រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរថយន្តពន្លត់អគ្គិភ័យសរុបចំនួន៣០គ្រឿង ក្នុងនោះមានរថយន្តសម្រាប់បាញ់ពន្លត់ចំនួន២៦គ្រឿង និងរថយន្តដឹកកម្លាំង និងបូមទឹកចល័តចំនួន៤គ្រឿង សម្រាប់អង្គភាពនគរបាលពន្លត់និងបង្ការអគ្គិភ័យ ដោយមិនគិតពីរថយន្តពន្លត់អគ្គិភ័យនៅតាមស្ថាប័នពាក់ព័ន្ធផ្សេងៗ ឬក្រុមហ៊ុនឯកជននោះទេ។ ក្នុងចំនួននេះមានការអះអាងថា រាជធានីភ្នំពេញមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការបង្ការ និងពន្លត់អគ្គិភ័យ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គឺអង្គភាពអគ្គិភ័យនេះមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ និយាយជារួមគឺខ្វះធនធានមនុស្ស ជាពិសេសមន្ត្រីនគរបាលសម្រាប់បើកបររថយន្ត ឬមន្ត្រីជំនាញពន្លត់ដែលមធ្យោបាយមានច្រើនតែមន្ត្រីមិនមានកើនឡើង។ ម្យ៉ាង មន្ត្រីអគ្គិភ័យមួយចំនួនមានវ័យចំណាស់ អន់ទាំងភ្នែក និងអន់ទាំងដៃជើង លំបាកក្នុងការបើកបរដែលចាំបាច់ត្រូវតែបន្ថែម។
លោកវរសេនីយ៍ទោ នេត វន្ថា នាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានថ្លែងក្រោយពីសាលារាជធានីប្រគល់រថយន្តពន្លត់អគ្គិភ័យនៅព្រឹកថ្ងៃទី១៩ ឧសភា ថា បន្ទាប់ពីសាលារាជធានីភ្នំពេញប្រគល់រថយន្តអគ្គិភ័យចំនួន៤គ្រឿងបន្ថែមទៀត អង្គភាពអគ្គិភ័យមានរថយន្តសរុបចំនួន៣០គ្រឿង។ មានន័យថា យើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការបង្ការ និងពន្លត់អគ្គិភ័យនៅរាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលជាកង្វល់នោះគឺអង្គភាពពន្លត់អគ្គិភ័យនៅខ្វះមន្ត្រីជំនាញសម្រាប់ប្រើប្រាស់មធ្យោបាយពន្លត់អគ្គិភ័យ ជាពិសេសមន្ត្រីយើងចាស់ៗ ហើយកន្លងមកអង្គភាពបានស្នើទៅថ្នាក់លើដើម្បីបន្ថែមមន្ត្រីដែរ តែមិនមានការឆ្លើយតបទេរហូតមកដល់ពេលនេះ។
ថ្មីៗនេះ សាលារាជធានីភ្នំពេញបានទទួលរថយន្តពន្លត់អគ្គិភ័យដែលជាជំនួយពីសមាគមជប៉ុនតាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន១១គ្រឿង ហើយពេលនេះសាលារាជធានីភ្នំពេញក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានី បានធ្វើពិធីប្រគល់ជូនអង្គភាពពាក់ព័ន្ធដែលគិតថាចាំបាច់ដើម្បីត្រៀមលក្ខណៈបង្ការ និងពន្លត់អគ្គិភ័យ។ រថយន្តទាំង១១គ្រឿងនេះត្រូវបានផ្តល់ជូនសាលាខេត្តកណ្តាលចំនួន៥គ្រឿង ការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន៤គ្រឿង និងប៉េអឹមរាជធានីភ្នំពេញចំនួន២គ្រឿង បន្ថែមលើរថយន្តពន្លត់អគ្គិភ័យដែលមានស្រាប់។
លោកកែប ជុតិមា បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធឱ្យយករថយន្តទាំងនេះទៅប្រើឱ្យចំគោលដៅ ធ្វើអន្តរាគមន៍ឱ្យបានរហ័សពេលមានគ្រោះអគ្គិភ័យកើតឡើងម្តងៗ ហើយក៏មិនឱ្យឮពាក្យថា ទៅជំរិតទារប្រាក់ពីប្រជាពលរដ្ឋនោះឡើយ៕
ចែករំលែកព័តមាននេះ