ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រថយន្ត​២​គ្រឿង​ពន្លះ​គ្នា ធ្វើ​ឱ្យ​កម្មករ​បេះ​ផ្លែស្វាយ​ជាង​៦០​នាក់​រង​របួសធ្ងន់​ស្រាល

5 ខែ មុន
  • កំពង់ស្ពឺ

មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​៦០​នាក់ ដែល​ត្រូវជា​កម្មករ​បេះ​ផ្លែស្វាយ បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ខណៈ​ពេល​ដែល​រថយន្ត​ចំនួន​ពីរ​គ្រឿង​បើក​លឿន​បុ​.​ក​គ្នា​ពេញទំហឹង

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​៦០​នាក់ ដែល​ត្រូវជា​កម្មករ​បេះ​ផ្លែស្វាយ បាន​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ខណៈ​ពេល​ដែល​រថយន្ត​ចំនួន​ពីរ​គ្រឿង​បើក​លឿន​បុ​.​ក​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​នៅ​កន្លែង​កើតហេតុ​។ ករណី​រថយន្ត​ពីរ​គ្រឿង​បុ​.​ក​គ្នា ធ្វើ​ឱ្យ​មនុស្ស​រង​របួស​ជា​ច្រើន​នាក់​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​ក្បាលទឹក​លើ ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

បើ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BR-2738 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​អាសយដ្ឋាន​នោះ​ទេ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ ទិស​ដៅ​ពី​លិចទៅ​កើត​។

មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ ក៏​ស្រាប់តែ​រ៉េ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ខាងឆ្វេង រួច​ក៏​ទៅ​បុ​.​ក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​3A-1646 ទិស​ដៅ​បញ្ច្រាសទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ស៊ន សុ​ខន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលទឹក​ក្រោម ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​កំពុង​ដឹក​កម្មករ​បេះ​ផ្លែស្វាយ​ជាង​៦០​នាក់ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ផ្ងារជើង ធ្វើ​ឲ្យ​មនុស្ស​​ជាង​៦០​នាក់​រង​របួសធ្ងន់​ស្រាល​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រុស​វិញ ក្រោយ​បង្កហេតុ​រួច អ្នកបើកបរ​ក៏​ចុះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​អ្នក​រង​របួសធ្ងន់​ស្រាល​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ដើម្បី​សង្គ្រោះ​បន្ទាន់ និង​ព្យាបាល​។ ហើយ​ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​ពីរ​គ្រឿង​វិញ សមត្ថកិច្ច​ជំនាញ ធ្វើការ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ