ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចរចាស្តីពីអ្នកសង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ី​គ្មាន​លទ្ធផល ​សៀម​បន្ត​ទាមទារ​ឱ្យ​កម្ពុជា​ដកទ័ព​ចេញពី​តំបន់​៤,៦​គីឡូ​ម៉ែត្រ​ការ៉េ

14 ឆ្នាំ មុន

​កិច្ចប្រជុំ​​​​ត្រីភាគី​​ថ្នាក់រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​​រវា​ងលោកនាយ​ឧត្តមសេនីយ៍​​​ទៀ បា.ញ់ ​​ឧប​នាយក​រដ្ឋ​មន្ត្រី និង​​ជារដ្ឋ​មន្ត្រី​​​ក្រសួងការ​ពារ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាមួយ​ឧត្តម​សេនីយ៍​​​ប្រាវីត ​វង្សស៊ូវ៉ុន ​​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​​​​ជាតិ​​សៀម និង​លោក Purnomo Yusgiantoro រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​ឥណ្ឌូណេស៊ី បាន​រៀបចំ​ធ្វើ​ឡើង​​​នៅក្នុងទីក្រុង​​​

​កិច្ចប្រជុំ​​​​ត្រីភាគី​​ថ្នាក់រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​​រវា​ងលោកនាយ​ឧត្តមសេនីយ៍​​​ទៀ បាញ់ ​​ឧប​នាយក​រដ្ឋ​មន្ត្រី និង​​ជារដ្ឋ​មន្ត្រី​​​ក្រសួងការ​ពារ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាមួយ​ឧត្តម​សេនីយ៍​​​ប្រាវីត ​វង្សស៊ូវ៉ុន ​​រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​​​​ជាតិ​​សៀម និង​លោក Purnomo Yusgiantoro រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​ឥណ្ឌូណេស៊ី បាន​រៀបចំ​ធ្វើ​ឡើង​​​នៅក្នុងទីក្រុង​​​ហ្សាការតា ​រដ្ឋធានី​​​ឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃទី​​​​១៨ ឧសភា ​កន្លង​មក ។ ​ជំនួបពិភាក្សា​​​នេះត្រូវ​បានរៀបចំឡើង​មុនពេល​បើកកិច្ចប្រជុំ​​​ថ្នាក់រដ្ឋ​មន្ត្រី​​ការពារ​​ប្រទេស​អាស៊ាន ​​(ADMM) លើកទី​​​៥ ដែល​រៀបចំឡើង​នៅ​ក្នុង​​រដ្ឋធានីហ្សាការតា​ ។​

តាម​​ប្រភពព័ត៌មាន​​​ពីទីក្រុងហ្សាការតា​​​ឱ្យ​ដឹង​ថា ​ជំនួប​ពិភាក្សា​​​ត្រីភាគី​​នេះធ្វើឡើង​​​យ៉ាង​តាន​តឹង​​​អស់រយៈ​ពេលជិត​​១ម៉ោង ប៉ុន្តែ​​​មិនទទួល​​បានលទ្ធ​ផល​​​ជាផ្លែ​ផ្កា​នោះទេ គឺ​​ភាគីទាំងពីរ​​កម្ពុជា-ថៃ ​មិនអាចស្វែង​រក​​​ដំណោះស្រាយ​​​សម្រាប់ជម្លោះ​​​បច្ចុប្បន្ន​​​រវាង​ប្រទេស​​​ទាំង​ពីរ​​បានជា​ពិសេស​​​បញ្ហា​បញ្ជូន​​អ្នកសង្កេត​ការណ៍​​​​​ឥណ្ឌូណេស៊ី​​​ទៅកាន់​​តំបន់ជម្លោះ​ព្រំដែន​​​​​រវាង​ប្រទេសទាំងពីរ​ដើម្បី​​ត្រួតពិនិត្យ​​បទ​ឈប់​បាញ់​គ្នា​ ។​

កាសែត The Jakarta Post របស់​​ឥណ្ឌូណេ​ស៊ី​​​បាន​ផ្សាយ​​ឱ្យ​ដឹងថា ​​ជំនួបពិភាក្សា​ត្រីភាគី​​នោះពុំ​ទទួលបាន​លទ្ធ​ផល​​​អ្វីឡើយ ។ ​ប្រភពព័ត៌មាន​​​ពីទីក្រុង​​ហ្សាការតា​​​​​ឱ្យ​ដឹង​ទៀត​ថា ​ជំនួបពិភាក្សា​​​នោះ តានតឹង​​ដោយ​សារ​បញ្ហា​ដាក់​ពង្រាយ​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី ។​

កាសែត The Jakarta Post បានដកស្រង់​សម្តី​​​លោកនាយឧត្តមសេនីយ៍​ទៀ បាញ់ ​​ដែល​​​ថ្លែង​អះអាង​​បញ្ជាក់​​​សាជាថ្មី​​​ពីគោលជំហ​រ​របស់​កម្ពុជា​​ក្រោយ​ពី​​ជំនួបពិភាក្សា​​​នោះថា កម្ពុជា​នឹង​​មិន​ចុះញ៉ម​ចំពោះ​​​ការទាមទារ​​​របស់ថៃ​​​​​ឱ្យ​​​កម្ពុជា​ដកទ័ពចេញ​​ពីតំបន់​ព្រំដែន​មានជម្លោះ​ឡើយ​។ ​លោកនាយឧត្តមសេនីយ៍​​ថ្លែងទៀត​ថា ​«សូម​បញ្ជាក់​ច្បាស់​ថា​ កម្ពុជា​មិនអាច​​ដក​ទ័ព​​ចេញពី​​ទឹកដីរបស់ខ្លួន​បាន​ឡើយ ។ ​កម្ពុជា​មិន​​ដែល​ឈ្លាន​ពាន​​ប្រទេស​ណា​មួយ​​នោះទេ» ។​

មុននេះ​​ភាគីថៃ​​​និយាយ​ថា ខ្លួននឹង​អនុវត្ត​​​នូវ​អ្វីដែល​​គេហៅ​​ថា ជា«​ដំណោះស្រាយ​​​​ជា​កញ្ចប់​» ​ដែល​សម្រប​សម្រួល​​​ដោយ​​ប្រទេស​ឥណ្ឌូ​ណេស៊ី​​​​ជា​ប្រធានអាស៊ាន ។ ​ក្នុងការ​អនុវ​ត្ត​​​ដំណោះ​ស្រាយជា​កញ្ចប់​នេះ​មានន័យ​​​​ថា ថៃ​​យល់ព្រម​​​ចំពោះការ​ដាក់​ពង្រាយ​​​អ្នកសង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​​​នៅតំបន់មានជម្លោះ​​​ព្រំដែន​​​រវាងប្រទេស​​ទាំង​ពីរ​​កម្ពុជា​-ថៃ ប៉ុន្តែ​នៅ​​តែ​ទាមទារ​​​​ឱ្យ​​កម្ពុជា​ដក​ទ័ព​ពី​​តំបន់ព្រំដែន​​​ជា​មុន​សិន​ ។​

ដំណោះស្រាយ​​ជា​កញ្ចប់នេះ​​​សម្រេច​បាន​នៅ​ក្នុង​​ជំនួប​ពិភាក្សា​​​​​ត្រីភាគីរវាង​​​ប្រមុខការទូត​កម្ពុជា​ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​​​ ក្រសួង​​ការបរទេស​​​ និងសហ​ប្រតិ​បត្តិ​ការ​​អន្តរជាតិ​ ប្រមុខការទូត​​​ថៃ លោកកាស៊ីត ភិរម្យ ​​និង​រដ្ឋ​មន្ត្រី​​​ការបរទេស​​​​ឥណ្ឌូណេស៊ី​​​លោក​ម៉ាទី ​ណា​តា​ឡេហ្គាវ៉ា ​​​កាលពីថ្ងៃទី​​​៧ និង​ទី​៨ ​ឧសភា កន្លង​មក ។​
បើទោះបីជា​​ជំនួបពិភាក្សា​​​​នេះ​ស្ថិត​​​ក្នុងភាព​ទាល់ច្រក​​ក៏ដោយ ក៏​​ឥណ្ឌូណេស៊ី​​​នៅតែមាន​​សុទិដ្ឋិ​និយម​​​ដោយ​លោក​​អគ្គលេខាធិការ​​ក្រសួង​ការពារប្រទេស​នេះ ​​​សេនា​​ប្រមុខ​​ទ័ព​អាកាស Eris Herryanto ថ្លែង​ថា ​ថៃ​ និងកម្ពុជា នៅតែបើក​ចំហ​​​ឱ្យ​​​ឥណ្ឌូណេស៊ី​​ធ្វើជា​អ្នកសម្រប​សម្រួល​​ ។ លោក Eris Herryanto បដិសេធ​​ថា ឥណ្ឌូណេស៊ី​​​​មិនបរាជ័យ​​​ក្នុងការ​ធ្វើជា​​​​​អ្នក​ស​ម្រប​សម្រួល​​​​ក្នុងការដោះ​ស្រាយ​ជម្លោះ​​រវាង​ប្រទេស​ទាំង​ពីរនោះទេ ។ លោកថ្លែង​ទៀត​ថា ​អង្គ​​ភាព​​​នាំ​មុខគេ​​​សម្រាប់បញ្ហា​​នេះ​គឺក្រសួង​ការបរទេស​​​ហើយ​យើង​​នឹង​រាយការណ៍​​​ពីការ​ជួប​ពិភាក្សា​​​គ្នា​នេះ​​​ដល់ក្រសួង​​ការបរទេស​ ។​

ក្រោយ​ពី​ជំនួប​​ពិភាក្សា​​​ត្រីភាគី​នោះ លោក​​នាយឧត្តមសេនីយ៍​​ទៀ បាញ់ ​​ក៏អញ្ជើញ​​​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​​ថ្នាក់រដ្ឋ​មន្ត្រី​​​ការពារ​​ប្រទេស​អាស៊ាន​ (ADMM) លើកទី​​៥ ដែល​រៀបចំ​​ឡើង​​​ជាផ្លូវ​ការ​នៅ​រសៀលថ្ងៃទី​១៩ ឧសភា ​​ក្រោម​អធិប​តី​ភាព​​របស់​លោក Purnomo Yasgiantora រដ្ឋ​មន្ត្រី​​ការពារប្រទេស​​ឥណ្ឌូណេស៊ីជា​ប្រធាន​អាស៊ាន​ ។​ ក្នុងសុន្ទរកថា​​បើក​កិច្ចប្រជុំ លោក Pur-nomo គូសបញ្ជាក់​​ពី​សេចក្តីត្រូវការ​​ឱ្យ​មាន​​​វេទិ​កា​ ADMM ដើម្បីពង្រឹង ​និង​ពង្រីក​​​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​​ទាក់ទិននឹង​បញ្ហា​​​សន្តិសុខ​​ និង​បញ្ហា​ជម្លោះ​​​​​​​ក្នុង​តំបន់ ។​

លោក Purnomo ថ្លែងទៀត​ថា ​នា​ពេល​អនាគត​វេទិកា ADMM នឹងបង្កើន​តួនាទី​​របស់ខ្លួន​​​ក្នុង​​ការគាំទ្រ​​​​តួនាទីសកម្ម​របស់​​​អាស៊ាន​​​លើ​ឆាកអន្តរជាតិ​ ដូច្នេះ​​​យើងត្រូវ​​​ប្រើប្រាស់​​រយៈ​ពេល​​​​​៣​ឆ្នាំ​​​ខាងមុខ សម្រេច​​​ឱ្យបាន​​​សហគមន៍​​​សន្តិសុខ ​​​នយោបាយ​​អាស៊ាន (ASPC) ។ លោក​រដ្ឋមន្ត្រី​​​​ការពារប្រទេស​​​ថ្លែងទៀត​ថា ​​​មាន​ឯកសារ​ចំនួន​៣ដែលនឹង​ធ្វើយ៉ាង​​ណា​សម្រេច​​ឱ្យ​​បាន​ក្នុងកិច្ច​​​ប្រជុំនេះ​​ដែល​ឯក​សារ​ទាំងនោះ​ គឺ១-​កម្ម​វិធី​​​ការងារ​​​​របស់ ADMM សម្រាប់រយៈ​ពេល​​​៣ឆ្នាំ ​​​​២-ឯកសារ​​ស្តីអំពី​​ការ​បង្កើត​​​បណ្តាញ​​មជ្ឈមណ្ឌល​​​​រក្សាសន្តិភាព​​​អាស៊ាន និង​​​ទី​៣-​ឯក​សារ​​ស្តីអំពី​​កិច្ចសហប្រតិ​បត្តិ​​ការវិស័យ​​​ការ​ពារ​អាស៊ាន​។​

តាមប្រភព​ព័ត៌មានពីទីក្រុង​​​ហ្សាការតា​​​ថា កិច្ច​ប្រជុំ​​​រដ្ឋមន្ត្រីការពារប្រទេស​​អាស៊ានលើកទី​​​៥នេះ ​នឹងពិភាក្សា​​ជាពិសេស​​​​អំពីបញ្ហា​​​ស្ថិ​រភាព និង​​សន្តិ​សុខ​​ក្នុងតំបន់ ។ ដោយឡែក​​កាសែត​​បា​ង​កកប៉ុស្តិ៍​​​របស់ថៃ​​​ជា​ភាសា​អង់គ្លេស​​​ចេញផ្សាយ​​​ដោយដកស្រង់​សម្តី​​​ប្រភព​គួរ​ឱ្យ​​ជឿជាក់​មួយ​ថា លោកប្រាវីត​ វង្ស​​ស៊ូវ៉ុន ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសថៃ ​បាន​​ឯក​ភាព​​ចំពោះ​​​សំណើ​របស់​កម្ពុជា ស្នើ​សុំ​​​ឱ្យ​​មានក្រុម​​​​រួមមួយដើម្បី​​​អង្កេត​​​លើ​តំបន់​​​​​​មានជម្លោះ​​ព្រំដែន​​ផ្ទៃដី​​ទំហំ​​​៤,៦គីឡូម៉ែត្រក្រឡា ​ជាលក្ខខណ្ឌ​​​មួយ ដើម្បី​​នាំទៅ​ដល់បើក​កិច្ច​ប្រជុំ​​​គណៈ​កម្មាធិការ​​ព្រំ​ដែន​​ទូទៅ (GBC) ដើម្បី​ពិភាក្សា​​​អំពីការ​ដោះ​ស្រាយ​បញ្ហា​​​រវាង​ប្រទេស​​ទាំងពីរ​ថៃ-​កម្ពុជា ។ ប្រភពដដែលបាន​ឱ្យដឹង​ទៀត​ថា ​កិច្ចព្រម​ព្រៀង​​នោះសម្រេច​​​បាននៅ​ពេល​ឧត្តមសេនីយ៍​ប្រាវីត ​និង​លោក​​នាយ​ឧត្តមសេនីយ៍​​​ទៀ បាញ់ ​​ជួប​ពិភាក្សា​​​គ្នា​​កាលពី​ល្ងា​ចថ្ងៃទី​​​​១៨ ​ឧសភា កន្លង​មក ​នៅក្នុងទីក្រុង​​ហ្សាការតា​។​

កាសែត​បាង​កកប៉ុស្តិ៍​​ផ្សាយ​​ឱ្យដឹង​ទៀត​ថា​ក្នុង​ជំនួប​​ពិភាក្សានោះ រដ្ឋមន្ត្រី​​ការពារ​ប្រទេស​​ទាំងពីរ​​បានពិភាក្សា​គ្នា​​អំពី​​សំណើ​​របស់សម្តេច​​​តេជោហ៊ុន សែន ​​ដែលស្នើ​​​ឱ្យថៃ​​​ទទួលយក​​​​លក្ខ​ខណ្ឌ​​ប្រតិបត្តិ (TOR) ដែលនាំ​​ដល់ការ​បញ្ជូន​​​ក្រុម​អង្កេត​រួម​នៃទាហាន​ថៃ-­​​កម្ពុជា-ឥណ្ឌូណេ​ស៊ី ​ទៅ​កាន់​តំបន់មានជម្លោះ​​ព្រំដែន​​បន្ទាប់​​មក​បើក​​កិច្ច​ប្រជុំ​​​ GBC និង​ដាក់​ពង្រាយ​​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​ ។

លោក​នាយឧត្តមសេនីយ៍​​ទៀ បាញ់ ​ចង់​ឱ្យ​ថៃ​យល់ព្រម​​​​ទទួល​​យក​​​លក្ខខណ្ឌ​​ប្រតិបត្តិ (TOR) ដែលស្នើ​​​ឡើងដោយ​​សម្តេចតេជោហ៊ុន សែន ​ប៉ុន្តែ​​​លោកប្រាវីត ​ថ្លែង​ថា ​​ឥឡូវ​នេះ​​រដ្ឋាភិ​បាល​​មិនអាចចុះហត្ថលេខា​​​លើ​ឯកសារ​ណាមួយ​បានទេ ព្រោះ​ជា​រដ្ឋា​ភិបាល​​​ចាំ​ផ្ទះ​ប៉ុណ្ណោះ ៕​​                  

(សុខ លី)