ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បន្ទះ​ឈី​ប​អា​មេ​រិ​ក Intel ច្រានចោល​ដំណឹង​ការ​វិនិយោគ​ថ្មី​នៅ​វៀតណាម

8 ខែ មុន

វៀតណាម ៖ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក Intel បាន​ប្រកាស​ថា ខ្លួន​មិន​ដែល​

វៀតណាម ៖ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក Intel បាន​ប្រកាស​ថា ខ្លួន​មិន​ដែល​ប្រកាស​អំពី​ការ​វិនិយោគ​បន្ថែម​ណាមួយ​នៅ​ក្នុង​ប្រទេស​វៀតណាម ក្រៅពី​ការ​វិនិយោគ​ទឹកប្រាក់​ចំនួន​១.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ធ្វើ​រួច​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ​។

អ្នកតំណាង​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា កន្លង​ទៅ បាន​ថ្លែងប្រាប់​សារព័ត៌មាន​វៀតណាម VnExpress ថា បន្ទាប់​ពី​បង្កើន​ការ​វិនិយោគ​ដល់ ១.៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ក្រុមហ៊ុន​មិន​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ណាមួយ​អំពី​ការ​វិនិយោគ​ថ្មី​នោះ​ទេ​។ ការ​ប្រកាស​នេះ​កើតឡើង បន្ទាប់​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា កន្លង​ទៅ បាន​រាយការណ៍​ថា Intel បាន​លុប​ចោល​ផែនការ​វិនិយោគ​១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត នៅ​ប្រទេស​វៀតណាម​។

ក្រុមហ៊ុន Intel បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ចាប់តាំងពី​ឆ្នាំ ២០០៦ ជាមួយនឹង​រោងចក្រ​ផលិត និង​សាកល្បង​បន្ទះ​ឈី​ប​ស្ថិត​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​រោងចក្រ Intel Products Vietnam គឺជា​មជ្ឈមណ្ឌល​ផលិតកម្ម​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ផលិតកម្ម​ទាំង ១០ របស់​ក្រុមហ៊ុន​នៅ​ទូ​ទាំង​ពិភពលោក​។ រោងចក្រ​នេះ ដែល​មាន​បុគ្គលិក​ប្រមាណ​២,៨០០​នាក់ បាន​ដឹក​ជញ្ជូន​ផលិតផល​ជាង ៣​ពាន់​លាន​គ្រឿងក្នុង​រយៈពេល​១៥​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​។

នៅ​ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Tran Luu Quang កាលពី​ខែតុលា កន្លង​ទៅ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Intel បាន​ប្តេជ្ញា​ចិត្ត​វិនិយោគ​រយៈពេល​វែង​នៅ​វៀតណាម​។ លោក Patrick Gelsinger នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel ធ្លាប់​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh កាលពី​ខែឧសភា​កន្លង​ទៅ​ថា ក្រុមហ៊ុន​នឹង​វិនិយោគ​ជា​ច្រើន​បន្ថែម​ទៀត​នៅ​ប្រទេស​វៀតណាម សម្រាប់​ពេល​អនាគត​។ ក្រុមហ៊ុន​កំពុង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​លើ​ការ​វេច​ខ្ចប់​បន្ទះ​ឈី​ប​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​មួយ​របស់​វៀតណាម នៅ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ