ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អង់គ្លេស ឯកភាព​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ដែល​មាន​សក្ដានុពល

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​-​ចក្រភព​អង់គ្លេស បាន​ឯកភាព​ធ្វើការ​រួម​គ្នា ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ដែល​មាន​សក្ដានុពល​ខ្ពស់ នា​ពេល​ខាង​មុខ ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​-​ចក្រភព​អង់គ្លេស បាន​ឯកភាព​ធ្វើការ​រួម​គ្នា ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ដែល​មាន​សក្ដានុពល​ខ្ពស់ នា​ពេល​ខាង​មុខ ។

ការ​ឯកភាព​ទ្វេភាគី​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី លើក​ទី​១ រវាង​ក្រសួងការបរទេស​កម្ពុជា​-​អង់គ្លេស ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ចែ​ម វី​ឌ្យ៉ា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ភាគី​អង់គ្លេស​ដឹកនាំ​ដោយ​លោក Dominic Williams ឯកអគ្គរាជទូត នៃ​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី​៣១ តុលា នៅ​ទីស្ដីការក្រសួង ។

ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ នៃ​គណៈប្រតិភូ​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់ នយោបាយ​ទ្វេភាគី រវាង​ក្រសួងការបរទេស​ទាំង​ពីរ ។

ឯកឧត្តម​បណ្ឌិត ចែ​ម វី​ឌ្យ៉ា បាន​ជម្រាប​ជូន​ភាគី​មិត្ត អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្ថានភាព​នយោបាយ​ថ្មី​ៗ នៅ​កម្ពុជា ជា​ពិសេស​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០២៣ កម្មវិធី​អាទិភាព ៦​ចំណុច និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី ។

ជា​ការ​ឆ្លើយ​តប លោក​ទូត Dominic Williams បាន​កោតសរសើរ​អំពី​វឌ្ឍនភាព និង​សមិទ្ធផល ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា និង​បាន​បញ្ជាក់​ឡើង​វិញ អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ចក្រភព​អង់គ្លេស ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ជំនួប​ភាគី​ទាំង​ពីរ បាន​ឯកភាព​ធ្វើការ​រួម​គ្នា ក្នុង​ការ​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ដែល​មាន​សក្ដានុពល​ខ្ពស់ នា​ពេល​ខាង​មុខ​។ ភាគី​ទាំង​ពីរ បាន​សន្យា​ជំរុញ​ការ​ផ្លាស់​ប្តូរ ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត ព្រមទាំង​បន្ត​ការពិគ្រោះ​យោបល់ និង​កិច្ច​សន្ទនា ទៀងទាត់​រវាង​ប្រទេស​ទាំង​ពីរ ។

ជាមួយ​គ្នា​នោះ​ដែរ​ភាគី​ទាំង​ពីរ ចាត់​ទុក​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី ជា​យន្តការ​ចាំបាច់ លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ដែល​មាន​សក្តានុពល រវាង​ប្រទេស​ទាំង​ពីរ​។ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុ​ង​ដ៏ នា​ឆ្នាំ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ