ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC ជួល​មេធាវី​ស្វី​ស ​ប្តឹង FIFA រឿង​លក្ខណៈ​វិនិច្ឆ័យ​កីឡាករ Privat ចូល​ជម្រើសជាតិ​កម្ពុជា

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​ជួល​មេធាវី​ស្វី​សមាន​ឯកទេស​បាល់ទាត់

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​ជួល​មេធាវី​ស្វី​សមាន​ឯកទេស​បាល់ទាត់ ដើម្បី​ប្តឹង​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ពាក់ព័ន្ធ​នឹង​រឿង​លក្ខណៈ​វិនិច្ឆ័យ​របស់​កីឡាករ Privat Mbarga ដើម្បី​ចូល​ជម្រើសជាតិ​កម្ពុជា​។

ខ្សែប្រយុទ្ធ Privat Mbarga ជនជាតិ​កា​ម៉េ​រូ​ន ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដាក់​សំណើរ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ចូលរួម​គាំទ្រ​ក្នុង​ការ​ស្នើ​សុំ​ព្រះមហាក្សត្រ​កម្ពុជា​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ​ដល់​កីឡាករ​រូប​នេះ បន្ទាប់​ពី​រូបគេ​បាន​ចំណាយពេល ៨​ឆ្នាំ​ជាមួយ​អាជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​ចាប់តាំងពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០២១ មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Bali United នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

អតីត​ខ្សែប្រយុទ្ធ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រូប​នេះ ត្រូវ​បាន​កោះហៅ​ចូល​ជុំរំ​ហ្វឹកហាត់​ជម្រើសជាតិ​កម្ពុជា​ត្រៀម​សម្រាប់​ការ​ប្រកួត​២​ជើង វគ្គ​ជម្រុះ​បឋម​ជុំ​ទី​១ ពានរង្វាន់ FIFA World Cup 2026 តំបន់​អាស៊ី កាលពី​ខែតុលា​កន្លង​ទៅ ប៉ុន្តែ​ដោយសារ​ភាពយឺត​យ៉ាវ​របស់ FIFA លើ​ការ​ផ្តល់​ការ​អនុញ្ញាត ទើប Privat ខកខាន​ការ​ប្រកួត​ទាំង​២​ជើង ហើយ​គោព្រៃ​កម្ពុជា​មិន​អាច​បន្ត​ទៅ​កាន់ការ​ប្រកួត​ជុំ​ទី​២ បន្ទាប់​ពី​ចាញ់​ប៉ា​គី​ស្ថាន​សរុប​ទាំង​២​ជើង​លទ្ធផល ១-០​។

ខាងក្រោម​ជា​សំ​ណេ​រទាំង​ស្រុង​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បញ្ហា​កីឡាករ Privat Mbarga ៖

«​តប​តាម​ការ​ស្នើ​សុំ​របស់​ផ្នែក​បច្ចេកទេស​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ឃើញ​ពី​ភាព​អំណោយផល និង​សមត្ថភាព​របស់​កីឡាករ Privat Mbarga ហើយ​ក៏​ដូច​ជា​មាន​គោល​ជំហរ ក្នុង​ការ​តាំងចិត្ត ចង់​ចូលសញ្ជាតិ​ដើម្បី​ចូលរួម​លេង​អោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ចូលរួម​គាំទ្រ​ក្នុង​ការ​ស្នើ​សុំ​ព្រះមហា​ក្សត្រ​កម្ពុជា ក្នុង​ការ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ ផ្តល់​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ​ដល់​កីឡាករ Privat Mbarga​។ អំឡុង​ការ​កោះហៅ​កីឡាករ​បោះជុំរំ​ហ្វឹកហាត់​ត្រៀម​លេង​ពានរង្វាន់​បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គ​ជម្រុះ​ជុំ​ទី​១ កាលពី​ខែតុលា​កន្លង​ទៅ នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​កីឡាករ FIFA ពុំ​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​លក្ខណៈ​បុគ្គលិក​របស់​កីឡាករ Privat Mbarga ដែល​អាច​លេង​តំណាង​អោយ​កម្ពុជា​បាន​។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​បញ្ហា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ជួល​មេធាវី​នៅ​ប្រទេស​ស្វី​ស ដែល​ជា​អ្នកឯកទេស​ក្នុង​ច្បាប់​កីឡា បើក​ក្តី​ក្នុង​ការ​តស៊ូ​មតិ​ទៅ​កាន់ FIFA ដើម្បី​បញ្ជាក់​នូវ​លក្ខណៈ​វិនិច្ឆ័យ​របស់ Privat Mbarga ក្នុង​ការ​លេង​អោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​មេធាវី​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ជួល​អោយធ្វើ​ការ​តស៊ូ​មតិ​ជាមួយ FIFA កំពុងធ្វើការ​ងារ​ក្នុង​ករណី​នេះ​។ ពួក​យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ករណី​នេះ​។ សូម​អរគុណ​»៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ