ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីសុរិយោដីស្រុកបរិបូណ៌ម្នាក់ត្រូវជនពុំស្គាល់មុខបាញ់ដោយកាំភ្លើងខ្លីត្រូវចំត្រគាកខាងឆ្វេងបៀមក្បាលគ្រាប់ ខណៈកំពុងបើករថយន្តត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ឧសភា នៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចមុខវត្តផ្សារ ក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។
បុរសនោះឈ្មោះហើង ពុទ្ធារិទ្ធ អាយុ៣៩ឆ្នាំ ។ ក្រោយពេលវះកាត់យកក្បាលគ្រាប់ចេញ រួចហើយលោកប្រាប់ថា លោកបើករថយន្តផ្ទាល់ខ្លួនម៉ាកកាមរីគូទប៉ោងពណ៌ខ្មៅចេញពីក្រុងកំពង់ឆ្នាំងទៅផ្ទះនៅស្រុកបរិបូណ៌ លុះបើកទៅដល់ចំណុចកើតហេតុស្រាប់តែឃើញបុរសម្នាក់ចេញមកស្ទាក់ឱ្យឈប់ ។ លោកមិនឈប់ទេ ហើយត្រូវបុរសនោះដកកាំភ្លើងខ្លីបាញ់រថយន្តលោកត្រូវទ្វារមុខខាងឆ្វេង ហើយធ្លាយត្រូវត្រគាកលោកខាងឆ្វេង។ ទោះបីជាបែបណាក្តី លោកមិនឈប់រថយន្តទេ គឺព្យាយាមបើករហូតដល់ផ្ទះ ទើបឱ្យបងប្អូនដឹកទៅ មន្ទីរពេទ្យ។
សមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ដែលស្រាវជ្រាវរឿងនេះឱ្យដឹងថា ប៉ូលិសរកឃើញសំបកគ្រាប់កាំភ្លើងខ្លីមួយគ្រាប់ម៉ាកK54 នៅកន្លែងកើតហេតុ ហើយបានអះអាងថា មិនមែនជារឿងប្លន់ប្រដាប់អាវុធទេ គឺជារឿងគំនុំ។ ប៉ូលិសស្រាវជ្រាវជាជំហានដំបូងបានរកឃើញថា អាចជាគំនុំស្នេហ៍ត្រីកោណ ៕
ចែករំលែកព័តមាននេះ