រាជធានីភ្នំពេញ ៖ គណៈបញ្ជាការខណ្ឌសែនសុខបានចុះត្រួតពិនិត្យទីតាំងបើកអ៊ីនធើរណេត និងលេងហ្គេមពង្វក់ក្មេងៗ និងសិស្សសាលា តាមបណ្តោយផ្លូវលេខ១០១៩ ហៅផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រោះទីតាំងអ៊ីនធើរណេតនេះស្ថិតនៅក្បែរសាលាក្មេងរៀន ។ ការចុះត្រួតពិនិត្យនេះដឹកនាំដោយលោកឃួង ស្រេង អភិបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌសែនសុខ ដឹកនាំដោយលោកម៉ក់ ហុង និងមន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខ លោកគិត សុផល ។
យោងតាមសម្តីរបស់លោកឃួង ស្រេង អភិបាលខណ្ឌបានប្រាប់ថា ការចុះឆែកឆេរ ទីតាំងអ៊ីនធើរណេត២កន្លែងនេះមានយីហោ ប៉ូឡូ NET ទូរស័ព្ទក្រៅប្រទេស ផ្ទះលេខ២៣៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង១ទៀត យីហោ ហូសានណា អ៊ីនធើរណេត ផ្ទះជាប់គ្នា ។ ការត្រួតពិនិត្យនេះដើម្បីរកមើលថា មានច្បាប់អនុញ្ញាត ឬក៏អត់ និងមានហ្គេមប្រភេទស៊ីសងដែរឬទេ ។ អ្វីដែលសំខាន់គឺទីតាំងទាំង២កន្លែងនោះក្បែរសាលាបឋមសិក្សាភ្នំពេញថ្មីផង ព្រោះខ្លាចក្មេងៗគេចសាលាមិនព្រមចូលរៀន ទើបសមត្ថកិច្ចចុះត្រួតពិនិត្យ គឺពិតជាមានក្មេងៗច្រើននាក់ចូលលេងហ្គេម ដោយពួកគេមិនព្រមចូលរៀនទេ បែរជាចូលទៅបើកអ៊ីនធើរណេតលេងហ្គេម ខ្លះទៀតស្តាំបទចម្រៀង ។ នេះគឺជាកង្វល់របស់អាជ្ញាធរ ទើបយើងសម្រេចចិត្តផ្អាកទីតាំងទាំងពីរនេះបណ្តោះអាសន្នសិន និងដកហូតរបស់របរមួយចំនួនយកទៅរក្សាទុកនៅសាលាខណ្ឌ ៕
ចែករំលែកព័តមាននេះ