ខ្វែងគំនិតគ្នា! ជុំវិញរដ្ឋធានីដេលីស្នើបង្កើតភ្លៀងសិប្បនិម្មិតលាងសម្អាតខ្យល់ពុ.ល
ឥណ្ឌា ៖ រដ្ឋាភិបាលរដ្ឋធានីដេលី (Delhi) គ្រោងនឹងបង្កើតការបណ្តុះពពក ដែលជាបច្ចេកទេស
ឥណ្ឌា ៖ រដ្ឋាភិបាលរដ្ឋធានីដេលី (Delhi) គ្រោងនឹងបង្កើតការបណ្តុះពពក ដែលជាបច្ចេកទេស
ឥណ្ឌា ៖ រដ្ឋាភិបាលរដ្ឋធានីដេលី (Delhi) គ្រោងនឹងបង្កើតការបណ្តុះពពក ដែលជាបច្ចេកទេសបង្កើតភ្លៀងសិប្បនិម្មិត (Artificial Rain) ដើម្បីធ្វើការលាងខ្យល់ពុលគ្របដណ្តប់ដ៏ខ្លាំងក្លាលើទីក្រុងនេះ ដោយបច្ចុប្បន្នកំពុងរងចាំតែការយល់ព្រមពីតុលាការកំពូលឥណ្ឌា។ ប៉ុន្តែទោះយ៉ាងណា សំណួរនៅតែត្រូវបានសួរថា តើភ្លៀងសិប្បនិម្មិត អាចលុបបំបាត់បញ្ហាបំពុលខ្យល់បានដែរឬទេ? នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពីសប្តាហ៍មុន ខណៈដែលទីក្រុងដេលីបានប្រយុទ្ធនឹងខ្យល់ពុលអស់ជាច្រើនថ្ងៃ រដ្ឋមន្ត្រីបរិស្ថានទីក្រុងបានថ្លែងថា រដ្ឋាភិបាលលោកកំពុងពិចារណាលើបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយកម្រិតបំពុល។ ផលផ្លែនៃផែនការនេះ នឹងអាស្រ័យលើការយល់ព្រមពីតុលាការកំពូលឥណ្ឌា ឬក៏អាចជាក្រសួងសហព័ន្ធមួយចំនួនផងដែរ ហើយប្រសិនបើកើតឡើង ផែនការនេះ អាចត្រូវបានអនុវត្តនៅចុងខែវិច្ឆិកា អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
នេះមិនមែនជាលើកទី១ទេ ដែលផែនការនេះ ត្រូវបានស្នើឡើងជាដំណោះស្រាយអាចកើតមានសម្រាប់ការបំពុលបរិយាកាសនៅទីក្រុងដេលី។ ប៉ុន្តែអ្នកជំនាញខ្លះអះអាងថា នេះគឺជាផែនការដ៏ស្មុគស្មាញ និងមានតម្លៃថ្លៃ ដែលប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលមិនត្រូវបានបញ្ជាក់ទាំងស្រុងនោះទេ ហើយការស្រាវជ្រាវបន្ថែមទៀតត្រូវធ្វើចាំបាច់ ដើម្បីយល់ពីផលប៉ះពាល់បរិស្ថានរយៈពេលវែង។
យ៉ាងណាមិញ ការបំពុលរបស់ទីក្រុងដេលី បន្តប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន និងបានក្លាយជាចំណងជើងជាសកល ខណៈដែលមេដឹកនាំនយោបាយហាក់ដូចជាអស់សង្ឃឹមសម្រាប់ដំណោះស្រាយ។ ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងដេលី ដែលវាស់កម្រិត PM 2.5 ឬភាគល្អិតល្អក្នុងខ្យល់បានឆ្លងកាត់សញ្ញាសម្គាល់ចំនួន ៤៥០ ជាប់លាប់ ហើយបន្ទាប់ពីភ្លៀងធម្មជាតិធ្លាក់មួយភ្លែតកាលពីចុងសប្តាហ៍បានធ្វើឱ្យមានការបំពុល គុណភាពខ្យល់ប្រែទៅជាមានគ្រោះថ្នាក់ម្តងទៀត កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ចំពេលដែលប្រជាជនបានដុតកាំជ្រួច ដើម្បីអបអរពិធីបុណ្យឌីវ៉ាលី (Diwali) ។
ការបំពុលគឺជាបញ្ហាពេញមួយឆ្នាំនៅក្នុងទីក្រុងដេលី ដោយសារកត្តាជាច្រើន រួមទាំងការបំភាយយានយន្ត និងឧស្សាហកម្មកម្រិតខ្ពស់ និងធូលី។ ប៉ុន្តែខ្យល់ក្នុងទីក្រុងប្រែទៅជាពុលខ្លាំងជាពិសេសក្នុងរដូវរងា ដោយសារកសិករក្នុងរដ្ឋជិតខាងដុតសំណល់ដំណាំ ហើយល្បឿនខ្យល់ទាបនាំឱ្យកំហាប់ជាតិពុលកាន់តែខ្ពស់។
រដ្ឋាភិបាលក្រុងដេលី បានប្រកាសការឈប់សម្រាករដូវរងាសម្រាប់សាលារៀន និងហាមឃាត់សកម្មភាពសាងសង់ ខណៈបច្ចុប្បន្នកំពុងសង្ឃឹមថា តុលាការកំពូលឥណ្ឌា ដែលកំពុងស្តាប់ញត្តិទាក់ទងនឹងខ្យល់ពុលក្រុងដេលី នឹងផ្តល់ភ្លើងខៀវសម្រាប់ការបង្កើតភ្លៀងសិប្បនិម្មិត។ ហេតុផលគឺថា ទឹកភ្លៀងអាចជួយលាងសម្អាតភាគល្អិតនៅក្នុងបរិយាកាស ធ្វើឱ្យខ្យល់ស្អាត និងមានខ្យល់ចេញចូលកាន់តែច្រើន។ ទីក្រុងមួយនេះ បានជួបប្រទះនឹងការចាប់ផ្តើមលើកដំបូងកាលពីសប្តាហ៍មុន បន្ទាប់ពីភ្លៀងធ្លាក់មួយរយៈកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដែលបានធ្វើឱ្យកម្រិតបំពុលធ្លាក់ចុះ ប៉ុន្តែអ្នកជំនាញនៅតែមិនច្បាស់ថា ទំហំភ្លៀងសិប្បនិម្មិតមានប្រយោជន៍កម្រិតណានោះទេ។
លោក Abinash Mohanty អ្នកជំនាញការបម្រែបម្រួលអាកាសធាតុ និងនិរន្តរភាពបានថ្លែងថា «ឥឡូវនេះ គ្មានភស្តុតាងជាក់ស្តែងណាមួយដែលបង្ហាញថា AQI នឹងធ្លាក់ចុះដោយសារភ្លៀងសិប្បនិម្មិត យើងក៏មិនដឹងថា ឥទ្ធិពលវាជាអ្វីនោះទេ ព្រោះនៅទីបញ្ចប់អ្នកកំពុងព្យាយាមកែប្រែដំណើរការធម្មជាតិ។ ការបំពុលមិនអាចដោះស្រាយបានដោយគ្រាន់តែប្រើប្រាស់អថេរឧតុនិយមដូចជាទឹកភ្លៀង និងល្បឿនខ្យល់នោះទេ។ យើងត្រូវតែខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីទប់ស្កាត់ការបំពុលបរិយាកាសជាជាងការពិសោធន៍សាកល្បង និងកំហុសដែលនៅរាយប៉ាយ»៕
ចែករំលែកព័តមាននេះ