ខេត្តបាត់ដំបង ៖ កាំភ្លើងធុន M.79 មួយដើម និងគ្រាប់ចំនួន១៣គ្រាប់ ត្រូវបានអ្នកដើររើសអេតចាយម្នាក់ប្រទះឃើញ រួចរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ វិច្ឆិកា នៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិរំចេញ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលគេសង្ស័យអាចមានអ្នកយកទៅប្លុងចោលនៅទីនោះ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាំភ្លើងធុន M.79 នោះ មានស្ថានភាពច្រេះចាប់ខូចខាតទៅហើយ ត្រូវបានអ្នករើសអេតចាយម្នាក់ ឈ្មោះ នាត ពិទូ ប្រទះឃើញនៅក្នុងគុម្ពោធព្រៃ ពេលគាត់ព្យយាមវែកព្រៃចូលទៅរករើសអេតចាយ។ ក្រោយពីប្រទះឃើញ បុរសនេះក៏បានផ្ដល់ដំណឹងជូនសមត្ថកិច្ចភ្លាមៗដែរៗ ដើម្បីចុះពិនិត្យ។
ពាក់ព័ន្ធនឹងការប្រទះឃើញកាំភ្លើង M.79 និងគ្រាប់ចំនួន១៣គ្រាប់ខាងលើនេះ ពុំទាន់មានប្រភពច្បាស់លាស់អះអាងបែបណាទេ តែគេសង្ស័យជំហ៊ានដំបូងថា កាំភ្លើងនេះ អាចត្រូវបានគេ(ម្ចាស់កាំភ្លើង) យកទៅប្លុងចោលនៅទីនោះ ។ ព្រោះបើពិនិត្យលើស្ថានភាពកាំភ្លើងនេះ មានសភាពច្រេះចាប់ទាំងគ្រាប់ ទាំងកាំភ្លើង ខូចខាតអស់ស្ទើរទាំងស្រុងទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចុះពិនិត្យ គេបានរាយការណ៍ទៅកាន់អង្គភាពកំចាត់មីន ស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុកហើយ។ ទោះយ៉ាងណា ជុំវិញការប្រទះឃើញកាំភ្លើងធុន M.79 ខាងលើនេះ ដោយលើស្ថានភាពកន្លែងកើតហេតុ និង ស្ថានភាពកាំភ្លើងនេះ គេបានសន្និដ្ឋានជាបឋមថា ប្រសិនជាបើកាំភ្លើងនេះនៅប្រើការបាន ប្រហែលម្ចាស់មិនយកទៅបោះចោលនៅទីនោះទេ តែនេះដោយសារកាំភ្លើងប្រើការលែងកើតទើបគេយកទៅផ្លុងចោលបំបាត់ដានបែបនេះ៕
ចែករំលែកព័តមាននេះ