ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លើកគ្នា​សុំ​ជំនួយ​ពី​អង្គការសិទ្ធិមនុស្ស​ក្រោយ​ប្ដឹង​​អាជ្ញាធរ​​ជួយ​ដោះស្រាយ​​តែ​ធ្វើ​មិន​​ចេញ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ជាង​១០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​១៥​គ្រួសារ នៅ​ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល បាន​លើកគ្នា​ទៅ​ដល់​ស្នាក់​ការ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស «​អា​ដហុ​ក​» ក្នុង​ដើម​ស​ប្ដា​ហ៍​នេះ…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ជាង​១០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​១៥​គ្រួសារ នៅ​ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល បាន​លើកគ្នា​ទៅ​ដល់​ស្នាក់​ការ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស «​អា​ដហុ​ក​» ក្នុង​ដើម​ស​ប្ដា​ហ៍​នេះ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​ក្នុង​ដំណើ​រឿង​«​អ្នក​ភូមិ​ម្នាក់​ធ្វើ​របាំង​ដែក​បិតផ្លូវ​មិន​ចេញចូល​ពេល​យប់​» ដែល​មាន​រយៈពេល​០៤​ឆ្នាំ​កន្លង​មក​ហើយ តែ​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ​ចាប់តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​ថ្នាក់​ស្រុក ។

តាម​សម្រង់​សំដី​អ្នក​ភូមិ​ដែល​លើកគ្នា​ទៅ​ស្នាក់​ការ «​អា​ដ​ហុ​ក​» នោះ បាន​និយាយ​ថា សព្វថ្ងៃ​ពួក​គាត់​រស់នៅ​ផ្នែក​ខាងក្នុង​នៃ​ភូមិ​ជ្រោយ​ស្ដៅ ហើយ​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​លើ​កំណាត់​ផ្លូវ​ក្នុងភូមិ​ក្បែរ​របង​វត្ត តែ​ត្រូវ​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ លី សា​រឿ​ន នៅ​ដើម​ដើមផ្លូវ​នោះ​ធ្វើ​របាំង​ដែល​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ពេល​យប់ ។ ពួក​គាត់​និយាយ​ថា ទ​ង្វើ​បិទ​ខ្ទប់​ផ្លូវ​របស់​បុគ្គល​នេះ បាន​កើតឡើង​រយៈពេល​០៤​ឆ្នាំ​ហើយ តែ​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ​ទេ ចាប់តាំងពី​ថ្នាក់​ភូមិ​រហូត​ដល់​ថ្នាក់​ស្រុក បើ​ទោះជា​ពួក​គាត់​បាន​ផ្ដិត​មេដៃ​ដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវច្បាប់​ក្ដី ។

អ្នក​ភូមិ​បាន​បញ្ជាក់​ថា ទ​ង្វើ​របស់​បុគ្គល លី សា​រឿ​ន បាន​បើក​របាំង​ដែក​ពេល​ថ្ងៃ តែ​បាន​បិទ​ចាក់​សោ​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ពេល​យប់ ខណៈ​ផ្លូវ​នោះ​ជា​ផ្លូវ​រួម​នៅ​លើ​ដី​របស់​រដ្ឋ​សោះ ។ យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​អម​ដោយ​ស្នាម​មេដៃ​ចំនួន​១៥​គ្រួសារ ប្ដឹង​ទៅ​កាន់​លោក​មេ​ភូមិ​ជ្រោយ​ស្ដៅ​ដែល​កោះសន្តិភាព ទើប​ទទួល​បាន កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​បង្ហាញ​ថា ក្នុង​កម្មវត្ថុ​នៃ​បណ្ដឹង​អ្នក​ភូមិ​បាន «​ស្នើ​សុំ​បើក​ធ្លា​ត្រង់​ចំណុច​តាម​របង​វត្ត​ជ្រោយ​ស្ដៅ​ខាងជើង​» ។

បើ​យោង​លើ​បណ្ដឹង​គឺ​អ្នក​ភូមិ​១៥​គ្រួសារ​នេះ​បាន​ប្ដឹង​តាំងពី​បុគ្គល​ឈ្មោះ លី សា​រឿ​ន ហៅ​ចប ទើប​ធ្វើ​របង​ចាក់សោរ​បិទផ្លូវ​ទើបបាន​ជាង​មួ​យស​ប្ដា​ហ៍​ម្ល៉េះ ។ នៅ​ក្នុង​បណ្ដឹង​ដដែល​បាន​បញ្ជាក់​ដូច្នេះ​ថា «​ឈ្មោះ​លី សា​រឿ​ន ហៅ​ចប បាន​ធ្វើ​ទ្វារ​ដែក​បិទ​ចាក់សោ​នៅ​ពេល​យប់​រយៈពេល​ជាង​មួយ​អាទិត្យ​ហើយ​មិន​ឲ្យ​ពួក​យើងខ្ញុំ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពេល​យប់​បាន​ទេ​» ។ ពួក​គេ​បាន​ចោទ​ជា​សំណួរ​ថា ចុះបើ​ពួក​ខ្ញុំ​មាន​ជំងឺ​ពេល​យប់​ព្រលប់ តើ​ឲ្យ​ពួក​ខ្ញុំ​ដើរ​តាម​ណា? ​នៅ​ក្នុង​បណ្ដឹង​ដដែល ពលរដ្ឋ​ទាំង​១៥​គ្រួ​សារបាន​អង្វរ​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ មេត្តា​ជួយ​ដោះស្រាយ​បើកផ្លូវ​ឲ្យ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ចេញចូល​គ្រប់ពេលវេលា​ដោយ​ក្ដី​អនុគ្រោះ​ផង ។ នេះ​ជា​ខ្លឹមសារ​នៃ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ដែល​បាន​ផ្ដិត​ស្នាម​មេដៃ ដាក់​ជូន​លោក​មេ​ភូមិ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ បើ​គិត​មក​ដល់​ត្រិ​ម ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ​មាន​រយៈពេល​០៤​ឆ្នាំ​ហើយ ។

ប៉ុន្តែ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​ដើរ​អូស​ជើង​ក្នុង​រយៈ​០៤​ឆ្នាំ​កន្លង​ទៅ​នេះ មិន​អាច​រក​ដំណោះ​ស្រាយ​​ជួន​ពលរដ្ឋ​១៥​គ្រួសារ​នេះ​បាន​ឡើយ បាន​ត្រឹមតែ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​រក​ដំណោះស្រាយ ដែល​ហាក់​ផ្ទុយ​ទាំងស្រុង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​អំឡុង​មុន​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ដែល​ធានា​ខុស​ត្រូវ​គ្រប់​បញ្ហា​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ ។ គេ​មិនដឹង​ថា តើ​បុគ្គល​ឈ្មោះ លី សា​រឿ​ន ហៅ​ចប នេះ​មាន​តួនាទី​អ្វី ? តើ​បុគ្គល​នេះ អាង​អំណាច​អ្វី​ទេ​នៅ​ក្នុងភូមិ​ទើប​បុគ្គល​នេះ​ធ្វើ​ទ្វារ​ដែក​ចាក់សោរ​បិទ​ខ្ទប់​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញចូល​នៅ​ពេល​យប់​ដូច្នេះ ? ប៉ុន្តែ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ថា បុគ្គល លី សា​រឿ​ន នេះ​គ្រាន់តែ​ជា​ពលរដ្ឋ​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ ។

កោះសន្ដិភាព​មិន​អាច​ទំនាក់ទំនង​ឈ្មោះ លី សា​រឿ​ន ហៅ​ចប ឬ​ក្រុម​គ្រួសារ​បុគ្គល​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទប្រកាន់​នេះ​បាន​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ។ ប៉ុន្តែ​បើ​តាម​ការ​ស្រង់​សម្ដី​លោក ឆាន ប៊ុ​ន​ឈឿ​ត អនុ​ភូមិ​ជ្រោយ​ស្ដៅ និង​លោក ឈៀម អេ​ង មេ​ភូមិ​ជ្រោយ​ស្ដៅ បាន​ផ្ដល់​ការ​បំភ្លឺ​ប្រាប់​អ្នក​សារ​ព័​ត៏​មាន​ក្នុងស្រុក​ប្រហាក់ប្រហែល​គ្នា​ថា ផ្លូវ​ចេញចូល​នៅ​ក្បែរ​របង​វត្ត​ខាងលើ​នេះ គឺជា​ផ្លូវ​របស់​រដ្ឋ ហើយ​លោក​បាន​ទ​ទូល​ស្គាល់​ថា ពិតជា​មានការ​បិទ​ខ្ទប់​ផ្លូវ​ចេញ​-​ចូល​នៅ​ពេល​យប់​ពី​សំណាក់​បុគ្គល​ឈ្មោះ លី សា​រឿ​ន នេះ​មែន ដែល​បាន​ពលរដ្ឋ​បាន​ប្ដឹង​បី​បួន​ឆ្នាំ​កន្លង​មក​ហើយ តែ​ដោះស្រាយ​មិន​ចេញ​សោះ ។

ស្ថិត​ក្នុង​វ័យ​៧០​ឆ្នាំ ដែល​គេ​ចាត់ទុកជា​ចាស់ទុំ​នៅ​ក្នុងភូមិ​ផង និង​ជា​មេ​ភូមិ​ផង លោក ឈៀម អេ​ង បាន​បញ្ជាក់​ថា «​ដី​ផ្លូវ​ខាងលើ ដែល​ជាប់​របង​វត្ត​ជ្រោយ​ស្ដៅ​នេះ ជា​ដី​របស់​រដ្ឋ​មិនមែន​ជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ទេ ចាប់តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក ។ លោក​មេ​ភូមិ​ចាស់វស្សា​រូប​នេះ​បាន​រំលឹក​ថា នៅ​អំឡុង​ឆ្នាំ​២០១២ មន្ត្រី​សូ​រិ​យោ​ដី​បាន​ចុះ​វាស់វែង​កំណត់​ទុក​ផ្លូវ​នេះ​មាន​ទទឹង​០៥​ម៉ែត្រ​ជា​ផ្លូវ​សាធារណៈ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ ដូច្នេះ​វា​មិនមែន​ជា​ដី​ឬ​ជា​ផ្លូវ​របស់​ជន​ណា​ម្នាក់​ទេ ។ លោក​ត្រូវ​បាន​គេ​ស្រង់​សម្ដី​ទៀត​ថា កន្លង​មក ក្នុង​នាម​លោក​ជា​អាជ្ញាធរ ធ្លាប់​បាន​ហៅ​ភាគី​ទាំង​ពីរ​ចូលរួម​ដោះស្រាយ​គ្នា​ច្រើន​លើក​ហើយ តែ​ដោះស្រាយ​មិន​ចេញ​រហូត​រុញ​ទៅ​ឃុំ រីឯ​ឃុំ​រុញ​ទៅ​ស្រុក ។ រុញ​ទៅ​រុញ​មក​នៅ​តែ​គ្មាន​ដំណើ​ស្រាយ​ដដែល រហូត​មក​ដល់​ពេល​នេះ​០៤​ឆ្នាំ​ហើយ នៅ​តែ​ដោះស្រាយ​មិន​ចេញ​ដដែល ។

ផ្ទុយ​គ្នា​ខ្លះ​ៗ ពី​ការ​លើក​ឡើង​របស់​លោក​មេ​ភូមិ និង​លោក​អនុ​ភូមិ បើ​តាម​មេឃុំ​ជ្រោយ​ស្ដៅ ដែល​ត្រូវ​បាន​គេ​ស្រង់​សម្ដី​ដែរ លោក ហ៊ី​ន ណាគ្រី បាន​អះអាង​ថា «​ផ្លូវ​ខាងលើ​នេះ មិនមែន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទេ តែ​វា​ជា​ដី​របស់​វត្ត គាត់​មាន​សិទ្ធិ​បិទ​» ។ លោក​មេឃុំ​រូប​នេះ បាន​រំលឹក​ពី​ប្រវត្តិ​ស​ង្វេ​ប​ដី​នេះ ដូច្នេះ​ថា « លោក​លី សា​រឿ​ន បាន​កាន់កាប់​ដី​នេះ តាំងពី​ឆ្នាំ​១៩៧៩ រហូត​មក និង​បាន​ចែក​ឲ្យ​កូន ។ ក្រោយមក បាន​ឲ្យ​ដី​នោះ​ទៅ​វត្ត ហើយ​គាត់​បាន​ចាក់​ដី​ធ្វើ​ផ្លូវ​អស់​ចំនួន​៩០​ឡាន មាន​ទទឹង​៥​ម៉េ​ត្រ ដើម្បី​ឲ្យ​ពលរដ្ឋ​ដើរ ហេតុនេះ គាត់​មាន​សិទ្ធិ​បិទ​» ។ ប៉ុន្តែ​លោក​មេឃុំ​បាន​ទ​ទូល​ស្គាល់​ថា រឿង​នេះ​បាន​កើតឡើង​ច្រើន​ឆ្នាំ​ហើយ ។

លោក​ធ្លាប់​ហៅ​ភាគី​ទាំង​ពីរ​មក​ដោះស្រាយ​សម្រប​ស​ម្រូ​ល​គ្នា រហូត​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ផ្ដិត​មេដៃ​បញ្ចប់​បញ្ហា លុះ​ក្រោយមក ស្រាប់តែ​ផ្ទុះ​បញ្ហា​ទៀត ទើប​ដោះស្រាយ​មិន​ចេះ​ចប់​បែប​នេះ ។ មន្ត្រី​សម្របស​ម្រូ​ល​អង្គការ «​អា​ដ​ហុ​ក​»​ប្រចាំ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន លោក យិ​ន ម៉េ​ង​លី បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​តវ៉ា​រឿង​គេ​បិទផ្លូវ​ចេញ​-​ចូល​ភូមិ​របស់​គាត់​ពេល​យប់​នោះ ពិតជា​បាន​មក​ដល់​ស្នាក់​ការ​របស់​លោក​មែន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដើម្បី​សុំ​ប្រឹក្សា​យោបល់​ជំនួយ​ផ្នែក​ច្បាប់ ។ លោក​បាន​ប្រាប់​ថា តាម​ការ​រៀបរាប់​របស់​ពួក​គាត់ គឺ​បណ្ដឹង​សុំ​បើកផ្លូវ​ដែល​ពួក​គាត់​ប្ដឹង​ទៅ​មេ​ភូមិ​នោះ គឺ​កើតឡើង​តាំងពី​ឆ្នាំ​២០១៩​ម្លេះ រហូត​មក​ដល់​ពេល​នេះ​០៤​ឆ្នាំ​ហើយ តែ​អាជ្ញាធរ​ដោះស្រាយ​មក​ចេញ​ទេ ។ ដូច្នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ទាំងនោះ​នាំ​គ្នា​មក​ជួប​លោក ដើម្បី​ជួយ​រក​ដំណោះស្រាយ​។

បើ​តាម​លោក យិ​ន ម៉េ​ង​លី នៅ​ក្នុង​ជំនួប​នេះ សមាគម​អា​ដ​ហុ​ក មិន​ទាន់​បាន​ទ​ទូល​បណ្ដឹង​ជា​ផ្លូវការ​ពី​ពលរដ្ឋ​ទេ ។ លោក​គ្រាន់តែ​ផ្ដល់​យោបល់​ខ្លះ​ៗ ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​ដំណោះស្រាយ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ ។ លោក​ថា បើ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ដោះស្រាយ​មិន​ចេញ​ទេ សូម​ឲ្យ​ពលរដ្ឋ​ដាក់​ពា្យ​តវ៉ា​នេះ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ហើយ​លោក​នឹង​រៀបចំ​បែបបទ​ជូន​ពួក​គាត់​តាម​នីតិវិធី​ច្បាប់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ដែល​កំពុង​មាន​វិវាទ​វិញ មន្ត្រី​អា​ដ​ហុ​ក លោក​យិ​ន ម៉េ​ង​លី បាន​លើក​ឡើង​ថា បើពិនិត្យ​លើ​ផ្លូវច្បាប់ ប្រសិនបើ​ដី​ផ្លូវ​នោះ ជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​មែន មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​មក​ហួងហែង​កាន់កាប់​ជា​ឯកជន​បាន​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​ចាំបាច់​អី​ត្រូវ​សម្រប​ស​ម្រូ​ល​ជាមួយ​បុគ្គល​ដែល​បិទផ្លូវ​សាធារណៈ​នោះ​ដែរ ។ លោក​បាន​សង្កត់ធ្ងន់​ថា ក្នុង​មាន​អាជ្ញាធរ ឃុំ ស្រុក ជា​ប្រធាន​គណៈកម្មការ​គ្រង់​គ្រង​ការ​ប្រើប្រាស​ដីធ្លី​ថ្នាក់​មូលដ្ឋាន តំណាង​ឲ្យ​រាជរដ្ឋាភិបាល ត្រូវ​តែ​ចាត់វិធានការ​ជូន​ប្រជាពលរដ្ឋ ។ មិន​ត្រូវ​លើក​ហេតុផល​ច្រើន​ទេ បើជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​អាជ្ញាធរ​ត្រូវ​តែ​ចាត់វិធានការ​រុះរើ​របង​ចេញ​តែ​ម្ដង ដោយ​គ្មាន​ការ​សម្រប​ស​ម្រូ​ល​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ឡើយ ។

លោក​ម៉េ​ង​លី​បាន​លើក​ឡើង​បែប​នេះ​ថា ការ​អូស​បន្លាយ​ពេលវេលា​យូរ​រហូត​០៤​ឆ្នាំ​កន្លង​មកនេះ ការ​រុញ​ពី​មួយ​ទៅ​មួយ​របស់​អាជ្ញាធរ​ក្នុង​រក​ដំណោះស្រាយ រហូត​មានការ​រុញ​ពលរដ្ឋ​ឲ្យ​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​នោះ ធ្វើ​ឲ្យ​ពលរដ្ឋ​ចំណាយ​ថវិការ​ច្រើន ។ កាន់តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្ដៅក្រហាយ​មានការ​ឈឺចាប់​កាន់​ខ្លាំង និង​អាច​បង្ក​ជា​អំពើ​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត បើសិនជា​ពលរដ្ឋ​មិនសូវ​យល់​ដឹង​អំពី​ច្បាប់ ។ បន្លែ​ម​លើ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​អស់ជំនឿ​លើ​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​ការ​ផ្ដល់​សេវា​នានា​ជូន​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ