ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សង​គ្រោះ​ថ្នាក់​ចូល​ដី​សៀម​កណ្តាល​យប់​រាល់​ថ្ងៃ​ទិញ​បន្លែ​ផ្លែឈើ​ដើរ​លក់​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ដើម្បី​​ក្រពះ​អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ​ បើ​ទោះ​ជា​ដឹង​ថា ការ​ឆ្លង​ព្រំ​ដែន​ពេល​យប់​​ចូល​ដី​សៀម​ខុស​ច្បាប់​នឹង​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ក៏​ដោយ​សំរាប់​កម្មករ​​ក៏​ដូច​ជា​អ្នក​លក់​ដូរ​បន្លែ​ ត្រី​សាច់​ នៅ​ក្រុង​ប៉ោយ​ប៉ែត​តូច​តាចនៅ​តែ​ចូល​ទៅ​ដី​សៀម​នា​វេលា​​រំលង​អធ្រាត្រ​រៀង​រាល់​យប់ ​ដើម្បី​ទិញ​បន្លែ​ ផ្លែ​ឈើ ឬ​ត្រី សាច់​យក​មក​លក់​ដែរ​ ​​ដោយ​ខ្លះ​ទូល​​ ខ្លះ​រែក

ក្រុង​ប៉ោយ​ប៉ែត​ ៖ ដើម្បី​​ក្រពះ​អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ​ បើ​ទោះ​ជា​ដឹង​ថា ការ​ឆ្លង​ព្រំ​ដែន​ពេល​យប់​​ចូល​ដី​សៀម​ខុស​ច្បាប់​នឹង​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ក៏​ដោយ​សំរាប់​កម្មករ​​ក៏​ដូច​ជា​អ្នក​លក់​ដូរ​បន្លែ​ ត្រី​សាច់​ នៅ​ក្រុង​ប៉ោយ​ប៉ែត​តូច​តាចនៅ​តែ​ចូល​ទៅ​ដី​សៀម​នា​វេលា​​រំលង​អធ្រាត្រ​រៀង​រាល់​យប់ ​ដើម្បី​ទិញ​បន្លែ​ ផ្លែ​ឈើ ឬ​ត្រី សាច់​យក​មក​លក់​ដែរ​ ​​ដោយ​ខ្លះ​ទូល​​ ខ្លះ​រែក ខ្លះ​លី​ចេញ​ពី​ច្រក​របៀង​​មួយ​ចំនួន​នៅក្បែរ​កា​ស៊ីណូ​ផ្កាយ​៥​ ស្ថិត​ក្នុង​ភូមិ​​ក្បាល​ស្ពាន​ ខាង​ជើង​ផ្លូវ​ជាតិ​លេខ​៥។

ច្រករបៀង​ដែល​គេ​ធ្វើស្ពាន​ឱ្យ​កម្មករ​ឆ្លង​ទៅ​មក​ចូល​ដី​សៀម​នោះ​​មាន​ជា​ច្រើន​កន្លែង ហើយ​សម្រាប់​ទំនិញ​ដែល​គេ​ទិញ​ពី​សៀម​យក​មក​លក់​នៅ​ដី​ខ្មែរ​ គឺ​គេ​អាច​​ចេញ​ចូល​ទាំង​យប់​ទាំង​ថ្ងៃ​។ ពេល​ថ្ងៃ​ចេញ​ចូល​សម្រាប់​តែ​កម្មករ​ទៅ​ធ្វើ​ការ​នៅ​ផ្សារ​លុង​ក្លឿ គឺ​ទៅ​ព្រឹក​វិល​វិញ​ល្ងាច ឯ​អ្នកលក់​ដូរ​ទំនិញ​បន្លែ​ ត្រី សាច់​ និង​ផ្លែ​ឈើ គឺ​គេ​ចូល​ទៅ​ដី​សៀម​ពេល​យប់ លុះ​ភ្លឺ​ឡើងទើប​​នាំ​​គ្នា​ចេញ​មក​វិញ ខណៈ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ពុំ​ទាន់​ទាំង​បើក​ទ្វារ​ព្រំ​ដែន​ផង​ បន្លែ​ ត្រី​ សាច់​ និង​ផ្លែ​ឈើ គឺ​មាន​លក់​ព្រោង​ព្រាត​បាត់​ទៅ​ហើយ។

ក្រុម​អ្នក​លក់​ផ្លែឈើ​អម្រែក​​ក៏​ដូច​ជា​អ្នក​នាំ​បន្លែ​ត្រី​សាច់​ចូល​ពី​ដី​សៀម​បាន​ប្រាប់​ថា ពួក​គាត់​បាន​ចូល​ទៅ​ដី​សៀម​នៅ​វេលា​រំលង​អធ្រាត្រ​​ខ្លះ​ថា ទៅម៉ោង៣​ ខ្លះ​ថា ទៅ​ម៉ោង​៤ ឬ​៥​ទៀប​ភ្លឺដោយ​បង់​លុយ​ឱ្យ​សមត្ថ​កិច្ច​ព្រំ​ដែន​បន្តិច​បន្តួច​រួច​នាំ​ទំនិញ​ចេញ​មក​វិញ​ជា​ការ​ស្រេច​។ ជុំវិញ​បញ្ហា​ការ​ចេញ​ចូល​តាម​ច្រក​របៀង​ដោយ​​ផ្សង​​គ្រោះ​ថ្នាក់​ចូល​ទៅ​​ដីសៀមនា​ពេល​យប់ លោក​អនុ​សេ​នីយ៍​ទោ សួង សៅ ប៉ូលិស​ការ​ពារ​ព្រំ​ដែន​គោក​វរ​សេនា​តូច​លេខ​៩១១​ដែល​ទទួល​ខុស​ត្រូវ​បន្ទាត់​ព្រំ​ដែន​ចំណុចនោះ ​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ព្រោះទូរ​ស័ព្ទ​​របស់​លោក​​គ្មាន​អ្នក​ទទួល។​ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​កន្លង​មក ​សមត្ថ​កិច្ច​ព្រំ​ដែន​ធ្លាប់​ប្រាប់​ថា កម្មករ​ដែល​ធ្វើការ​ឆ្លង​ដែន​​ចូល​ទៅដី​សៀម​តាម​ច្រក​របៀង គឺ​សុទ្ធ​តែ​ជា​អ្នក​ក្រី​ក្រ​គ្មាន​លុយ​ធ្វើ​ប័ណ្ណ​​ឆ្លង​ដែន​ទើប​ចូលតាម​ច្រក​​របៀង​បែប​នេះ ​ហើយ​ប៉ូលិស​ព្រំដែន​ប្រាប់​ថា ពួកគេ​អាណិត​ទើប​ឱ្យ​ចេញ​ចូល​ដោយ​ពុំ​មាន​ការ​យក​លុយយក​​កាក់​ទេ​។

គេកត់​សម្គាល់​ថា កន្លង​ទៅ​​ថ្មីៗនេះ​សមត្ថ​កិច្ច​សៀម​បាន​ប្រមូល​ចាប់​ពលករ​ខ្មែរ​​ជាង​១០០​នាក់​ក្នុង​ផ្សារ​លុង​ក្លឿ​ដោយ​ចោទ​ប្រកាន់​ថា ឆ្លង​ដែនខុស​ច្បាប់​។ ដូច្នេះ​​ដើម្បី​បញ្ចៀស​ការ​ចោទ​ប្រកាន់​ ឬ​មើល​ងាយ​​មើល​ថោក​ពី​សំណាក់​ភាគី​សៀម​សង្ឃឹម​ថា ​សមត្ថ​កិច្ច​​នៅតាម​ច្រក​ខាង​លើ នឹង​ធ្វើ​​ការទប់​ស្កាត់​មិន​ឱ្យ​ប្រជា​ពល​រដ្ឋខ្មែរផ្សង​គ្រោះ​ថ្នាក់​​តទៅ​ទៀត​នោះ​ទេ​ ហើយក៏រំពឹង​ថា អាជ្ញា​ធរ​​នឹង​ជួយ​រក​វិធី​ឱ្យ​ប្រជា​ពល​រដ្ឋ​អាច​រស់​បាន​ក្នុង​មុខរ​បរ​របស់ខ្លួន​ដោយ​មិន​ចាំ​បាច់​ខ្ចី​ដង្ហើម​សៀម​ដក​តទៅ​ទៀតដែរ ៕