រាជធានីភ្នំពេញ ៖ បុរសម្នាក់បានត្រូវចោរមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយកាំបិតក្នុងដៃជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពកៀបឱ្យឈប់ខណៈពេលកំពុងជិះកង់ រួចភ្ជង់គំរាមចាក់សម្លាប់ប្លន់យកលុយអស់ចំនួន៤៥០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង ។ ក្រោយពីប្លន់បានសម្រេចហើយ ក្រុមចោរទាំងនោះបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ឧសភា ឆ្នាំ២០១១ នៅតាមផ្លូវលំ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ បុរសរងគ្រោះឈ្មោះអាត សុខហេង អាយុ២៦ឆ្នាំ មានទីលំនៅភូមិបត់សន្ទ្រា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអះអាងថា គាត់បាត់បង់លុយចំនួន៤៥០ដុល្លារ ដែលប្អូនទើបផ្ញើមកពីប្រទេសសៀម និងទូរស័ព្ទដៃមួយគ្រឿង។ ចំណែកឯក្រុមចោរប្លន់មានគ្នា៤នាក់ស្លៀកពាក់សីុវិល ប្រដាប់ដោយកាំបិត១ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ពណ៌ខ្មៅ មួយគ្រឿង និង C100 កូរ៉េពណ៌ក្រហមមួយគ្រឿង។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមចោរបានជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
បុរសរូបនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះកង់ចេញពីផ្ទះជួលនៅភូមិខាងលើសំដៅទៅផ្ទះជួលរបស់ប្អូនស្រីនៅឯម្តុំរោងចក្រផ្កាឈូក ស្ថិតក្នុងភូមិអង្គ សង្កាត់កន្ទោក ខណ្ឌដង្កោ ដើម្បីយកលុយដែលប្អូនម្នាក់ទៀតផ្ញើមកពីស្រុកសៀម ។ ក្រោយពេលយកលុយបានហើយ ខ្លួននៅលេងទីនោះរហូតដល់យប់ជ្រៅ ទើបជិះកង់ត្រឡប់មកផ្ទះដែលខ្លួនស្នាក់នៅវិញតែម្នាក់ឯង ។ បុរសរូបនេះបានបន្តទៀតថា ពេលជិះកង់ដល់ចំណុចខាងលើស្រាប់តែឃើញជន៤នាក់នោះ ជិះម៉ូតូតាមពីក្រោយស្រែកឱ្យខ្លួនឈប់កង់ ប៉ុន្តែខ្លួនមិនហ៊ានឈប់ទេ ព្រោះស្ងាត់ពេក ហើយក្រុមចោរក៏បានជិះម៉ូតូស្ទាក់ផ្លូវជាប់ ទើបខ្លួនឈប់ ។ បន្ទាប់មកពួកចោរបានដកកាំបិតភ្ជង់គំរាមចាក់សម្លាប់ រួចប្លន់យកកាបូបលុយ និងទូរស័ព្ទដៃ១គ្រឿង។ ពេលបានកាបូបដល់ដៃក្រុមចោរបានដកយកតែលុយ៤៥០ដុល្លារ រួចហុចកាបូបឱ្យខ្លួនវិញ បន្ទាប់មកគេចខ្លួនបាត់ដោយសុវត្ថិភាពទៅ។
បុរសនោះបានបន្តទៀតថា ពេលនោះខ្លួនមិនហ៊ានតបតជាមួយក្រុមចោរទេ ព្រោះចោរមានគ្នាច្រើន និងមានកាំបិតផង ហើយក្រោយពេលកើតហេតុរហូតដល់វេលាម៉ោង១រសៀលថ្ងៃទី១៩ ឧសភា ទើបខ្លួនទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅឱ្យជួយរកមុខសញ្ញាក្រុមចោរប្លន់ទាំងនោះ ។ តាមប្រភពព័ត៌មានមួយបាននិយាយថា ក្រុមចោរប្លន់ខាងលើហាក់បីដូចជាដឹងច្បាស់ថា ជនរងគ្រោះត្រូវបងប្អូនផ្ញើលុយមកឱ្យទើបពួកគេជិះម៉ូតូតាមធ្វើសកម្មភាពប្លន់បែបនេះ ចំណែកជនរងគ្រោះឃើញត្រឹមតែកាំបិតប៉ុណ្ណោះ ពុំដឹងថា ក្រុមចោរទាំងនោះ មានកាំភ្លើងដែរឬអត់នោះឡើយ។ ទោះបីបែបណាមិនអាចទុកចិត្តបានទេ ជាមួយក្រុមចោរដែលចេញដើរធ្វើសកម្មភាពប្លន់ពេលយប់បែបនេះ ៕
ចែករំលែកព័តមាននេះ