សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា គ្រឹះស្ថានឥណទានជនបទ១០៥ ត្រូវបានលុបអាជ្ញាប័ណ្ណ។ ការលុបនេះ កើតមាននៅពេលមានព័ត៌មាន នៃភាពមិនប្រក្រតី នៃការផ្តល់ប្រាក់កម្ចីនៅជនបទ។

ប៉ុន្តែអ្នកជំនាញពន្យល់ថា ការលុបនេះ គឺដើម្បីពង្រឹងគ្រឹះស្ថានឥណទានជនបទ ក្នុងការរួមចំណែកផ្តល់សេវាឥណទានខ្នាតតូចនៅតាមតំបន់មូលដ្ឋាន ដើម្បីបំពេញតម្រូវការឥណទាន ទៅតាមប្រភេទអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ បានអោយកម្មវិធីលុយដឹងថា នេះមិនមែនជាព័ត៌មានថ្មីទេ វាគឺជាទិន្នន័យដែលធនាគារជាតិ បានប្រកាសនៅក្នុងរបាយការណ៍មួយដែលបានចេញកាលពីពេលថ្មីៗនេះ ។

លោកបានមានប្រសាសន៍ថា ការលុបអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុជនបទទាំងនោះ ដោយសារតែកម្ពុជា មានអ្នកផ្តល់សេវាកម្មផ្នែកឥណទានមានចំនួនច្រើន ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិ មានការរឹតបន្តឹងដល់អ្នកផ្តល់សេវាកម្មលើវិស័យឥណទានទាំងនោះ។

លោកបានបញ្ជាក់ថា «ដោយសារតែគ្រឹះស្ថានទាំងនោះ គាត់មានទំហំតូច ហើយជាទូទៅ ធនធានរបស់គាត់មានកម្រិតដែរ។ អ៊ីចឹងគាត់ប្រហែលជាមានការលំបាកក្នុងការអនុវត្តតាមអនុលោមភាពតាមប្រព័ន្ធធនាគារ ហិរញ្ញាវត្ថុ»។

លោក កាំង តុងងី បានបញ្ជាក់បន្ថែមថា «គ្រឹះស្ថានទាំងនោះ លែងអាចប្រតិបត្តិតាមបាន ដូច្នេះហើយទើបធនាគារជាតិនៃកម្ពុជា សម្រេចដកអាជ្ញាប័ណ្ណពួកគាត់»។
មកដល់ពេលនេះ គេដឹងថា គ្រឹះស្ថានឥណទានជនបទ ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីធនាគារជាតិ មាននៅរាជធានីភ្នំពេញមានចំនួនជាង៤០ស្ថាប័ន និង៦០ស្ថាប័នផ្សេងទៀត មាននៅបណ្តាខេត្តចំនួន១៧។

ពាក់ព័ន្ធនឹងបញ្ហាប្រតិបត្តិការសេវាកម្មឥណទាននេះដែរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថា ខ្លួននឹងបន្តតាមដានសមាជិករបស់សមាគម ដើម្បីធានាបាននូវការអនុវត្តសេវាកម្មដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសអំពីចំណុចនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងសេចក្តីរាយការណ៍ព័ត៌មានរបស់សាព័ត៌មានបរទេសមួយ ដែលបានភ្ជាប់ករណីអ.ត្តឃា.តរបស់ជនជាតិភាគតិចម្នាក់ ទៅនឹងនឹងស្ថាប័នផ្តល់កម្ចីមួយ ។

សមាគមបានអះអាងថា សមាគម រកមិនឃើញនូវភស្តុតាង ដែលបញ្ជាក់អំពីការគាបសង្កត់របស់គ្រឹះស្ថាន ឬបុគ្គលិកស្ថាប័ននោះចំពោះជនរងគ្រោះ ហើយក៏រកមិនឃើញពីការជាប់ពាក់ព័ន្ធគ្នារវាងអ.ត្តឃា.ត និងកម្ចីរបស់គ្រឹះស្ថាននោះដែរ ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសមិនអត់ឱនចំពោះការផ្តល់កម្ចីដែលគ្មានវិន័យឥណទាននិងតាមដានរាល់ការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ គ្រឹះស្ថានឥណទានជនបទដែលទទួលបានវិញ្ញាបនបត្រ ពីធនាគារជាតិនៃកម្ពុជា បានផ្តល់ឥណទានដល់អតិថិជនសរុប ៨៤.២៣៦ គណនី ស្មើនឹង ១៧៧,៤ ប៊ីលានរៀល ឬប្រមាណជា៤៣,៧ លានដុល្លារ។
អត្ថបទដោយ ៖ ស. នីត
ចែករំលែកព័តមាននេះ