ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បង្កក​ដី​ចាំ​ម៉ូយ ​អាជ្ញាធរ​​ថា​​បាន​​ផ្តល់​​សិទ្ធិ​​ឱ្យ​​អភិវឌ្ឍ ​តែ​​រហូត​​ដល់​​ពេល​​នេះ​​មាន​​តែ​​ដី​​ទទេ

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនបូណារីតា ដែល​ជាក្រុម​ហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ស្ថិត​នៅចំ​ណុចដុងក្រឡ ក្នុងសង្កាត់សាមគ្គី ក្រុង​ស្ទឹង​ត្រែង គេពុំឃើញ​មានការ​អភិវឌ្ឍអ្វីទេ សូម្បីតែ​ដើមល្ហុងមួយដើមក៏គ្មាន​ដែរ។ ដីសម្បទាន​សេដ្ឋកិច្ចមួយកន្លែង​នេះ ត្រូវ​ក្រុម​ហ៊ុនបូណារីតា ដេញ​ថ្លៃ​បានពីរដ្ឋ កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ​រហូត​មក​ដល់​​បច្ចុប្បន្ន​

ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនបូណារីតា ដែល​ជាក្រុម​ហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ស្ថិត​នៅចំ​ណុចដុងក្រឡ ក្នុងសង្កាត់សាមគ្គី ក្រុង​ស្ទឹង​ត្រែង គេពុំឃើញ​មានការ​អភិវឌ្ឍអ្វីទេ សូម្បីតែ​ដើមល្ហុងមួយដើមក៏គ្មាន​ដែរ។ ដីសម្បទាន​សេដ្ឋកិច្ចមួយកន្លែង​នេះ ត្រូវ​ក្រុម​ហ៊ុនបូណារីតា ដេញ​ថ្លៃ​បានពីរដ្ឋ កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ​រហូត​មក​ដល់​​បច្ចុប្បន្ន​ គេមិនឃើញ​មាន​អ្វីប្លែកដែល​ជា​ការអភិ​វឌ្ឍ​លើផ្ទៃដីទាំងនោះ​ចេញជារូបរាង​ច្បាស់​លាស់សោះ ធ្វើឱ្យគេ​លាន់​មាត់គ្រប់ៗគ្នាថា ក្រុមហ៊ុនបង្កកដីចាំម៉ូយ ។ 

ការសង្ស័យថាបង្កកដីចាំម៉ូយនេះបាន ក្លាយ​ជាការពិត ដោយលោកញឹម បូណា អតីត​ប្រធានក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនដីសម្បទាន​សេដ្ឋកិច្ចបូណារីតា មានផ្ទៃដី៨.៦០០​ហិកតា បានលក់ឱ្យអ្នកផ្សេងហើយ គឺឈ្មោះពន្លឺ រស់នៅ​ភ្នំពេញ ហើយការផ្ទេរសិទ្ធិបានចាប់ផ្តើម​តាំងពី​ដើមឆ្នាំ២០១១មកម្ល៉េះ។ លោកម៉ៅ ធនិន អភិ​បាលរងខេត្តបាន​ឱ្យដឹងថា ដីក្រុមហ៊ុន​នេះមិន​មែនជាដីសម្បទានសេដ្ឋកិច្ចទេ គឺជាដី​សម្បទាន​សង្គមកិច្ចខេត្ត ដែលមានផ្ទៃដីជាង​៦០០​ហិកតាផ្តល់សិទ្ធិឱ្យក្រុមហ៊ុន​បូណារីតា​ធ្វើការអភិវឌ្ឍ តែរហូតមកដល់ពេលនេះ លោកក៏មិនទាន់​ចុះ​ធ្វើការត្រួតពិនិត្យដែរ ថាតើ​ក្រុមហ៊ុននេះបាន​គោរ​ពតាមកិច្ចសន្យាហើយឬនៅ ។

លោកទូច ធា ប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់កាលពី​រសៀល​ថ្ងៃទី១៨ ខែឧសភាថា ចាប់​ពីពេល​ដែល​ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ​ពីរដ្ឋ​រហូតដល់​បច្ចុប្បន្ន លោកមិនបានដឹងថា ក្រុម​ហ៊ុន​បាន​អភិវឌ្ឍលើវិស័យអ្វីនោះទេ ហើយ​លោកក៏មិន​ដឹង​ថា ម្ចាស់ក្រុមហ៊ុនបានផ្ទេរ​សិទ្ធិ​​ឱ្យអ្នកថ្មីដែរ។ កន្លងមក អធិការកិច្ចនៃក្រសួងទំនាក់ទំនងជា​មួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច បានចុះ​មក​ត្រួត​ពិនិត្យដីក្រុមហ៊ុន​នេះដែរ តែមិន​ឃើញ​​មានលទ្ធផលអ្វីនៅឡើយទេ ហើយ​ក្រុមហ៊ុន​នៅតែ​ល្មើសដដែល​មិន​មានការអភិវឌ្ឍ ។

ចំពោះក្រុមហ៊ុននេះគេឃើញថា បានទទួល​សិទ្ធគ្រប់គ្រងលើដីសម្បទានសង្គម​កិច្ចនេះហើយ សម្រាប់​ធ្វើការអភិវឌ្ឍលើវិស័យណាមួយឱ្យមាន ភាពរីកចម្រើនដល់ខេត្ត ផ្ទុយទៅវិញមិន​បាន​អនុវត្តតាមគោលការណ៍នៃកិច្ចព្រមព្រៀង តែបែរ​ជាទុកដីបង្កកសំរាប់លក់ឱ្យម៉ូយយ៉ាង​ដូច្នោះ ធ្វើឱ្យថ្នាក់ខេត្តបាត់បង់សេចក្តីទុក​ចិត្ត ដែលកន្លង​មកសង្ឃឹមថា ក្រុមហ៊ុននឹងអភិវឌ្ឍលើ​វិស័យណាមួយពិតប្រាកដដើម្បីផ្តល់ផល​ប្រយោជន៍​ដល់ខេត្ត និងប្រជាពលរដ្ឋ។  

បន្ទាប់ពីម្ចាស់ថ្មីបានមកគ្រប់គ្រងលើក្រុម​ហ៊ុននេះ និងបានទទួលសិទ្ធិ​បន្ត​លើដីសម្បទាន​សង្គមកិច្ចរួចមក នាពេលថ្មីៗនេះ គឺនៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០១១ មាន​ប្រជាពល​រដ្ឋជាច្រើនគ្រួសាររស់នៅ​ចំណុច​ដុង​ក្រឡ ក្នុង​សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានចោទប្រកាន់​ខាងក្រុមហ៊ុនដីសម្បទាន​សង្គម​កិច្ចបូណារីតាថា បានរំលោភ​យកដីដំណាំ​របស់​ពួកគាត់ ។ ប្រជា​ពល​រដ្ឋបាននាំគ្នា​ដែល​ម្នាក់ៗមានកាំបិត ពូថៅ ក្នុង​ដៃធ្វើការតវ៉ាជា​មួយក្រុមកម្មកររបស់ក្រុម​ហ៊ុនបូណារីតា ដែលកំពុងតែ​ឈូសឆាយ និងដាំ​បង្គោលវាតទីលើដីដែល​ប្រជា​ពលរដ្ឋដាំដំឡូង មី ។ ប្រជាពលរដ្ឋបានអះអាង​ថា ដីទាំងនេះជា​កម្មសិទ្ធិរបស់ពួកគាត់ ព្រោះ​ពួកគាត់បានរស់​នៅ​ទីនេះតាំងពី​ឆ្នាំ២០០០មកម្ល៉េះ ។

ចំណែកតំណាងក្រុមហ៊ុនបញ្ជាក់ថា ការ​បោះ​បង្គោលនិងឈូសឆាយនេះគឹធ្វើទៅតាមប្លង់​ដែល​​បាន​​ទទួល​​ដីសម្បទានតែប៉ុណ្ណោះ។ ជុំវិញ​ករណីនេះ សមត្ថកិច្ចបាន​ធ្វើការសម្រប​សម្រួល​មកដល់ថ្នាក់សង្កាត់ តែការដោះស្រាយ​មិន​ទាន់​ដឹងថាដល់កម្រិតណាទេ ហើយបើតាម​ការ​បញ្ជាក់​ពីមន្រ្តីសាលាសង្កាត់សាមគ្គីនៅថ្ងៃទី១៨ ឧសភាថា ក្រុមហ៊ុនបានកាត់ដី​ពីអ័ក្ស​ផ្លូវជាតិ​ជម្រៅ១០០ម៉ែត្រ ឱ្យប្រជាពលរដ្ឋ​​​រស់នៅទី​នោះ ហើយពីចំណុច១០០ម៉ែត្រទៅ គឺជាដីក្រុម​ហ៊ុន ។ ម្យ៉ាងទៀត មានប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​ប៉ុណ្ណោះដែលរងផលប៉ះពាល់ខ្លាំង ចំណែក​គ្រួសារផ្សេងទៀតមិនសូវមានផលប៉ះ​ពាល់ប៉ុន្មានទេ តែការដោះស្រាយមិនដឹងថា​ប្រជាពលរដ្ឋយល់ព្រម ឬយ៉ាងណា​នោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ គេសង្ឃឹមថា ម្ចាស់​ក្រុមហ៊ុនថ្មីនឹងមានដំណោះស្រាយប្រសើរមួយ​រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ហើយក្រុមហ៊ុន​នឹងធ្វើការអភិវឌ្ឍលើដីសម្បទាន ផ្តល់ផល​ប្រយោជន៍ដល់ខេត្តនិងប្រជាពលរដ្ឋ មិន​មែន​បង្កកដីដើម្បី​ស្វែងរកម៉ូយថ្មីទេ ។ ម្យ៉ាងទៀត សូមឱ្យក្រសួងជំនាញមកធ្វើការត្រួតពិនិត្យដី​ របស់ក្រុមហ៊ុននេះ​ដើម្បីឱ្យដឹងថាមានការអភិ​វឌ្ឍ​លើវិស័យណាខ្លះ ហើយមានព្រំប្រទល់ពី​ចំណុច​ណាដល់ចំណុចណា ដើម្បីកុំឱ្យមានវិវាទ​តទៅ​ទៀតពីរឿងដីធ្លីនេះ ៕