រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់ការរៀនមិនគិតថ្លៃក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាពទាំង ១០ នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ចតាមវិស័យ និងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយ អាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា ។
នេះបើតាមការថ្លែងបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខា ភ្នំពេញ និងរ៉េស៊ីដង់ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ។
ឯកឧត្តម ហេង សួរ បានបង្ហាញថា វិស័យអាទិភាពទាំង១ ០ នោះ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌ មានវិទ្យា ។ ដោយឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដូនតាត្រូវបានរៀបចំ និងអនុវត្ត ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតា ឱ្យបានគង់វង្ស និងអភិវឌ្ឍ «ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី» ។
ឯកឧត្តម ហេង សួរ ក៏បានគូសបញ្ជាក់ដែរថា ជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជនជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាលបានដំណើរការ ហើយក៏មិនត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ ។ ជោគជ័យពិតប្រាកដ គឺត្រូវសម្រេចឱ្យបាននូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញ គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ។
ដូចនេះ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ ដោយបានរៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាព សម្រាប់ការបណ្ដុះបណ្ដាល ដោយបានកំណត់ជាស្តង់ដានូវជំនាញនីមួយៗ គឺមានចាប់ពី ៥ ទៅ ៦ ម៉ូឌុល ហើយក្នុងម៉ូឌុលនីមួយៗ គឺត្រូវមានម៉ោងរៀនយ៉ាងតិច ៦៣០ ម៉ោង រួមទាំងទ្រឹស្តី ការអនុវត្តនៅរោងជាង និងការចុះកម្មសិក្សានៅតាមវិស័យឯកជន ។
ម៉ូឌុលទី ១ អំពីជំនាញទន់ ត្រូវបានបញ្ចូលទៅគ្រប់ជំនាញទាំងអស់ ដោយផ្តោតលើការធ្វើការងារជាក្រុម, សុវត្ថិភាព និងសុខភាព ការងារ (OSH), KAIZEN (5S), ការរៀបចំបែងចែកអាទិភាពការងារ និងការគ្រប់គ្រងពេលវេលា, ការប្រាស្រ័យទាក់ទងនៅកន្លែងការងារ, សហគ្រិនភាព, មូលដ្ឋាន ជំនាញបៃតង, មូលដ្ឋានច្បាប់ស្តីពីការងារ និងចរណៈវិជ្ជា, ព្រមទាំងមានការគោរពទង់ជាតិជារៀងរាល់ម៉ោង ៧ ព្រឹក និងការហាត់កីឡាចំនួន ៣០ នាទី មុននឹងចាប់ផ្តើមចូលរៀននៅម៉ោង ៨ ព្រឹកផងដែរ ។ ទន្ទឹមនេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក៏មានសម្រាប់ការសិក្សាវេនយប់ និងវេនចុង សប្តាហ៍ថ្ងៃសៅរ៍-អាទិត្យ ដែលអាចផ្តល់ជម្រើស និងភាពបត់បែនបន្ថែមលើវេនធម្មតាដល់ក្រុមគោលដៅអាចចូលរៀនបាន ដោយឆ្លើយតបតាមតម្រូវការការងារនៅភូមិសាស្ត្រមូលដ្ឋានទៀតផង ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ទៀតថា មិនត្រឹមតែការសិក្សាទ្រឹស្តីនៅសាលានោះទេ ប៉ុន្តែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយសភាពាណិជ្ជកម្ម និងសមាគមនិយោជកតាមវិស័យនានាចំនួន ១៧ ដើម្បីផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលនឹងចុះឈ្មោះរៀនកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឱ្យយុវជនជាគោលដៅអាចផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការ និងធានាថា សិស្សមានសមត្ថភាពអាចធ្វើការងារបានពិតប្រាកដក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ