ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​បិទទ្វារ​កន្លែង​​ពិគ្រោះ​​ជំងឺ​​ច្រាំង​សេង​ត្រាយ​ និង​​ព្រមាន​​ឱសថស្ថាន​សេរីភាព

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ​សមត្ថ​កិច្ច​បាន​ចាប់ផ្ដើម​បើក​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹងទៅ​លើ​ឱសថ​ស្ថាន​ និង​កន្លែង​ពិគ្រោះ​ជម្ងឺ​នានាក្នុង​ក្រុង​សៀម​រាប​ ដែល​លួច​បន្លំ​ដាក់​តាំង​លក់់​ឱសថ​ហួសកាល​កំណត់ និង​ពុំ​មាន​បិទ​តែម​អនុញ្ញាត​ពី​ក្រសួង​សុខាភិ​បាលនាំ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។ ​កាលពី​ព្រឹក​ថ្ងៃ​ទី២០ ឧសភា ប៉ូលិស​ការិ​យាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​សៀម​រាប

ខេត្តសៀមរាប ៖ ​សមត្ថ​កិច្ច​បាន​ចាប់ផ្ដើម​បើក​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹងទៅ​លើ​ឱសថ​ស្ថាន​ និង​កន្លែង​ពិគ្រោះ​ជម្ងឺ​នានាក្នុង​ក្រុង​សៀម​រាប​ ដែល​លួច​បន្លំ​ដាក់​តាំង​លក់់​ឱសថ​ហួសកាល​កំណត់ និង​ពុំ​មាន​បិទ​តែម​អនុញ្ញាត​ពី​ក្រសួង​សុខាភិ​បាលនាំ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

​កាលពី​ព្រឹក​ថ្ងៃ​ទី២០ ឧសភា ប៉ូលិស​ការិ​យាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​សៀម​រាប​សហការ​ជាមួយ​មន្ដ្រី​ជំនាញមន្ទីរ​សុខាភិបាល​ខេត្ដ​បើក​យុទ្ធនា​ការ​ឆ្មក់​ចូល​ត្រួត​ពិ​និត្យ​ឱសថ​ស្ថាន​យីហោ «​សេរីភាព» របស់​លោក សៅ យូ​គុណ និងកន្លែង​ពិគ្រោះ​ជំងឺយីហោ «​ច្រាំង សេង​ត្រាយ» របស់​លោក​វេជ្ជ​ប​ណ្ឌិត​ច្រាំង សេង​ត្រាយ ដែល​ជា​បុគ្គលិក​បំរើ​ការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ។ កន្លែង​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្បែរ​គ្នា​ក្នុងភូមិ​ដក​ពោ​ធិ៍ សង្កាត់​ស្ល​ក្រាម​កណ្ដាលក្រុង​ទេស​ចរណ៍សៀមរាប​ទល់មុខ​ផ្សា​រលើ​ធំ​ថ្មី ។
សមត្ថកិច្ចរក​ឃើញ​ឱសថ​ហួសកំណត់​ប្រើប្រាស់ និង​ឱសថ​មិន​មាន​បិទ​តែ​មអនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល​ប្រមាណ​២៥ប្រភេទ ហើយ​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​កន្លែង​ពិគ្រោះ​ជម្ងឺ​យីហោ​ច្រាំង សេង​ត្រាយ ខណៈ​ឱសថស្ថានយី​ហោ​សេរី​ភាព​ឱ្យ​ធ្វើ​កិច្ចសន្យា​ព្រមាន​។

ព្រះរាជ​អា​ជា្ញ​រង​អម​សាលាដំបូង​ខេត្ដសៀម​រាប លោកជួន សុ​បញ្ញា ដែល​បាន​ទៅ​ដល់​កន្លែង​​ត្រួតពិនិត្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ ឧសភា​មាន​ប្រសាសន៍​ថា «​យើង​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​កន្លែង​ពិគ្រោះ​ជំងឺរបស់​លោក​វេជ្ជ​បណ្ឌិត​ច្រាំង សេង​ត្រាយ ដោយ​យោង​ទៅ​តាម​ភស្ដុតាង​គ្រប់គ្រាន់ គឺ​សមត្ថកិច្ច​បាន​រក​ឃើញ​មានដាក់​តាំង​លក់​ឱសថរួម​គ្នា​ជាមួយ​សេវាកម្ម​ពិគ្រោះ​ជម្ងឺ ជា​ពិសេស​នៅក្នុង​នោះ​ក៏​មាន​ដាក់​លក់​ឱសថ​ហួសកំណត់​​ប្រើប្រាស់ និង​ពុំ​មាន​បិទ​តែម​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​សុខា​ភិបាល​ នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ប្រើប្រាស់ ។ ករណី​ទាំង​ហ្នឹង​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​វា​គ្រប់គ្រាន់​ក្នុង​ការ​បិទទ្វារ​កន្លែង​​នោះ​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត» ។

លោក​បន្ដ​ថា «​ករណី​នេះ​បើ​និយាយ​ពី​ច្បាប់​ គឺ​វេ​ជ្ជ​ប​ណ្ឌិត​ច្រាំង សេង​ត្រាយ ពិបាក​គេច​ផុត​ពី​ការចោទប្រកាន់​ណាស់​ ពីព្រោះ​មាន​ភាស្ដុតាង​ដាក់បន្ទុក​គ្រប់គ្រាន់ ណាមួយ​រូប​គាត់​មាន​ឋានៈ​ដល់​ទៅ​ជា​វេជ្ជប​ណ្ឌិតបាន​រៀន​ពី​ក្រម​សីល​ធ​ម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ត្រឹមត្រូវ និងដឹង​ច្បាប់​ហើយ​ប្រព្រឹត​្តខុសច្បាប់​ដើម្បី​ប្រយោជន៍​លក់​ថ្នាំ​ហួស​កំណត់​ទៅ​ឱ្យ​អ្នកជំងឺ​របស់​ខ្លួនដោយ​មិន​ខ្វល់​ពី​ការ​ខាតបង់​លុយកាក់ និង​ប៉ះ​ពាល់​ដល់សុខភាព​ប្រជាពលរដ្ឋ»។

លោក​វរ​សេនីយ៍​ទោសឿ​ន សេន ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការដ្ឋាន​នគ​របាល​ខេត្ដ​ដែល​បាន​ដឹកនាំ​កម្លាំង​បើ​ក​ប្រតិបត្ដិ​ការ​នោះ​ប្រាប់​ថា ​យុទ្ធ​នាការ​​ប្រកប​ដោយ​ជោគ​ជ័យ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ចង្អុ​ល​បង្ហាញ​​ពី​​លោក​ឧត្ដមសេនីយ៍ត្រីសត ណា​ឌី ស្នងការ​នគរបាល​ខេត្ដសៀមរាបឱ្យ​ប​ង្ក្រាប​​រាល់​ឱសថស្ថាន និងកន្លែង​ពិគ្រោះ​ជម្ងឺទាំងឡាយ​ណា​ដែល​មាន​ដាក់​លក់​ឱសថ​ហួស​កំណត់​ឱ្យ​ប្រើ​ប្រាស់ និង​គ្មាន​ចុះ​ប​ញ្ជិកា​ត្រឹមត្រូវ ។ ​​យើង​បាន​បើក​យុទ្ធនាការ​ជាក់ស្ដែង ដោយ​សហការ​ជា​មួយ​​​មន្ដ្រី​ជំនាញ​មន្ទីរសុខាភិ​បាល​ខេត្ដចុះ​ឆែក​ឆេរ​​ទៅ​លើ​ឱសថស្ថាន និង​កន្លែង​​ពិគ្រោះជំងឺ​ទាំង​ពីរ​នោះ​ ហើយបាន​រក​ឃើញ​​អ្វី​​ដែល​បាន​សង្ស័យ​មែន ។

លោក​បន្ដ​ទៀត​ថា ​យើង​បានដឹង​ថា ​នៅ​ក្នុង​ខេត្ដសៀមរាប​ទាំងមូល​មាន​ឱសថស្ថាន និង​កន្លែងពិគ្រោះជំងឺរាប់​សិប​កន្លែង ហើយ​មានការ​សង្ស័យ​ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​ប្រ​ព្រឹត្ត​កំហុសឆ្គង​ដូច​គ្នាដែល​ទាមទារឱ្យកម្លាំង​លោក​ប្ដេ​ជា្ញ​ខ្ពស់ក្នុង​ការ​ប​ង្ក្រាប​ដូច​ភ្លៀងរលឹម ដើម្បី​បញ្ចៀស​ឱ្យ​បាន​នូវ​ការ​ខាត​បង់​ថវិកា និង​ប៉ះពាល់ដល់​សុខ​ភាព​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ទិញ​ថ្នាំ​ទាំង​អស់​នោះ​យក​ទៅ​ប្រើ​ប្រាស់ ។

ប្រធាន​ការិយាល័យ​ឱសថ​នៃ​មន្ទីរ​សុខាភិ​បាល​ខេត្ដសៀមរាប លោកស្រីលី​ វណ្ណៈ ដែល​បាន​ចូល​រួមក្នុង​ប្រ​តិ​បត្ដិកា​រប​ង្ក្រាប​នោះ​ថ្លែង​ប្រាប់​​ថា ​នៅ​ក្នុង​យុទ្ធនាការ​ឆែកឆេរ​ទៅ​លើ​ឱសថស្ថាន​សេរីភាព និង​កន្លែង​ពិគ្រោះ​ជំងឺ​ច្រាំង សេង​ត្រាយយើង​​រឹបអូស​បាន​ឱសថ​មិន​ប្រក្រតី​ចំនួន២៥ប្រភេទមាន​ចំនួន​រាប់​សិប​គ្រាប់​សម្រាប់​យក​ទៅ​កំទេច​ចោល ។ ការ​ឆែកឆេរ​ទៅ​លើ​ឱសថ​ស្ថាន​សេរីភាព​យើង​បានរក​​ឃើញ​ឱសថ​អត់​បិទ​លតាប័ត្រ​ចំនួន៤មុខ និងឱសថ​ហួស​កាលកំណត់​ប្រើ​ចំនួន១១មុខ​ ។ ដោយឡែក​នៅ​កន្លែង​ពិគ្រោះជំងឺ​របស់​វេជ្ជបណ្ឌិត ច្រាំង សេង​ត្រាយ ដែល​នៅ​ក្បែរ​គ្នា​នោះ​យើង​បាន​រឹបអូស​ឱសថ​ហួសកាល​កំណត់​ឱ្យ​ប្រើប្រាស់​ចំនួន១០ មុខ និង​ឱសថ​អត់​បិទ​លតាប​័ត្រ​ចំនួន​១៥​មុខ​។

លោកស្រី​បាន​បន្ដ​ទៀត​ថា ​យើង​ដឹង​ថា​ វា​នៅ​មាន​ឱសថ​មិន​ប្រ​ក្រ​តី​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​លួច​បន្លំ​ដាក់​លក់​នៅ​ក្នុង​ឱសថស្ថាន និង​កន្លែង​ពិគ្រោះ​ជំងឺ​ច្រើន​សន្ធឹកសន្ធាប់​ទៀ​តនៅ​ក្នុង​ខេត្ដសៀមរាប ដូច្នេះកា​រប​ង្ក្រាបជំ​ហាន​ដំបូង​​នេះ​ស​ង្ឃឹម​ថា ​វា​នឹង​ក្លាយជា​សា​រដ៏សំខាន់​មួយ​បង្អើល​ដល់​អ្នក​កំពុង​ប្រ​ព្រឹត្ត​កំហុសឆ្គង​​ឱ្យ​ប​ញ្ឈប់​ជា​បន្ទាន់​​ចៀសវាង​កា​រប​ង្ក្រាប និង​ផាក​ពិន័យ​ធ្ងន់ធ្ងរ ។ ចំណែក​លោកសៅ យូ​គុណ ម្ចាស់​ឱសថ​ស្ថា​នសេរីភាព​បានទទួលស្គាល់​ថា​ នេះ​ពិ​តជាកំ​ហុ​សឆ្គង​​របស់​លោកដែល​ខ្វះការ​ប្រុង​
ប្រ​យ​ត្ន័​មិនរើស​ឱសថ​មិន​ប្រ​ក្រ​តីចេញ មក​ពី​ថ្នាំ​មាន​ចំនួន​ច្រើន​ពេក ។ លោក​បន្ត​ថា ​គ្មាន​អ្នក​ណា​ចង់ឱ្យ​ខូច​ឈ្មោះ​កន្លែង​រកស៊ី​ទេ ម្យ៉ាង​ទៀត​ថ្នាំ​ដែល​ហួសកាល​បរិច្ឆេទប្រើប្រាស់​​លោក​មិន​ខាត​បង់​ទេ​ ព្រោះ​ខាង​ក្រុមហ៊ុន​ធំ​​ធានា​ដូ​រ​ឱ្យ​វិញ តែ​នេះ​ជា​កំហុសឆ្គង​មួយ​​។

នៅ​វេលា​ថ្ងៃ​ត្រង់ថ្ងៃ​ដដែលនោះ ​លោក​វេជ្ជ​ប​ណ្ឌិត​ច្រាំង សេង​ត្រាយ យើងមិន​អាច​ជួប ​ដើម្បីសុំ​ការ​ពន្យល់​ពី​ករណី​​ដែលសមត្ថ​កិច្ច​បិទ​កន្លែង​របស់​លោក​ទេ ​ដោយ​សាច់ញាតិ​លោ​ក​ប្រាប់ថា ​លោក​រវល់​ទៅ​បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ។ ​លោក​វរ​សេនីយ៍​ទោសឿ​ន សេន ប្រធាន​ការិយាល័យប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការ​ដ្ឋាននគរបាល​ខេត្ដ​​ថ្លែង​ថា សម្រាប់​​ឱសថ​ស្ថាន​សេរី​ភាព វា​ជាលើក​ដំបូង​យើង​គ្រាន់តែ​ដក​ហូត​ថ្នាំ​មិន​ប្រ​ក្រ​តី​យក​ទៅ​កំទេច​ចោល និង​ឱ្យ​ធ្វើ​កិច្ចសន្យា​កុំឱ្យ​មាន​ថ្ងៃក្រោយប៉ុណ្ណោះ ​ចំណែក​កន្លែង​ពិគ្រោះ​ជំងឺ​ច្រាំង សេង​ត្រាយ យើង​ធ្វើ​ទៅ​តាម​ច្បាប់ ​ព្រោះ​ខាង​មន្ទីរ​ជំនាញ​ធ្លាប់​បានឱ្យ​ធ្វើ​កិច្ច​សន្យា​ម្ដង​ហើយ​នៅ​តែបំពាន ៕