រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
តាមសេចក្តីប្រកាស ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីវេលាម៉ោង ២៤:០០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ។
សូមរម្លឹកថា ស្ពានថ្មខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម ជាស្ពានចរាចរទ្វេរទិស មានគន្លង សម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល ១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លង សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង។ ការសាងសង់ស្ពាននេះ ចំណាយ ៣៨.០០០.០០០ដុល្លារអាមេរិក រយៈពេលសាងសង់ ៣៥ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។
ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹក ក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរ នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តម ផងដែរ៕


default
ចែករំលែកព័តមាននេះ