ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ក្លាហាន​មិន​ខ្លាចខ្លា​ហែក​មែន​! ហ៊ាន​បោះ​បង្គោល​ថ្ម​លើ​ទ្រូង​ផ្លូវជាតិ​ទាំង​ថ្ងៃ អត់​អ្នក​ណា​ហ៊ាន​ឃាត់

1 ឆ្នាំ មុន
  • កែប

ប្រជាពលរដ្ឋ​នៅ​កណ្ដាល​ក្រុងកែប មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​បានឃើញ​គេ​បោះ​របង​ថ្ម​ចំពាក់​កណ្ដាល​ទ្រូងផ្លូវ​កៅស៊ូ​សាធារណៈ​បែប​នេះ ស្ថិត​នៅ​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​នៅ​កណ្ដាល​ក្រុងកែប មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​បានឃើញ​គេ​បោះ​របង​ថ្ម​ចំពាក់​កណ្ដាល​ទ្រូងផ្លូវ​កៅស៊ូ​សាធារណៈ​បែប​នេះ ស្ថិត​នៅ​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ។

ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​គេ​បោះ​របង​ថ្ម​លើ​ផ្លូវជាតិ បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​យើង​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពួក​គាត់​បានឃើញ​មនុស្ស​មួយ​ក្រុម ជិះឡាន​ទំនើប​មួយ​គ្រឿង ហើយ​យក​គ្រឿងចក្រ​មក​ខួង​ផ្លូវជាតិ​ចំ​កណ្ដាល​ដាក់​បង្គោល​ថ្ម​លើ​ផ្លូវជាតិ​រាប់​សិប​បង្គោល ដោយ​គ្មាន​ឃើញ​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្ត​ហាមឃាត់​នោះ​ទេ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ផ្លូវជាតិ​មួយ​ខ្សែ​នេះ បាន​ធ្វើ​ជិត​១០​ឆ្នាំ​មក​ហើយ ពេល​នេះ​បើ​គេ​បោះបង្គោល​ថ្ម​លើ​ទ្រូងផ្លូវ​ចឹ​ង វា​ពិតជា​មិន​ត្រូវ​សោះ​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គេ​បានឃើញ​មន្ត្រីសង្កាត់​កែប​មួយ​រូប មន្ត្រី​សូ​រិ​យោ​ដី​ក្រុងកែប​មួយ​រូប និង​មន្ត្រី​សាលា​ក្រុងកែប​មួយ​រូប ចុះ​មក​កន្លែង​គេ​បោះបង្គោល​ថ្ម​លើ​ផ្លូវជាតិ​ខាងលើ​។ ប៉ុន្តែ​ខាង​មន្ត្រី​ទាំង​៣​រូប​នោះ មិន​បាន​បំភ្លឺ​សាច់​រឿង​លំអិត​អោយ​សារព័ត៌មាន​ដឹង​ទេ គ្រាន់តែ​និយាយ​ថា ម្ចាស់​ដី​បោះបង្គោល​ថ្ម​លើ​ផ្លូវជាតិ គេ​មាន​ប្លង់​រឹង​ដល់​មាត់​អូរ​ហើយ តែ​ឈ្មោះ​ម្ចាស់​ដី​នេះ​ពួក​គាត់​អត់​ស្គាល់ឈ្មោះ​ទេ ទាល់តែ​អ្នក​ខ្លាំង​ណាស់ ទើប​ហ៊ាន​ធ្វើ​បែប​នេះ​។

ដោយឡែក មាន​មន្ត្រី​សាលា​ក្រុងកែប​មួយ​រូប បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា «​ដី​ខាងលើ​នឹង ក្នុង​រយៈពេល​៣-៤​ឆ្នាំ​មុន ម្ចាស់​ដី​ធ្លាប់​យក​របង​ឈើ​ដាំ​លើ​ផ្លូវជាតិ​នឹង​ម្ដង​ហើយ តែ​អាជ្ញាធរ​ក្រុង និង​ខេត្ត មក​ហាមឃាត់ ក៏​ផ្អាក​ធ្វើ​រហូត​មក​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ស្រាប់តែ​មក​ធ្វើ​ម្ដងទៀត​។ ម្ដងនេះ ម្ចាស់​ដី​ខាងលើ មិន​បាន​សុំ​ការ​អនុញ្ញាតិ​ពី​សាលា​ក្រុងកែប​ទេ នេះ​ជា​រឿង​ខុសច្បាប់​»​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​ប្រាប់​អោយ​ដឹង​ថា «​ម្ចាស់​ដី​ខាងលើ គឺជា​មន្ត្រី​ប៉ូលិស​ថ្នាក់​ផ្កាយ និង​ជា​អ្នកមាន​លុយ​ច្រើន​»​។

សារព័ត៌មាន​យើង​ពុំ​អាច​ទទួល​បានការ​បំភ្លឺ​ពី​ម្ចាស់​បង្គោល​ថ្ម​នេះ​បាន​ទេ ព្រោះ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ​។ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ