ខេត្តកំពង់ធំ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រជាជនកម្ពុជារាប់លាននាក់ពឹងពាក់រស់រាននៅលើបឹងទន្លេសាប ដូច្នេះយើងត្រូវរួមគ្នាការពារទន្លេសាប ហើយមិនមែនការពារសម្រាប់តែប្រជាជននៅតំបន់បឹងទន្លេសាបទេ គឺសម្រាប់ប្រជាជនទូទាំងប្រទេស និងប្រជាជនដែលរស់នៅតាមដងទន្លេសាប ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១៩ ឧសភា ក្នុងឱកាសដែលសម្តេចតេជោនិងលោកជំទាវកតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី អញ្ជើញចុះសួរសុខទុក្ខនិងជួយដោះស្រាយការលំបាករបស់ប្រជាជននៅភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍រំលឹកថា កាលពីសម័យប្រជុំអាស៊ានលើកទី១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី គឺកម្ពុជារួមជាមួយវៀតណាមនិងឡាវបានអំពាវនាវសូមឱ្យមានការគិតគូរសិក្សារវាងអ្នកទន្លេមេគង្គនៅខាងលើដែលមានប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងឱ្យមានការគិតដល់ប្រទេសនៅខាងក្រោមដូចជាកម្ពុជា វៀតណាម ចំពោះការធ្វើទំនប់នៅសាយ៉ាបូរី របស់ប្រទេសឡាវ ។ នាយករដ្ឋមន្ត្រីឡាវបានប្រកាសថា ឱ្យផ្អាកការសាងសង់ហើយសិក្សា បើសិនសិក្សាទៅឃើញមានការប៉ះពាល់ដល់អ្នកដែលនៅខាងក្រោមគឺគម្រោងនោះត្រូវបញ្ចប់ទាំងអស់ ។
ដូច្នេះបឹងទន្លេសាបកម្ពុជាយើងជារបស់យើង ហើយបើមិនគិតគូរទេ តើអ្នកណាគេគិត ។ យើងត្រូវហាមប្រាមនិងបំផ្លាញចោលអាងដែលទើបកើតថ្មី ដែលវាធ្វើឱ្យគោករាក់ដល់អាងទន្លេសាបរបស់យើង តែយើងមិនបានដេញប្រជាជនចេញពីតំបន់ដែលគាត់រស់នៅរាប់រយឆ្នាំមកហើយទេ ។ ទាក់ទិននឹងបញ្ហានេះសម្តេចតេជោ បានថ្លែងថា ដូចជានៅខេត្តកំពង់ឆ្នាំងតំបន់មួយ ចំនួន កំពង់លែង ពាមឆ្កោក ដែលគាត់ធ្លាប់រស់នៅ។ សូមស្តាប់ឱ្យច្បាស់កុំឆ្វេងពេក រហូតដល់ដេញគាត់ចេញប្រយ័ត្ន។
សម្តេចតេជោហ៊ុន សែន បានឧបត្ថម្ភជូនដីដល់ប្រជាពលរដ្ឋ១០% ប៉ុន្តែត្រូវឱ្យសហគមន៍គ្រប់គ្រង។ ១០%មិនមែនជាដីរបស់អ្នកណាម្នាក់ ឬរបស់ឯកជនទេ ជាដីសហគមន៍ដែលត្រូវរួមថែទាំទាំងអស់គ្នា។ ទាំងរដ្ឋទាំងប្រជាជនថែទាំទាំងអស់គ្នា។ ទាក់ទងនឹងអាងទឹកតំបន់៣ សម្តេចតេជោប្រកាសថា ត្រូវរំលាយចោលទាំងអស់ លើកលែងតែចំណុចឃុំ៤ ។ ដោយឡែកនៅខេត្តមួយចំនួនជាអាងបុរាណក៏ត្រូវបានទុកឱ្យផងដែរ។
សម្តេចបានគូសបញ្ជាក់ថា ការឈូសឆាយធ្វើអាងថ្មីៗមិនមែនប្រជាកសិករទេ គឺថៅកែ អ្នកមានអំណាច អ្នកទទួលផលពិតប្រាកដមិនមែនប្រជាកសិករទេ ហើយរុញសភាពការណ៍ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិមួយចំនួនទទួលរងគ្រោះទៀត។ រក្សាចាស់បំផ្លាញចោលអាថ្មី ប៉ុន្តែកសិករពិតប្រាកដអត់មានលុយធ្វើទេ មួយភូមិទិញគ្រឿងយន្តមិនបានផង។ សូមប្រយ័ត្នឱ្យមែនទែន បងប្អូនប្រជាពលរដ្ឋទៅកាប់ដីឱ្យពួកគេ ទីចុងបំផុតអស់ទន្លេសាបមួយ ក្លាយទៅជាដីរបស់ថៅកែមួយ។ យើងចង់រក្សាទុកផ្ទៃអាងបឹងទន្លេសាប ក្នុងទំហំ៦៤ម៉ឺនហិកតាដែលពីមុនមានជាង១លាន ហិកតាឯណោះ ៕
ចែករំលែកព័តមាននេះ