ការជ្រើសរើសមុខជំនាញមហាវិទ្យាល័យ និងអាជីពដែលមានសក្តានុពល អាចជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់យុវវ័យដែលបានបញ្ចប់ការសិក្សាចំណេះដឹងទូទៅ ពីព្រោះគ្រប់គ្នាតែងតែចង់រករៀនមុខវិជ្ជាណាដែលអាចទទួលបានការងារធ្វើល្អ និងប្រាក់ខែខ្ពស់ អនាគតរុងរឿង ។

នៅក្នុងដំណាក់កាលនេះ យុវវ័យអាចស្ថិតនៅក្រោមសម្ពាធ។ ដូច្នេះដើម្បីជួយជាមូលដ្ឋានដល់ការសម្រេចចិត្ត កម្មវិធីលុយ អាចចែករំលែកចំណុចគន្លឹះខ្លះៗដែលអាចនឹងជួយជាស្មារតី នៅក្នុងការសម្រេចចិត្ត ។

១- សិក្សាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត
ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត ជាចំណុចសំខាន់នៃការសម្រេចចិត្ត ពីព្រោះកាលណាយើងមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តចង់ធ្វើអ្វីមួយ ជាទូទៅយើងនឹងមានការខិតខំ និងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីចាប់យកឱកាសនោះ ដូច្នេះវាគឺជាចំណុចអាទិភាពមួយ ដែលយុវវ័យគួររិះគិត។

២- សិក្សា និងស្រាវជ្រាវ
មានព័ត៌មានជាច្រើនអំពីវគ្គសិក្សា និងមុខវិជ្ជានៅសាកលវិទ្យាល័យឫវិទ្យាស្ថានដែលគេបាន ផ្សព្វផ្សាយនៅតាមប្រព័ន្ធអ៊ីនធើរណេត និងបណ្តាញសង្គម ដូច្នេះយុវវ័យអាចផ្ទៀងផ្ទាត់កម្មវិធី សិក្សា ពិនិត្យមើលមូលដ្ឋានសម្ភារៈ កម្មវិធីបង្រៀនរបស់ស្ថាប័នដែលយើងចង់ ហើយក៏អាចនឹងពិនិត្យមើលសាស្ត្រាចារ្យដែលបង្រៀនផងដែរ។

៣- ជជែកអំពីឱកាសការងារ
ការជជែក និងពិភាក្សានៅក្នុងចំណោមមិត្តភក្តិ រៀមច្បង លោកគ្រូអ្នកគ្រូ គ្រួសារ អាណាព្យាបាល និងអ្នកដែលស្គាល់ ក៏ជាមូលដ្ឋានមួយនៃការសម្រេចចិត្តរបស់ប្អូនៗ។
៤- សិក្សាពីមុខវិជ្ជាដែលពេញចិត្ត
ប្រសិនបើប្អូនស្រលាញ់ចិត្តមុខវិជ្ជាណាមួយហើយ ប្អូនគួរតែស្រាវជ្រាវថា តើនរណាខ្លះដែលជោគជ័យតាមរយៈការសិក្សាមុខជំនាញនេះ? ហើយរៀនចប់ទៅ មុខវិជ្ជានេះច្រើនធ្វើការអ្វីខ្លះ មានប្រាក់ចំណូលប៉ុន្មាន លក្ខខណ្ឌការងារយ៉ាងម៉េចជាដើម ។

៥- ថ្លឹងថ្លែងគុណសម្បត្តិ និងគុណវិបត្តិ
យុវវ័យខ្លះចង់ធ្វើនេះធ្វើនោះតាមចិត្តដែលខ្លួនចង់ ប៉ុន្តែការសម្រេចចិត្តរបស់យើងក៏ត្រូវឈរនៅលើមូលដ្ឋានគុណសម្បត្តិ និងគុណវិបត្តិដែលខ្លួនយើងមានផងដែរ។ កត្តានេះ គឺយើងត្រូវតែពិនិត្យគុណសម្បត្តិ និងគុណវិបត្តិតាំងពីសុខភាព កាយសម្បទា ធនធានហិរញ្ញវត្ថុ… ជាដើម ។
សរុបមកវិញ តាមរយៈចំណុចគន្លឹះទាំង៥ នេះ កម្មវិធីលុយ សង្ឃឹមថា អាចជាមូលដ្ឋានគំនិតមួយភាពតូចដែលនឹងអាចចូលរួមជាពន្លឺ ដើម្បីប្អូនៗយុវវ័យយកជាគំនិត ហើយសម្រេចចិត្ត ក្រោយពេលដែលលទ្ធផលនៃការប្រឡងសញ្ញបត្រទុតិយភូមិ ឬបាក់ឌុបប្រកាសនៅរង្វង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។
អត្ថបទដោយ ៖ ស ផាត់




ចែករំលែកព័តមាននេះ