ខេត្តព្រៃវែង ៖ បន្ទាយទាហានស្រុកពោធ៌រៀង ដែលពីមុនស្ថិតនៅក្បែរសាលាស្រុកពោធ៌រៀង លើដីខ្ពស់ ដែលមានទំហំធំទូលាយល្អនោះ ឥឡូវស្រាប់តែប្តូរមកនៅទីតាំងថ្មី ត្រង់ចំណុចគល់ស្ពានកំពង់ខ្សាច់ លើដីចំណីផ្លូវ ដែលមានទំហំតូចចង្អៀត និងមានបឹងនៅពីក្រោយ ហើយត្រូវទឹកជន់លិចរាល់ឆ្នាំ។
រូបនេះជាបន្ទាយទាហានសាងសង់ថ្មីការផ្លាស់ប្តូរទីតាំងដ៏ចម្លែកនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្វើដំណើរឆ្លងកាត់បានឃើញ ហើយមានការងឿងឆ្ងល់ជាខ្លាំង ព្រោះទីតាំងថ្មីនេះ មើលទៅដូចជាផ្ទះអ្នកភូមិធំជាងខ្ទមអ្នកតា មិនសមជាបន្ទាយទាហាននោះទេ។ ម្យ៉ាងទៀតទីតាំងនោះ គឺជាដីបឹងដែលមិនមានចន្លោះអាចឱ្យសង់ជាបន្ទាយបានឡើយ ហេតុអ្វីគេលើកយកបន្ទាយទាហានស្រុកទាំងមូល មកដាក់លើចិញ្ចើមផ្លូវដ៏កំសត់បែបនេះទៅវិញ?។
រូបនេះជាបន្ទាយទាហានចាស់ចំពោះដីបន្ទាយទាហានស្រុកពោធ៌រៀងថ្មីនេះ កាលពីជាងកន្លះឆ្នាំមុន ពេលដែលចាប់ផ្តើមធ្វើដំបូង លោក មឿន សាម៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ធ្លាប់បានប្រាប់មកកាសែតកោះសន្តិភាពឱ្យដឹងថា «ទីតាំងនេះ លោកសង់រោងសម្រាប់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះមានដូចជា ៖ ប៉ូលិស, អាវុធហត្ថ និងទាហាន នៅយាមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយមិនបានយកធ្វើអ្វីទេ ព្រោះនេះជាដីសាធារណៈរបស់រដ្ឋ។ ប៉ុន្តែចាប់តាំងពីសាងសង់រួច រោងយាមមួយនេះមិនដែលឃើញមានកម្លាំងសមត្ថកិច្ចណាមួយទៅឈរជើងនោះទេ ហើយស្ងាត់ៗស្រាប់តែក្រឡាខ្លួនទៅជាបន្ទាយទាហានស្រុកពោធ៌រៀងតែម្តង។ ចំណែកទីតាំងចាស់ធំទូលាយ អាចសង់ជាបន្ទាយទាហានបាន។ ប្រហែលជាលក់ក៏ច្បាស់ដែរ»។

ដោយឡែកមន្ត្រីទាហានម្នាក់ ដែលប្រចាំការនៅក្នុងបន្ទាយថ្មីនេះ បានប្រាប់ឱ្យកោះសន្តិភាពឱ្យដឹងថា «បន្ទាយទាហានស្រុកពោធ៌រៀង ត្រូវបានផ្លាស់ប្តូរមកនៅទីតាំងថ្មីនេះច្រើនខែមកហើយ។ ចំណែកមូលហេតុនៃការផ្លាស់ប្តូរនេះ គឺដោយសារតែរាជរដ្ឋាភិបាលធ្វើផ្លូវល្បឿនលឿនថ្មី ចាប់ពីភ្នំពេញទៅបាវិត ហើយផ្លូវនេះកាត់ប៉ះចំដីបន្ទាយចាស់ ទើបថ្នាក់លើសម្រេចផ្លាស់ប្តូរមកនៅចិញ្ចើមថ្នល់កន្លែងថ្មីបែបនេះទៅ»។

រីឯលោក យស ស៊ីណាត អភិបាលស្រុកពោធ៌រៀង បានប្រាប់ឱ្យដឹងដែរថា «ដីចំណុចគល់ស្ពានកំពង់ខ្សាច់នោះ លោកបានប្រគល់ទៅឱ្យទាហានគេយកធ្វើជាបន្ទាយហើយ»។ ដោយលោកអះអាងថា «ដីនេះ គឺជាដីសាធារណៈរបស់រដ្ឋ ហើយទាហានគឺជាមន្ត្រីរបស់រដ្ឋ ដូច្នេះលោកយករបស់រដ្ឋប្រគល់ឱ្យរដ្ឋ គឺវាមិនខុសនោះទេ»។
រូបនេះជាបន្ទាយទាហានចាស់ប៉ុន្តែនៅពេលសួរថា «តើលោកអភិបាលស្រុក ប្រគល់ដីឱ្យទៅខាងទាហានសាងសង់ធ្វើជាបន្ទាយទំហំប៉ុន្មាន?»។ បែរជាលោកអភិបាលស្រុក ឆ្លើយតបថា «មិនដឹង ពាក់ព័ន្ធឯកសារផ្សេងៗឱ្យសួរទៅខាងទាហានវិញចុះ…»៕
ចែករំលែកព័តមាននេះ