​ជូន​សាធារណជន​ថា ចំនួន​តួលេខ ដែល​ក្រុមហ៊ុន កាស៊ីណូ ថប​ដាយ​អឹ​មិន បាន​ចុះ​ផ្សាយ​នេះ មិនមែន​ជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល ដែល​បាន​អះអាង​ខ្លួន​ថា ជា​អ្នក​សារព័ត៌មាន​។

បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំង ៨២៨ រូប​នេះ បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន ហើយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ កំពុងធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ អំពី​ចំនួន​អង្គភាព​សារព័ត៌មាន ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​មាន​វិធានការ​បន្តបន្ទាប់​តាម​ផ្លូវច្បាប់ ។

ករណី​ការ​ចេញផ្សាយ និង​ការ​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​សារព័ត៌មាន​របស់​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន ក្រសួង​ព័ត៌មាន បាន​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា គឺ​ពិតជា​មាន​អ្នក​សារព័ត៌មាន ចូល​ទៅ​សុំ​លុយ​ក្រុមហ៊ុន​នេះ ប្រាកដ​មែន ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣ មាន​អ្នក​សារព័ត៌មាន ចំនួន​៤៣​រូប មក​ពី​ស្ថាប័ន​សារព័ត៌មាន ចំនួន​៣៤​អង្គភាព បាន​ចូលខ្លួន​មក​បំភ្លឺ នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍​ថា ខ្លួន​ពិតជា​បាន​ទៅ​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន ប្រាកដ​មែន​។ ចំណែក​អង្គភាព​សារព័ត៌មាន​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ជូន​ក្រសួង​ព័ត៌មាន អំពី​ការ​មិន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ ។

ដើម្បី​បន្ត​វិធានការ ចំពោះ​បុគ្គល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន និង​ដើម្បី​ការពារ​ភាព​ស្អាតស្អំ ចំពោះ​អ្នក​សារព័ត៌មាន ក្រសួង​ព័ត៌មាន តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន និង​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ករណី​សុំ​លុយ​ពី​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន ត្រូវ​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ឆ្លើយ​បំភ្លឺ នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន រៀងរាល់ថ្ងៃ​ធ្វើការ គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន រហូត​ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ជា​កំហិត ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ព័ត៌មាន សូម​ក្រើនរំលឹក​ជា​ចុង​ក្រោយ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច ជា​អ្នក​សារព័ត៌មាន ត្រូវ​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ សារព័ត៌មាន ជៀសវាង​ការ គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ប្រព្រឹត្តិ​កំហុសឆ្គង បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ធ្វើ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​កិត្យានុភាព​របស់​ស្ថាប័ន​ព័ត៌មាន និង​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន ។

ក្រសួង​បាន​គូសបញ្ជាក់​ថា ៖ «​ករណី​នៅ​តែ​មានការ​បំពាន​ច្បាប់ ស្តី​ពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ សារព័ត៌មាន ក្រសួង ព័ត៌មាន នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ