ខែនេះសឹងដាច់ខ្យល់។ នេះជាពាក្យដែលយុវជន និយុវតីកម្ពុជាមួយចំនួនបាននិយាយ នៅពេលដែលពួកគេចាយលុយប្រាក់ខែសឹងតែអស់ មុនពេលដែលទទួលបានប្រាក់ខែថ្មី។ ការគ្រប់គ្រងលុយជាចំណេះដែលមនុស្សគ្រប់រូបត្រូវតែសិក្សា ដកពិសោធន៍ និងស្វែងយល់ បើមិនចង់ឲ្យយើងក្លាយខ្លួនជាមនុស្សសល់តែសំបកខ្លួន ។

គ្រួសារខ្លះបានបង្វឹក និងផ្តល់បទពិសោធន៍នៃការគ្រប់គ្រងលុយដល់បុត្រធីតារបស់ខ្លួនតាំងពីកុមារភាព ប៉ុន្តែជាទូទៅមនុស្សច្រើនតែចាប់ផ្តើមស្វែងយល់អំពីរបៀប គ្រប់គ្រងលុយ ចាប់ពីយុវភាពតទៅ ។

របៀបនៃការគ្រប់គ្រងលុយ ឬការរៀបចំផែនការហិរញ្ញវត្ថុពិតជាសំខាន់សំរាប់យុវវ័យគ្រប់រូប ដើម្បីធានាថា អ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ ។ ថ្ងៃនេះកម្មវិធីលុយ នឹងចែករំលែកអំពើរបៀបនៃការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការគ្រប់គ្រងលុយដែលយុវជនត្រូវតែពិចារណា។
១- គម្រោងហិរញ្ញវត្ថុផ្ទាល់ខ្លួន
ការរៀបចំចំណូល និងចំណាយជាប្រចាំ ជួយអោយយុវជន យុវតី ធានាបានថា ចាយលុយមិនសល់ថ្ងៃ ហើយមានប្រាក់សន្សំជាប្រចាំខែផងខែ ។ យុវវ័យដែលមានផែនការហិរញ្ញវត្ថុច្បាស់លាស់ មានសេរីភាពផ្នែកលុយកាក់ ចាយបានគ្រប់គ្រាន់ មិនខ្វះមុខ ខ្វះក្រោយ ។

២-តម្លៃពេលវេលានៃលុយ
លុយថ្ងៃនេះ មានតម្លៃជាងលុយនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំក្រោយ ដោយសារតែអ្នកអាចវិនិយោគវា ដើម្បីទទួលបានប្រាក់បន្ថែមទៀតនាពេលអនាគត ឬក៏អ្នកអាចសន្សំសំរាប់ការចំណាយរបស់អ្នកនាពេលអនាគត ។ ការយល់ដឹងអំពីតម្លៃពេលវេលានៃប្រាក់ ជួយអ្នកគណនាតម្លៃឱកាស ឬអ្វីដែលអ្នកមានសក្តានុពល នៅពេលអ្នកចំណាយប្រាក់។

ការកំណត់ម៉ោង ឬក៏ពេលវេលាច្បាស់លាស់ជាប្រចាំរបស់អ្នក ដែលទាក់ទងនឹងអ្វីដែលអ្នកអាចធ្វើបាន គឺអាចឲ្យអ្នកដឹងសក្តានុពល និងប្រសិទ្ធភាព ក៏ដូចជា ផលិតភាពការងារ ដែលអ្នកអាចធ្វើបាន។ ដូច្នេះអ្នកអាចលៃលក និងបង្កើនការងាររកចំណូលបានកាន់តែច្រើន។

៣- ស្គាល់ខ្លួនឯង
ដំបូង យើងត្រូវតែស្គាល់ខ្លួនឯងអោយច្បាស់ថា យើងខ្លាំងខាងអ្វីអោយពិតប្រាកដ ហើយយើងអាចយកជំនាញទាំងនោះ មកវិនិយោគធ្វើអាជីវកម្មដោយផ្ទាល់ខ្លួនបានទេ។ នៅក្នុងករណីអ្នកបរាជ័យ សូមកុំដេកដួល ត្រូវចេះក្រោកឈរឡើងវិញ បន្តដំណើរទៅមុខទៀត ដោយមិនបោះបង់ចោលគោលដៅរបស់អ្នក ។ អ្នកគួរតែសញ្ជឹងគិតថា តើជីវិ.តនឹងទៅជាយ៉ាងណា ប្រសិនបើពួកគេបាត់បង់អ្វីៗទាំងអស់។

៤-ការធ្វើពិពិធកម្ម
ការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបបំផុតមួយនៃយុគសម័យអ៊ីនធើរណេត និងឌីជីថល គឺជាការធ្វើពិពិធកម្មនៃប្រភពចំណូល ។ មនុស្សជាច្រើនអាចធ្វើការលើសពីមួយមុខនៅក្នុងអំឡុងពេលតែមួយ ដោយសារតែជំនួយនៃអ៊ីនធើរណេត និងឌីជីថលនីយកម្ម។ ដូច្នេះ អ្នកគួរចេះប្រើពេល ដើម្បី រកលុយតាមរយៈបណ្តាញសង្គម ដោយផលិតចេញជាមាតិកាដែលមានប្រយោជន៍ និងបម្រើមនុស្សនានា។


អត្ថបទដោយ ៖ ស ផាត់
ចែករំលែកព័តមាននេះ