ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ីវិល​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​ថ្មីៗ​ជុំ​វិញ​សាលា​ក្តី​ខ្មែរ​ក្រហម​

12 ឆ្នាំ មុន

សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​របស់​សមា​ជិក​នៃ​អង្គ​ការ​សង្គម​ស៊ីវិល​កម្ពុជា​ ថ្ងៃ​ទី​១៩ ឧសភា បាន​លើក​ឡើង​ថា មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្ត​ថ្មីៗ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក) ឬ​សាលា​ក្តី​ខ្មែរ​ក្រហម​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ស៊ើប​អង្កេត​ និង​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​០០៣​ និង​០០៤។ ការ​ព្រួយ​បារម្ភ​ គឺ​

សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​របស់​សមា​ជិក​នៃ​អង្គ​ការ​សង្គម​ស៊ីវិល​កម្ពុជា​ ថ្ងៃ​ទី​១៩ ឧសភា បាន​លើក​ឡើង​ថា មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្ត​ថ្មីៗ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក) ឬ​សាលា​ក្តី​ខ្មែរ​ក្រហម​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ស៊ើប​អង្កេត​ និង​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​០០៣​ និង​០០៤។ ការ​ព្រួយ​បារម្ភ​ គឺ​ទាក់​ទិន​នឹង​អាណត្តិ​ការ​ងារ​របស់​អ.វ.ត.ក​ដែល​ត្រូវ​នាំ​ខ្លួន​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋ​ជន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ស្ថិត​នៅ​លើ​ហា​និភ័យ​មួយ​ក្នុង​ការ​បំពេញ​អាណត្តិ​នេះ​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម​។

សេចក្តី​ប្រកាស​បាន​ទទូច​សុំ​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ រួម​មាន​ជន​រង​គ្រោះ​ ម្ចាស់​ជំនួយ​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​អង្គ​ការ​សហ​ប្រជា​ជាតិ​មេត្តា​ធ្វើ​​យ៉ាង​ណា​ដើម្បី​ធានា​ថា យុត្តិ​ធម៌​ត្រូវ​បាន​ផ្តល់​ឱ្យ​ ហើយ​យុត្តិ​ធម៌​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ត្រូវ​បាន​បំពេញ​ដោយ​អ.វ.ត.ក​ផង​ដែរ និង​ទទូច​សុំ​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំ​ង​អស់​​ឱ្យ​ចូល​រួម​ដើម្បី​ធានា​ថា គោល​បំណង​របស់​អ.វ.ត.ក​ត្រូវ​បាន​បំពេញ​ ហើយ​កេរ​ដំណែល​រួម​របស់​អ.វ.ត.ក​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​គំរូ​សំរាប់​ការ​កែ​ទម្រង់​ និង​ការ​​អភិវឌ្ឍ​នីតិ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា។

ចៅ​ក្រម​ទាំង​អស់​ ទោះ​បី​ជា​ចៅ​ក្រម​ជា​តិ​ក្តី ឬ​ចៅ​ក្រម​អន្តរ​ជាតិ​ក្តី​តំរូវ​ឱ្យ​ជា​បុគ្គល​ដែល​មាន​ចរិត​លក្ខណៈ​ល្អ​ខ្ពង់​ខ្ពស់​ មិន​លំអៀង​ មាន​សុច​រិត​ភាព​ និង​ឯក​រាជ្យ​ពេញ​លេញ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន​។ ចៅ​ក្រម​ទាំង​អស់​ត្រូវ​បាន​ហាម​ទទួល​យក​ ឬ​ស្វែង​រក​ការ​ណែ​នាំ​ណា​មួយ​ពី​រដ្ឋា​ភិ​បាល​ ឬ​ពី​ប្រភព​ណា​មួយ​។ ចំពោះ​​សហ​ព្រះ​រាជ​អាជ្ញា​របស់​អ.វ.ត.ក​ក៏​ត្រូវ​តែ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ស្តង់​ដា​រ​ដូច​គ្នា​ដែរ​។ ភាព​រីក​ចំរើន​ថ្មី​ៗ​ជុំ​វិញ​សំណុំ​រឿង​០០៣ និង​០០៤ បាន​ធ្វើ​ឱ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​អព្យា​ក្រឹត្យ​ភាព សេចក្តី​សុច​រិត​ និង​ឯក​រាជ្យ​ភាព​របស់​ចៅ​ក្រម​ដែល​កំពុង​តែ​រង​នូវ​​ភាព​មន្ទិល​សង្ស័យ​។

ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​មាន​សិទ្ធិ​ដឹង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហ​​ម។ សិទ្ធិ​ដឹង​នេះ​តំរូវ​ឱ្យ​មានការ​ទទួល​បាន​ការ​ពិត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ នៅ​ក្នុង​ចំណោម​មុខ​ងារ​ទាំង​អស់​របស់​ខ្លួន​ មុខ​ងារ​សំខាន់​មួយ​ដែល​អ.វ.ត.ក​កំពុង​តែ​បំពេញ​ គឺ​ការ​បង្កើត​ឱ្យ​បាន​នូវ​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​មួយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ទាំង​អស់​នោះ​។ វា​ច្បាស់​ណាស់​ដែល​ថា កំណត់​ត្រា​បែប​នោះ​ត្រូវ​តែ​មាន​លក្ខណៈ​ជាក់​លាក់​ និង​ពេញ​លេញ​គ្រប់​គ្រាន់​ តាម​ដែល​អាច​ធ្វើ​ទៅ​បា​ន។ អ.វ.ត.ក​ត្រូវ​តែ ធានា​ថា ខ្លួន​នឹង​បង្កើត​ឱ្យ​មាន​កំណត់​ត្រា​មួយ​ដែល​គ្មាន​លក្ខណៈ​អវិជ្ជ​មាន​ ឬ​កែ​តម្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។

ប្រជាពលរដ្ឋ​កម្ពុជា​​ក៏​មាន​សិទ្ធិទទួល​​បាន​​នូវ​យុត្តិធម៌​​ផងដែរ ។ សិទ្ធិ​នេះ​​រួម​មាន​សិទ្ធិ​​របស់​ជនរងគ្រោះ​ ការ​ចូលរួម​ទៅ​ក្នុង​ដំណើរ​ការ​នៃ​ប្រព័ន្ធ​​​យុត្តិធម៌​​ដោយ​ពេញ​លេញ​ប្រកប​ដោយ​​​អត្ថន័យ​​​នៅគ្រប់​ដំណាក់​​កាល​នៃ​នីតិវីធី​ទាំងអស់ ។ ដើម្បី​ឱ្យគេ​អនុវត្ត​​នូវ​សិទ្ធិ​​នេះ​ប្រកប​ដោយ​​​​ប្រសិទ្ធភាព​បាន ប្រជាពលរដ្ឋកម្ពុជា​ទាំងអស់​​ត្រូវ​ការ​​ជាចាំបាច់​នូវព័ត៌​មាន​សាធារណៈដែល​មាន​ទាំងអស់​ ។ ​ការ​ផ្តល់​ព័ត៌​មាន​ឱ្យ​បាន​ច្រើន និង​ទូលំទូលាយ​​​​ដល់​ជន​រង​គ្រោះ​​ទាំង​ឡាយ​ ក៏ត្រូវតែ​ថ្លឹង​ថ្លែង​ជាមួយ​​នឹង​ការ​ការពារ​សិទ្ធិ​​​របស់​បុគ្គល​ ដែល​ត្រូវ​​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋ​កម្ម​នៅក្នុង​របប​ខ្មែរ​ក្រហម​ផង​ដែរ ដោយ​អនុលោម​ទៅតាម​​​ស្តង់​ដា​អន្តរជាតិ​ឱ្យ​បាន​ជា​អតិបរមា​បំផុត ។ ​

តាម​រយៈ​​សេចក្តី​​ប្រកាស​ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​​កាលពី​ថ្ងៃទី​​៩ ខែឧសភា ឆ្នាំ២០១១ លោក​អាន់​ឌ្រូ ខេលី (Andrew Cayley) ​ដែល​ជា​សហព្រះ​រាជ​អាជ្ញា​​​អន្តរជាតិ​ បាន​ផ្តល់​​នូវព័ត៌​មាន​អំពី​អង្គ​ហេតុ​​មូលដ្ឋាន​ខ្លះៗ​នៃសំណុំ​រឿង​​០០៣ ប៉ុណ្ណោះ ។ ទោះបីយ៉ាងណា​ក៏ដោយ មិន​ទាន់​គ្រប់​គ្រាន់​​ និង​​ចំពេល​សម្រាប់​ឱ្យ​សង្គម​ស៊ីវិល​​បំពេញ​មុខ​ងារ​របស់​ខ្លួនក្នុង​ការ​សម្រប​សម្រួល​​ឱ្យ​មានការ​ចូល​រួម​របស់​ជនរងគ្រោះ​ប្រកប​ដោយ​​អត្ថន័យ​នៅឡើយ​ទេ ។ ក្នុង​ន័យ​នេះ អង្គការ​សង្គម​ស៊ីវិល​​កម្ពុជា សំណូមពរ​​ឱ្យ​ផ្តល់​​​កាន់​​​តែឆាប់​​រហ័ស​នូវព័ត៌​មាន​​និងពេលវេលា​​​បន្ថែមទៀត ​ដើម្បី​ឱ្យគេ​អាច​​ចួលរួម​ចំណែក​​ការពារ​ និងតំណាងផល​ប្រយោជន៍​​របស់​ជនរងគ្រោះ​​​កម្ពុជា នៅក្នុង​សំណុំ​រឿង​​០០៣ និង​០០៤ ប្រកប​ដោយ​​ប្រសិទ្ធ​ភាព ។​

យើង​ទាំង​អស់​គ្នា​ដែល​គាំទ្រ​សេចក្តី​​ថ្លែង​ការណ៍​​នេះ​នៅ​តែ​សង្ឃឹម​ថា ការ​សន្យា​​របស់​អ.វ.ត.ក​ ក្នុង​ការ​បង្កើត​និងរក្សា​​ឱ្យ​បាន​នូវ​ស្តង់​ដា​​​មួយ​សំខាន់​​សម្រាប់​ធ្វើ​​ឱ្យ​ប្រសើរ​ឡើង​នូវ​នីតិរដ្ឋ​នៅ​​ក្នុង​ប្រទេស​កម្ពុជា ។ នីតិរដ្ឋ​ លទ្ធិ​ប្រជា​ធិបតេយ្យ​ គោល​ការណ៍​​បែង​ចែក​អំណាច ព្រមទាំង​​​ឯករាជ្យ​ភាព និង​ភាព​មិន​​លំអៀង​​របស់​ចៅ​ក្រម​ គឺជា​បញ្ហា​​​ដែល​មាន​ភាពពាក់ព័ន្ធ​គ្នា ។ ​ដូចនេះ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ វាជា​ការ​ចាំបាច់​​ណាស់​ដែល​ថា អ..វ.ត.ក ដែល​ជា​​តុលាការ​​កូន​​កាត់​បង្កើត​នៅក្នុង​រចនា​សម្ព័ន្ធ​​តុលាការ​កម្ពុជា នឹង​អនុវត្ត​ច្បាប់​​ជាតិ និង​ច្បាប់​​អន្តរជាតិ នឹង​ត្រូវធ្វើ​​តុលាការ​​គំរូយ៉ាង​ពិត​ប្រាកដ​ សម្រាប់​ពេល​អនាគត និង​​អំពាវ​បាវ​ដល់​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ទោះជា​បុគ្គល​​ម្នាក់​ៗក្តី​ ឱ្យ​ចាត់​វិធានការ​​សមរម្យ​ចាំ​បាច់​​នានា​ ដើម្បី​ធានា​ថា ការ​ស៊ើប​អង្កេត​​សំណុំ​រឿង​០០៣​ និង​០០៤ បាន​ពេញ​លេញ​ពិត​ប្រាកដ​ កំណត់​ត្រា​​ប្រវត្តិសាស្ត្រ​នៃ​រឿង​​រ៉ាវ​ខ្មែរ​ក្រហម ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ.វ.ត.ក ​ប្រជាពលរដ្ឋ​កម្ពុជា​​មាន​សិទ្ធិ​ទទួល​​បាននូវ​យុត្តិធម៌​ និង​ដឹងអំពី​ការពិត​នៃសោកនាដកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​ ហើយ​សិទ្ធិ​​​ក្នុង​ការ​ចូលរួម​របស់​ជនរងគ្រោះ​​ក្នុង​ដំណើរ​ការនីតិវិធីរបស់​​តុលាការ​ត្រូវ​ធានា​ពេញ​លេញ ៕​