រាជធានីភ្នំពេញ ៖ មេការបុកគ្រឹះម្នាក់បានរបូតដៃធ្លាក់ពីលើបង្គោលជើងរ៉ៃកម្ពស់ ៩ម៉ែត្រ បោកក្បាលប៉ះនឹងថ្មស្លាប់នៅកន្លែង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ឧសភា ២០១១ ខណៈមេការម្នាក់នេះ រួមទាំងកម្មករដទៃទៀតនាំគ្នាបុកគ្រឹះធ្វើសំណង់មួយកន្លែង ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខាងជើងភោជនីយដ្ឋានបុប្ផារាជធានី ខណ្ឌឫស្សីកែវ។ មេការដែលជួបគ្រោះអកុសលនេះត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះជុន ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម បានរងរបួសបែកក្បាលធ្ងន់ធ្ងរ បាក់ដៃឆ្វេងស្លាប់នៅកន្លែង ។
តាមព័ត៌មានបានឱ្យដឹងថា មេការម្នាក់នេះបានស៊ីឈ្នួលម៉ៅការ បុកគ្រឹះក្នុងតម្លៃ១ម៉ែត្រ២ពាន់រៀល ហើយបានទៅបុកគ្រឹះសាងសង់ខុនដូមួយកន្លែងនៅចំណុចកើតហេតុ ទើបតែបាន២ថ្ងៃប៉ុណ្ណោះ ។ ការបុកគ្រឹះនោះត្រូវម្ចាស់សំណង់តម្រូវឱ្យបុកក្នុងជម្រៅ១៣ម៉ែត្រតែដោយសារតែដីនោះរឹង មេការរូបនោះបុកបានតែជម្រៅ១០ម៉ែត្រប៉ុណ្ណោះ។ ដោយសារតែការបុកគ្រឹះមិនបានតាមតម្រូវការរបស់ម្ចាស់សំណង់ក៏បានលុបចោលមិនទទួលយក ហើយនៅរសៀលថ្ងៃកើតហេតុ កម្មកររួមទាំងមេការនាំគ្នាដោះបង្គោលបុកគ្រឹះក្នុងកម្ពស់១៨ម៉ែត្រចេញវិញ នៅសល់តែ៩ម៉ែត្រ ពេលដោះប៊ូឡុងអស់ហើយក៏បោះដែកទម្លាក់មកក្រោម ស្រាប់តែរបូតដៃមកជាមួយដែកបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។
បន្ទាប់ពីមានមនុស្សធ្លាក់ស្លាប់ សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសព ឃើញថា មេការម្នាក់នោះបានបោកក្បាល និងបាក់ដៃស្លាប់យ៉ាងអាណោចអាធ័មបំផុត ។ សពត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ