ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ឆ្នាំ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានឡានបើកបរឆ្លងកាត់ ៤ ៦៧៩ពាន់គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ ជាមួយនិងប្រវែងសរុប…

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ ជាមួយនិងប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយក្នុងនោះ ក្រុមហ៊ុនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ រយៈពេលពេញ ១ខែដំបូង ពីថ្ងៃទី១ តុលា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២២ និងបន្ទាប់មកបានបញ្ចុះតម្លៃសេវាចំនួន ២០% ពេញ ១ឆ្នាំ ដោយគិតពីថ្ងៃទី១ វិច្ឆិកា ២០២២ រហូតត្រឹមថ្ងៃទី៣១ តុលា ២០២៣ កន្លងទៅនេះ។

តាមរបាយការណ៍ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានឡាន បើកបរឆ្លងកាត់ ប្រមាណ ៤ ៦៧៩ពាន់គ្រឿង ដែលគិតជាទឹកប្រាក់ ប្រមាណ ១១៦ ៩៧៥ ០០០ដុល្លារ ដោយគិតត្រឹមតែឡានគ្រួសារ​ ១គ្រឿង ទាំងទៅ-ទាំងមក តម្លៃ ២៥ដុល្លារអាមេរិក​។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ដើម្បីជាការអបអរសាទរនូវគម្រប់ខួប ១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនា តាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។

អត្ថប្រយោន៍នៃគន្លង ANPR គឺជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ ដោយអ្នកប្រើប្រាស់ផ្លូវគ្រាន់តែបញ្ចូលសមតុល្យក្នុងផ្លាកលេខជាមុនតាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) និងចេញ-ចូលគន្លងដែលមានសញ្ញា ANPR ជាការស្រេច។ ចំពោះគន្លង ETC គឺជាច្រកអាទិភាពក្នុងការចេញចូលមួយជម្រើសទៀត ដែលតម្រូវឱ្យអ្នកប្រើប្រាស់គន្លងនេះតភ្ជាប់ដុំ OBU និងបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

សូមជម្រាបជូនថា ក្នុងរយៈពេល ១២ខែកន្លងមកនេះ មានយានយន្តប្រមាណ ៤ ៦៧៩ពាន់គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ដោយទទួលបាននូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ដែលចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរផងដែរ។

បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿនមួយខ្សែនេះ ត្រូវបានចំណាយពេលជាង៤០ខែក្នុងការសាងសង់ ដោយតភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Cambodia PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) គម្រោងផ្លូវនេះវិនិយោគក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគ “សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន ៥០ឆ្នាំ។

នៅតាមបណ្តោយផ្លូវ មានទីតាំងឈប់សម្រាកចំនួន ៤កន្លែងដូចជា៖ ទីតាំងទីតាំងកំពង់ស្ពឺ(គ.ម ៤០) កំពង់ស្ពឺខាងលិច(គ.ម ៦៣) ទីតាំងកំពង់សិលា(គ.ម ១០៩) និងទីតាំងព្រៃនប់ខាងលិច(គ.ម ១៥៦)។ មានស្ថានីយចេញចូល រួមនិងបញ្ជរគិតប្រាក់ចំនួន ៨កន្លែង ដូចជា៖ស្ថានីយភ្នំពេញ(គ.ម ៣) ស្ថានីយកំពង់ស្ពឺខាងកើត(គ.ម ២៦) ស្ថានីយកំពង់ស្ពឺខាងលិច(គ.ម ៤៣) ស្ថានីយត្រែងត្រយឹង(គ.ម ៧៦) ស្ថានីយកំពង់សិលា(គ.ម ១១៤) ស្ថានីយស្រែអំបិល(គ.ម ១៣៥) ស្ថានីយស្ទឹងហាវ(គ.ម ១៧២) និងស្ថានីយក្រុងព្រះសីហនុ(គ.ម ១៨២)។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖ គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា គន្លងផ្លូវសម្រាប់វ៉ាជែង និងគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដោយមានការកំណត់ល្បឿនក្នុងការបើកបរ ទៅតាមប្រភេទយានយន្ត ចន្លោះពី៦០គីឡូម៉ែត្រ ដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ផ្លូវនេះដែរ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន (ពី៥ម៉ោង មកត្រឹម២ម៉ោង) ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ វាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ