រាជធានីភ្នំពេញ ៖ កុមារជាច្រើនពិបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេ ។ ភាពច្របូកច្របល់ ការខឹង ការស្រែក ការប្រឆាំង ការប្រយុទ្ធ ទាំងនេះគឺជាអាកប្បកិរិយាដែលអ្នកឃើញ នៅពេលដែលកុមារមានអារម្មណ៍មិនល្អ ដែលពួកគេមិនអាចគ្រប់គ្រងបាន ។ ក្មេងមួយចំនួនស្រែកទាមទារភ្លាមៗនូវអ្វីដែលពួកគេចង់បាន ខណៈក្មេងផ្សេងទៀតបែរជារក្សាភាពស្ងប់ស្ងាត់ ហើយអត់ធ្មត់ទៅវិញ ។
ដំណឹងល្អគឺថា ការរៀនធ្វើឱ្យចិត្តស្ងប់ ជាជំនាញដែលអាចបង្រៀនបាន ។ កុមារខ្លះមានអារម្មណ៍ខឹង រំជួលចិត្ត មិនសប្បាយចិត្តខ្លាំងក្លា និងឆាប់រហ័ស ហើយជារឿយៗពួកគេកាន់តែពិបាក ហើយយឺតក្នុងការត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញ ។ សូម្បីអារម្មណ៍តានតឹងធម្មតាក៏អាចធ្វើឱ្យកុមារងាយនឹងមានអាកប្បកិរិយាអន្ទះអន្ទែងខ្លាំងផងដែរ ។

១. ការគិតឡើងវិញនូវអារម្មណ៍ ៖ ជួយកុមារឱ្យយល់ពីរបៀបដែលអារម្មណ៍របស់ពួកគេដំណើរការ ។ កុមារអាចរៀនគ្រប់គ្រងវាដោយការកត់សម្គាល់ និងដាក់ស្លាកអារម្មណ៍របស់ពួកគេមុននេះ ។ ក្មេងខ្លះស្ទាក់ស្ទើរក្នុងការទទួលស្គាល់អារម្មណ៍អវិជ្ជមាន ។ ពួកគេគិតថា ការថប់បារម្ភ កំហឹង ភាពសោកសៅ គឺជាអារម្មណ៍មិនល្អ ដែលពួកគេមិនចង់និយាយ ប៉ុន្តែការដាក់ឈ្មោះ និងការទទួលយកអារម្មណ៍ទាំងនេះគឺជា «មូលដ្ឋានគ្រឹះនៃការដោះស្រាយបញ្ហារបៀបគ្រប់គ្រងពួកគេ» ។ ឪពុកម្តាយភាគច្រើនក៏ចង់កាត់បន្ថយអារម្មណ៍អវិជ្ជមានផងដែរ ពីព្រោះពួកគេចង់ឱ្យកូនៗសប្បាយចិត្ត ប៉ុន្តែអ្នកត្រូវដឹងថា កុមារត្រូវរៀនសូត្រថា យើងទាំងអស់គ្នាមានអារម្មណ៍ច្រើនប្រភេទ ។

២. ធ្វើជាគំរូល្អក្នុងការគ្រប់គ្រងអារម្មណ៍ ៖ ការនិយាយ ការបង្ហាញអារម្មណ៍របស់អ្នកផ្ទាល់ និងការធ្វើជាគំរូពីរបៀបដែលអ្នកគ្រប់គ្រងវា គឺពិតជាមានប្រយោជន៍ ។ ពួកគេស្តាប់លឺអ្នកដោះស្រាយនៅពេលអ្នកភ័យ ខឹង ឬខកចិត្ត និងរបៀបដែលអ្នកនឹងដោះស្រាយវា ហើយពួកគេអាចប្រើគន្លឹះទាំងនេះបាននៅពេលក្រោយ ។
៣. មើលរំលងខ្លះ ៖ មិនត្រូវយកចិត្តទុកដាក់ពេក ចំពោះអាកប្បកិរិយាអាក្រក់នោះទេ ។ ការ
មិនអើពើនឹងអាកប្បកិរិយាមួយចំនួនដូចជាការស្រែក ការឈ្លោះប្រកែក ភាសាមិនសមរម្យ ឬការផ្ទុះកំហឹង គឺជាវិធីមួយដើម្បីកាត់បន្ថយឱកាសនៃអាកប្បកិរិយាទាំងនេះម្តងទៀត ។

៤. ការយកចិត្តទុកដាក់ជាវិជ្ជមាន ៖ គន្លឹះដ៏មានឥទ្ធិពលបំផុតលើអាកប្បកិរិយា គឺការយកចិត្តទុកដាក់ និងការសរសើរ ។ វាដូចជាស្ករគ្រាប់ ដែលកូនរបស់អ្នកចង់បាន ។ ការយកចិត្តទុកដាក់ជាវិជ្ជមាននឹងបង្កើនអាកប្បកិរិយាដែលអ្នកកំពុងចង់ឃើញលើកូនៗរបស់អ្នក ។ ឧទាហរណ៍ អ្នកអាចកោតសរសើរពេលកូនមានភាពស្មោះត្រង់ ស្វាហាប់ និងច្បាស់លាស់ ហើយអ្នកត្រូវនិយាយឱ្យវាជាក់លាក់បំផុត ដើម្បីឱ្យប្រាកដថាកូនរបស់អ្នកយល់ពីអ្វីដែលអ្នកកំពុងសរសើរ ។
៥. ការរំពឹងទុកច្បាស់លាស់ ៖ វាមានសារៈសំខាន់ណាស់ក្នុងការរំពឹងទុក និងប្រាប់កូនពីអ្វីដែលអ្នកចង់បាន ដោយនិយាយឱ្យច្បាស់លាស់ និងខ្លីខ្លឹម ហើយគ៏ត្រូវបង្ហាញពីច្បាប់ និងអាកប្បកិរិយារំពឹងទុក នៅពេលដែលមនុស្សគ្រប់គ្នាស្ងប់ស្ងាត់ ។

៦. ផ្តល់ជម្រើស ៖ នៅពេលអ្នកឱ្យកូនធ្វើអ្វីដែលពួកគេមិនចង់ធ្វើ ឬមិនមានអារម្មណ៍រីករាយ ការផ្តល់ជម្រើសឱ្យពួកគេអាចកាត់បន្ថយការផ្ទុះកំហឹង ហើយពួកគេងាយធ្វើតាមយើង ។
៧ .ប្រឈមមុខ ៖ ការនិយាយអំពីអ្វីដែលអាចនឹងកើតឡើង ហើយដោះស្រាយវាឱ្យហើយ គឺជារឿងល្អផងដែរ ។ បើអ្នករៀបចំផែនការជាមុន អ្វីៗអាចស្ថិតក្នុងការគ្រប់គ្រង និងវិជ្ជមាន ។ ឧទាហរណ៍ បើលើកមុនកូនអ្នកមិនសប្បាយចិត្តពេលទៅលេងស្រុក ដោយសារពួកគេមិនមានអ្វីធ្វើ ធុញចាស់ៗនិយាយគ្នាច្រើនពេក អ្នកអាចនិយាយជាមួយកូនអំពីរឿងនេះ និងវិធីដោះស្រាយពេលទៅលើក្រោយទៀត ។ រួមគ្នាបង្កើតសកម្មភាព ឬអ្វីដែលពួកគេអាចធ្វើបាន ពេលទៅលើកក្រោយ ដូច្នេះពួកគេនឹងលែងធុញ ហើយអាចស្ងប់ចិត្តបានហើយ ។

៨. ដោះស្រាយបញ្ហា ៖ បើកូនមានអាកប្បកិរិយាមិនល្អ កុំភ្លេចលើកយកមកនិយាយ ហើយដោះស្រាយជាមួយគ្នា មិនត្រូវគ្រាន់តែស្តីថា ឱ្យកូន ហើយភ្លេចពិភាក្សាគ្នានោះទេ ។ កុំមើលរំលងដាច់ខាត ។
៩. ឱ្យពេលពិសេសដល់កូន ប្រាំ ឬដប់នាទីក្នុងមួយថ្ងៃ ៖ ពេលវេលាតិចតួចដែលកូនជ្រើសរើសរាល់ថ្ងៃ ដើម្បីនៅជាមួយអ្នកជជែកគ្នា អាចជួយកូនគ្រប់គ្រងភាពតានតឹងបាន ។ វាជាពេលវេលាសម្រាប់ទំនាក់ទំនងវិជ្ជមាន ។ ក្នុងពេលនោះ កុំបន្ទោសកូន កុំអប់រំកូន កុំនិយាយអ្វីទាំងអស់ អ្នកគ្រាន់តែនៅក្បែរកូន ស្តាប់កូន ស្វែងយល់ពីកូន ហើយទុកពេលនោះឱ្យគេធ្វើអ្វីដែលគេចង់ធ្វើជាមួយអ្នកផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ