រាជធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដឹកនាំដោយលោកបែន រ័ត្ន ស្នងការរង ចូលរួមដោយលោកព្រះរាជអាជ្ញារងសាលាដំបូង និងសហការជាមួយអាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនបុរសម្នាក់-រថយន្តកាមរីបាឡែន១គ្រឿង និងឆែកឆេរផ្ទះពាក់ព័ន្ធនឹងការជួញដូរ-ផលិតគ្រឿងញៀនកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៩ ឧសភា ២០១១ នៅផ្ទះលេខ១៣៨E1 ផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ផ្អើលអ្នកដំណើរឱ្យឈប់មើល និងកកស្ទះចរាចរយ៉ាងណែនណាន់តាន់តាប់ ។
បុរសដែលត្រូវឃាត់ខ្លួននេះឈ្មោះណន យី អាយុជាង៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់យូរមកហើយ ប៉ុន្តែមិនទាន់មានភស្តុតាង ទើបតែពេលនេះបក្សពួករបស់គេ ដែលចាប់បានកាលពីមួយសប្តាហ៍មុនឆ្លើយសារភាព ចង្អុលបង្ហាញចំមុខ ទើបសមត្ថកិច្ចចេញប្រតិបត្តិការបង្ក្រាបតែម្តង ។ ព័ត៌មានជំហានដំបូងបានឱ្យដឹងថា ក្នុងរថយន្តរបស់ជននេះ ម៉ាកកាមរី បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ 2M-6276 ត្រូវបានរកឃើញគ្រឿងញៀនដែលលាក់ទុកនៅក្នុងថតទ្វារថយន្តទាំងសងខាង រួមមានប្រភេទម្សៅពណ៌ផ្កាឈូក និងប្រភេទគ្រាប់ពណ៌ស្វាយមួយចំនួន ព្រមទាំងសំបកគ្រាប់កាំភ្លើងខ្លី១គ្រាប់ផង ដែលសមត្ថកិច្ចសន្និដ្ឋានថាជននេះធ្លាប់ប្រើកាំភ្លើងបាញ់ចេញពីក្នុងរថយន្ត ប៉ុន្តែមិនដឹងថាបាញ់អ្វីនោះទេ ។
ចំណែកនៅក្នុងផ្ទះ សមត្ថកិច្ចកំពុងធ្វើការឆែកឆេរនៅឡើយ គិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃដដែល ក្នុងនោះរកឃើញឧបករណ៍ផលិតគ្រឿងញៀនមួយចំនួន កាំភ្លើងខ្លីទំនើបៗ ចំនួន២ដើម ម្សៅហេរ៉ូអ៊ីន និងម្សៅមេតំហ្វេតាមីនមួយចំនួន ។ ជនជាប់សង្ស័យណន យី នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកនៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការសាកសួរជុំវិញករណីគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ