សម្ពាធសេដ្ឋកិច្ចសកល ក៏ដូចជាការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ពលរដ្ឋ បានរុញអោយវិស័យមីក្រូហិរញ្ញាវត្ថុជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងនោះអត្រាកើនឡើងនៃឥណទានមានហានិភ័យកើនឡើងជិត៦ភាគរយក្នុងត្រីមាស ឆ្នាំ២០២៣នេះ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញាវត្ថុកម្ពុជា បានអោយកម្មវិធីលុយដឹងថា ស្ថានភាពវិស័យមីក្រូហិរញ្ញាវត្ថុនៅទ្រឹង ខណៈនៅត្រីមាសទី៣ ឆ្នាំ២០២៣នេះ ទំហំឥណទានមានទំនោរធ្លាក់ចុះ រីឯប្រាក់បញ្ញើមានកំណើនតិចតួច ស្របពេលដែលឥណទានមានហានិភ័យកើនក្នុងរង្វង់ ៥,៨ ភាគរយ។

លោក កាំង តុងងី បន្តថា «នៅមុនពេលកូវីដ១៩ ឥណនទានមានហានិភ័យនៅក្នុងអំឡុង១ភាគរយទេ នៅពេលដែលយើងមានផ្ទុះកូវីដ១៩ហ្នឹង វាឡើងដល់ប្រហែលជា៣ភាគរយ ដោយសារតែមានគោលនយោបាយរៀបចំឥណនទានឡើងវិញ ដើម្បីបន្ធូរសម្ពាធ យ៉ាងណា ពេលចប់កូវីដទៅ ត្រូវបានគេរឹតបន្តឹងឡើងវិញ ដើម្បីពង្រឹងស្ថានភាពវិស័យ។ ទោះបីយ៉ាងណា បន្ទាប់ពីកូវីដ វិបត្តិវានៅតែអូសបន្តបន្លាយ មានសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បញ្ហាអតិផរណា នៅអាមេរិក វាធ្វើអោយមានឥទ្ធិពលលើសេដ្ឋកិច្ចសកល ដោយមិនមែនតែកម្ពុជាទេ។ អ៊ីចឹង វាជាកត្តា ដែលជំរុញអោយឥណនទានមានហានិភ័យហ្នឹង វាឡើងខ្ពស់ដល់ជិត៦ភាគរយ»។

អ្នកនាំពាក្យបន្តថា ក្នុងស្ថានភាពនៃសេដ្ឋកិច្ចកំពុងមានសម្ពាធបែបនេះ ទំហំ ឬក៏ឥណនទាន មានហានិភ័យមានកម្រិត ជាអ្វីដែលវិស័យមីក្រូហិរញ្ញាវត្ថុបានរំពឹងទុករួចហើយ។ វិបត្តិទាំងនេះ ធ្វើអោយកម្ពុជាទទួលរងឥទ្ធិពល បានធ្វើអោយស្ថានភាពហិរញ្ញាវត្ថុ ហាក់មានសភាពទ្រឹង។

លោក កាំង តុងងី បន្ថែមថា «យើងឃើញថា ស្ថានភាពសេដ្ឋកិច្ចអត់សូវល្អ អ៊ីចឹងកំណើននៃការបញ្ចេញឥណនទានថ្មីៗ ហាក់មិនសូវជាមានកំណើនអីនៅឡើយទេ។ ជាពិសេសនៅត្រីមាសចុងក្រោយនេះ បើយើងធៀបនឹងត្រីមាសទី២ គឺឥណនទានមានការធ្លាក់ចុះបន្តិច ខណៈដែលប្រាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុមានកំណើនតិចតួច»។

លោក កាំង តុងងី បន្តថា កត្តាចម្បងដែលធ្វើអោយស្ថានភាពមានការធ្លាក់ចុះ ដោយសារតែសេដ្ឋកិច្ចមិនសូវអំណោយផល ធើ្វអោយអតិថិជនដែលមានតម្រូវការឥណនទាន មានការថយចុះ។
អ្នកនាំពាក្យ បញ្ជាក់ថា ម្នាក់ៗមានការប្រុងប្រយ័ត្នរៀងៗខ្លួន អ៊ីចឹងនៅពេលដែលគាត់ត្រូវការពង្រីក ឬក៏ចាប់ផ្តើមអាជីវកម្ម ក៏គាត់មានការប្រយ័ត្នប្រយែង ហើយទន្ទឹងនឹងនេះ ខាង គ្រឹះស្ថានហិរញ្ញាវត្ថុ ក៏ដូចជាធនាគារអីហ្នឹងនៅពេលមុនហ្នឹងផ្តល់ឥណនទាន យើងត្រូវធ្វើការវា.យតម្លៃដោយមានការប្រុងប្រយ័ត្នច្រើន ដូច្នេះទីផ្សារតម្រូវការមានការថយចុះ។

ពាក់ព័ន្ធនឹងស្ថានភាពបែបនេះ ពលរដ្ឋមួយចំនួនបានត្អូញត្អែរអំពីបញ្ហាការប្រកបករបរទទួលទានជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។ បញ្ហាធ្លាក់ចុះនៃកម្រិតជីវភាពនេះ ត្រូវបានពួកគេថា កំពុងកាត់បន្ថយប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ បើទោះបីជាការប្រកបរបររបស់ពួកគេហាក់កំពុងវិលទៅរកសភាពដើមវិញបន្តិចក៏ពិតមែន។

លោកស្រី ថេង យ៉ាដា ជាអាជីវករក្នុងរាជធានីភ្នំពេញ បានអោយដឹងថា «ឥឡូវការលក់ដូររកស៊ីធ្លាក់ចុះមែនទែន និយាយរួមសេដ្ឋកិច្ចរាល់ថ្ងៃក៏ពិបាក ណាមួយមានការចំណាយប្រចាំថ្ងៃនៅក្នុងគ្រួសារផ្សេង ការហូបចុក អ្នកខ្លះគាត់មានគ្រួសារគាត់ត្រូវចំណាយទៅលើកូន ចំណូលយើងរកមិនសូវបាន ចំណាយវិលជុំ គឺវាធ្វើអោយមានផលលំបាកខ្លាំង»។

ដោយឡែក លោក ទេព សំអាង ជាអ្នកធាក់ស៊ីក្លូរយៈពេលជិត៤០ឆ្នាំ បានអោយដឹងដែរថា បច្ចុប្បន្ន បន្ទាប់ពីរងផលប៉ះពាល់ដោយសារមេរោគកូវីដ១៩ បញ្ហាជីវភាពដែលបានជួបប្រទះជាបន្តបន្ទាប់ គឺការធ្លាក់ចុះនៃកំណើនអ្នកជិះស៊ីក្លូ ដែលរុញច្រានការរកប្រាក់ចំណូល ទប់នឹងចំណាយនៅទីក្រុងមិនបានសម្រាប់ទិញម្ហូបផង ដោយក្នុងមួយថ្ងៃលោករកប្រាក់ចំណូលបានតែ១ម៉ីនរៀលតែប៉ុណ្ណោះ។
អត្ថបទដោយ ៖ ស នីត
ចែករំលែកព័តមាននេះ