ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ពេល​ការ​ប្រឡង​បាក់​ឌុ​ប​កាន់តែ​ជិត​ចូល​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី​៦-៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អាជ្ញាធរ​សមត្ថកិច្ច និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាម​បណ្តា​ខេត្ត​នានា ក៏​ចាប់ផ្តើម​ប្រកាស​ជា​បន្តបន្ទាប់​ពី​ការ​រៀបចំផ្ទះ​ស្នាក់​នៅ និង​កន្លែង​ផ្ញើ​កង់ ម៉ូតូ ដោយ​ឥត​គិតថ្លៃ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ការ​ប្រឡង​បាក់​ឌុ​ប​កាន់តែ​ជិត​ចូល​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី​៦-៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អាជ្ញាធរ​សមត្ថកិច្ច និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាម​បណ្តា​ខេត្ត​នានា ក៏​ចាប់ផ្តើម​ប្រកាស​ជា​បន្តបន្ទាប់​ពី​ការ​រៀបចំផ្ទះ​ស្នាក់​នៅ និង​កន្លែង​ផ្ញើ​កង់ ម៉ូតូ ដោយ​ឥត​គិតថ្លៃ សម្រាប់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​។

ផ្តើមដំបូង នៅ​ខេត្តកណ្តាល​, ត្បូងឃ្មុំ​, ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ឆ្នាំង​ជាដើម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាម​បណ្តា​ខេត្ត​ទាំងនេះ បាន​ប្រកាស​ជា​បន្តបន្ទាប់​ជូន​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាង​មុខ គឺ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្អូន​ៗ​នៅ​តាម​មណ្ឌល​ប្រឡង​ទាំងអស់​ក្នុង​បណ្តា​ខេត្ត​ទាំងនោះ​។ ដូច្នេះ​សូម​ប្អូន​ៗ​ស្វែងរក​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ ដែល​មាន​ចង​ជា​បដា​សម្គាល់ និង​មាន​ស្លាក​សញ្ញា (Logo) ស​.​ស​.​យ​.​ក​។

នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រះ​សីហ​នុ និង​បណ្តា​ខេត្ត​ដទៃ​ទៀត អភិបាល​បាល​ខេត្ត​ក៏​បាន​ប្រកាស​ពី​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ជូន​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប សម្រាប់​ការ​ស្នាក់​នៅ​ដោយ​ឥត​គិតថ្លៃ អំឡុង​ពេល​ប្រឡង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ មណ្ឌល​ប្រឡង​បាក់​ឌុ​ប ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីរួមខេត្ត ដូច្នេះ​បេក្ខជន​មួយ​ចំនួន​មក​ពី​តាម​បណ្តា​ស្រុក​-​ឃុំ​នានា ត្រូវ​ឡើង​មក​ប្រឡង​នៅ​ទីរួមខេត្ត​។

ការ​រៀបចំ​នេះ គឺ​ពិតជា​អាច​ធ្វើ​បាន បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ឃុំ និង​សង្កាត់ ឬ​ក៏​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចង់​ធ្វើ​នៅ​តាម​គ្រប់​មណ្ឌល​ប្រឡង​។ ស្ថាប័ន​ទាំងនេះ មាន​សមាជិក​ច្រើន​។ ម្យ៉ាងទៀត ការ​រៀបចំ​ដោយ​មិន​គិតថ្លៃ​នេះ ក៏​ត្រូវ​តែ​ធានា​ដល់​សុខ​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នក​ស្នាក់​នៅ រួម​ទាំង​កង់ ម៉ូតូ​របស់​អ្នក​ផ្ញើ​គ្រប់​រូប​ផង​ដែរ​។

គ្រាន់តែ​ឈ្មោះ​ថា មិន​គិតថ្លៃ តែ​បន្ទប់​ស្នាក់​នៅ​មិន​ថា ផ្ទះសំណាក់ សណ្ឋាគារ ឬ​ការ​ស្នាក់​នៅ​រួម​ទេ គឺ​មាន​អ្នក​សម្អាត​ត្រឹមត្រូវ មាន​គ្រែ កង្ហារ មុង ភួយ ខ្នើយ ឬ​ក៏​ម៉ាស៊ីនត្រជាក់​។ មាន​អ្នក​បោសសម្អាត ដូច​អ្វី​ដែល​ធ្លាប់​បម្រើ​ជូន​ភ្ញៀវ​។ រីឯ​អ្នក​ស្នាក់​នៅ ក៏​ត្រូវ​រក្សា​អនាម័យ និង​ចាត់​ទុកដូចជា​ផ្ទះ​ខ្លួនឯង គឺ​ត្រូវ​ចូលរួម​សម្អាត និង​មិន​ឱ្យ​មាន​បែកបាក់ ឬ​ខូចខាត​សម្ភារៈ​នោះ​ទេ​។

កន្លែង​ផ្ញើ​កង់ ម៉ូតូ ដោយ​មិន​គិតថ្លៃ​វិញ ក៏​ត្រូវ​តែ​មាន​ចាត់​អ្នកយាម​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​រក្សា​សុវត្ថិភាព​ម៉ូតូ និង​កង់​របស់​បេក្ខជន​ប្រឡង​។ មាន​អ្នក​កិប​សំបុត្រ​ត្រឹមត្រូវ មាន​អ្នក​រៀបចំ​សណ្តាប់​ធ្នាប់ រៀបចំ​កង់​ម៉ូតូ មាន​ខ្សែ​ចង​ខណ្ឌ​កន្លែង​ទុកដាក់​ម៉ូតូ ដើម្បី​ធានា​ថា មិន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ផ្លូវ​សាធារណៈ ហើយ​ក៏​មិន​បែកបាក់ ឬ​ក៏​រលាត់​ថ្នាំ​ម៉ូតូ ហើយ​មួក​សុវត្ថិភាព​របស់​អ្នក​ជិះ​ម៉ូតូ​ក៏​មិន​ធ្លាក់​បែកបាក់ ឬ​ក៏​បាត់​មួក បែក​កញ្ចក់​ម៉ូតូ​ជាដើម​ឡើយ​។ ជា​ពិសេស គឺ​ម៉ូតូ កង់​របស់​បេក្ខជន​ប្រឡង ក៏​មិន​បាត់បង់​ដោយ​ប្រការ​ណាមួយ​នោះ​ទេ​។ នេះ​ជា​រឿង​សំខាន់ ដែល​ត្រូវ​គិតគូរ​។

ការ​រៀបចំ​កន្លែង​ស្នាក់​នៅ និង​កន្លែង​ផ្ញើ​កង់​ម៉ូតូ សម្រាប់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប ដោយ​ឥត​គិតថ្លៃ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក តាម​បណ្តា​ខេត្ត បាន​ធ្វើ​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌ ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ និង​ការ​លំបាក​របស់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​។

ក្រៅពី​ជំនួយ​មនុស្សធម៌​នេះ អាជ្ញាធរ​សមត្ថកិច្ច រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ និង​ថ្នាក់ ដឹកនាំ​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក៏​គួរតែ​ចាត់វិធានការ​បន្ថែម​ទៀត សម្រាប់​អ្នក​លក់ដូរ​មួយ​ចំនួន និង​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ហាង​លក់ដូរ​មួយ​ចំនួន គឺ​ក្នុងអំឡុងពេល​បុណ្យ​ទាន ជា​ពិសេស​ពេល​ប្រឡង​បាក់​ឌុ​ប​នេះ ដែល​បេក្ខជន​ឡើង​មក​ប្រឡង និង​ខ្លះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ជូន​មក​ប្រឡង​ឆ្ងាយ​ពី​ផ្ទះ ហើយ​ត្រូវការ​ស្នាក់​នៅ និង​ទទួលទាន​អាហារ​តាម​ហាង ឬ​កន្លែង​លក់​បាយ​នានា​ជិត​ៗ​មណ្ឌល​ប្រឡង គឺ​មិន​ត្រូវ​ដំឡើង​ថ្លៃ​បន្ទប់ សេវា​ស្នាក់​នៅ ឬ​ក៏​ម្ហូបអាហារ​នោះ​ទេ​។ បើ​មិន​ចុះថ្លៃ ក៏​សូម​ត្រឹមតែ​កុំ​ឡើងថ្លៃ​។

ជា​បទ​ពិសោធន៍​កន្លង​មក ក្នុង​សង្គម​យើង ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន កន្លែង​លក់ដូរ​អាហារ​នានា ជា​ពិសេស​កន្លែង​ទទួល​ផ្ញើ​កង់ ម៉ូតូ ឡាន​ខ្លះ គឺ​នៅ​ពេល​បុណ្យ​ទាន ឬ​មាន​ពិធី​អ្វី ដែល​មាន​មនុស្ស​ច្រើន​មក​ស្នាក់​នៅ មក​ហូប​ចុក និង​ផ្ញើ​កង់ ម៉ូតូ ឡាន គឺ​តែងតែ​ឡើងថ្លៃ​។ ដូច្នេះ​អំឡុង​ពេល​ប្រឡង​បាក់​ឌុ​ប​នេះ បើ​មិន​បាន​បញ្ចុះ​ថ្លៃ ឬ​ក៏​មិន​យក​ថ្លៃ​ផ្ញើ​កង់ ម៉ូតូ ឡាន​ទេ ដូច​ការ​រៀបចំ​របស់​អាជ្ញាធរ​សមត្ថកិច្ច និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាម​បណ្តា​ខេត្ត​នានា​ទេ គឺ​សូម​ត្រឹមតែ​កុំ​ឡើងថ្លៃ​។ ពោល​គឺ​បើ​យក​លុយ​ពី​ការ​ផ្ញើ​កង់ ម៉ូតូ នៅ​តាម​មណ្ឌល​ប្រឡង ពិសេស​នៅ​ភ្នំពេញ គឺ​ត្រឹមតែ​កង់​១​គ្រឿង​៥០០​រៀល ឬ​ក៏​ម៉ូតូ​១​គ្រឿង​ថ្លៃ​ត្រឹម​១០០០​រៀល ក៏​បាន​ដែរ បើ ទោះបីជា​តម្លៃ​ភាស៊ី​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តម្រូវ​ឱ្យ​យក​ថ្លៃ​ផ្ញើ​ម៉ូតូ ១​គ្រឿង​ត្រឹមតែ ៣០០​រៀល ក៏​ដោយ​។

ក្រៅពី​វិធានការ​ណែនាំ​របស់​អាជ្ញាធរ​សមត្ថកិច្ច​លើ​អ្នក​ទទួល​ផ្ញើ​ម៉ូតូ កង់ និង​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ រួម​ទាំង​អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​នានា កុំឱ្យ​ឡើងថ្លៃ ហើយ​ក្រុម​អ្នក​ប្រកប​របរ​ទទួល​ផ្ញើ​ម៉ូតូ​កង់ អាហារ​ដ្ឋា​ន ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ ឬ​ក៏​អ្នក​រត់​ម៉ូតូឌុប ឡាន​ឈ្នួល រត់​ម៉ូតូ​កង់​បី តុ​កតុក ជាដើម ក៏​គួរតែ​ចូលរួម​ទាំងអស់​គ្នា​។ គឺ​ត្រូវ​មានចិត្ត​យោគយល់ កុំ​ឡើងថ្លៃ ទោះជា​មាន​មនុស្ស​ច្រើន​នៅ​ថ្ងៃ​បុណ្យ​ទាន ឬ​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​នេះ​ក៏​ដោយ​។ បើ​ថា មិន​អាច​មិន​យក​លុយ​ទេ ឬ​ក៏​មិន​បាន​ចុះថ្លៃ​អ្វី​ទេ គឺ​ធ្លាប់​យក​ប៉ុណ្ណា ក៏​យក​ថ្លៃ​ដដែល​ប៉ុណ្ណោះ​។ ចូរ​គិត​ថា រឿង​នេះ ម្តង​គេ ម្តង​យើង​។ យើង​ចូលរួម​ជួយ​គ្នា​បាន​ប៉ុណ្ណា ធ្វើ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​៕

ដោយ ៖ មុត ស្រី​ពៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ