រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនឯកជនធំៗ នេះបានអំពាវនាវឲ្យយុវជន និងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ខណៈដែលឱកាសការងារថ្មីៗចំនួន ២ ម៉ឺនកន្លែងមាននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ។
លោក ហែម សុផាន់ណា អនុប្រធានផ្នែកធនធានមនុស្សនាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុនតូយ៉ាតា (ខេមបូឌា ) មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ គឺជាឱកាសមួយដ៏ល្អសម្រាប់ផ្តល់ឱកាសដល់សិស្ស-និស្សិតស្វែងយល់ព័ត៌មានឱកាសការងារតាមបណ្តាលក្រុមហ៊ុន ក៏ដូចជាការតម្រង់ទិសឲ្យពួកគេយល់ពីតម្រូវការក្នុងវិស័យការងារដែលក្រុមហ៊ុនកំពុងត្រូវការ ។
លោកថា ៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលឃើញពិព័រណ៍ការងារ និងផលិតភាពជាតិពីមួយឆ្នាំទៅមួយឆ្នាំមានអ្នកចូលរួមច្រើនមកស្វែងយល់ពីព័ត៌មានទីផ្សារការងារដើម្បីពួកគេត្រៀម និងដាក់ពាក្យមកកាន់ក្រុមហ៊ុនដែលកំពុងជ្រើសរើសបុគ្គលិក» ។ លោកបន្ថែមថា សម្រាប់ពិព័រណ៍ការងារឆ្នាំនេះមានមុខតំណែងជាច្រើនដូចជាផ្នែកលក់ គណនេយ្យករ ធនធានមនុស្ស និងផ្នែកផ្សេងៗទៀតផងដែរ ។ លោកក៏បានអំពាវនាវឲ្យយុវជន និងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួន និង ស្វែងយល់ពីមុខតំណែង និងពង្រឹងសម្ថភាពភាសាបរទេសផងដែរ ។
ជាមួយគ្នានេះ លោក ម៉ែន វិបុលវីរៈ តំណាងក្រុមហ៊ុន Zando បានមានប្រសាសន៍ថា ពិព័រណ៍នេះជាឱកាសល្អសម្រាប់យុវជន និង អ្នកស្វែងរកការងារធ្វើដោយសារជាទូទៅបើគាត់ចំណាយពេលទៅរកការងារធ្វើនៅក្រុមហ៊ុននីមួយៗ គាត់ត្រូវចាយពេលវេលាច្រើន ។ លោកថា ៖ «វាជាឱកាសមួយផងដែរ ដែលយុវជន និងអ្នកស្វែងរកការងារធ្វើសម្លឹងមើលមុខតំណែងដែលពួកគាត់កំពុងរក» ។ លោកបន្ថែមថា យុវជន និងអ្នកស្វែងរកការងារធ្វើត្រូវរៀបចំប្រវត្តិរូបសង្ខេប និងត្រៀមខ្លួនចំណុចខ្លាំងរបស់គាត់ ទោះបីជាមានបទពិសោធន៍តិចឬច្រើន ក៏ពួកគាត់អាចដាក់ពាក្យរកការងារក្រុមហ៊ុនសម្ភាសន៍បានភ្លាមៗផងដែរ ។
សម្រាប់លោកស្រី កៅ ពិជ្ចរ៉ា តំណាងធនាគារកាណាឌីយ៉ាមានប្រសាសន៍ផងដែរថា ខាងធនាគារ កាណាឌីយ៉ា តែងចូលរួមក្នុងពិព័រណ៍នេះជារៀងរាល់ឆ្នាំ ហើយលោកស្រីមើលឃើញថា មានយុវជនសិស្ស-និស្សិតជាច្រើនចូលរួម ។ សម្រាប់ធនាគារកាណាឌីយ៉ាត្រៀមមុខតំណែងដូចជា មន្រ្តីឥណទាន ផ្នែកលក់ ផ្នែកប្រាក់សន្សំ ផ្នែកព័ត៌មានវិទ្យា និងមន្រ្តីធនធានមនុស្សផងដែរ ។
សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត (People in Need Cambodia) និងស្វីសខនថាក់ ។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗ និងចូលរួមក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ផលិតភាពការងារ ដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើនរូប ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ